ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ពិភាក្សា​បញ្ហា​ប្រឈម​នានា​ជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង

ដោយ៖ សន បទុម ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ពិភាក្សា​បញ្ហា​ប្រឈម​នានា​ជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ពិភាក្សា​បញ្ហា​ប្រឈម​នានា​ជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង

នៅថ្ងៃទី២១ និងទី២២ ខែមីនា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែង រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិលដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងពីរនេះ។

ឯកឧត្តម​ កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ហែម ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងរបស់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះខេត្ត ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងពីរនេះ។

វេទិកាសន្ទនានេះបានផ្តល់នូវឱកាសស្និទ្ធស្នាលឱ្យអង្គការ សមាគម សហជីព និងសហគមន៍ បានជួបជុំជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៏ដូចជាសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផល បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ បញ្ហាប្រឈមនិងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលពាក់ព័ន្ធការងារក្នុងកម្រិតជំនាញ និងដែលទាមទារឱ្យមានការសិក្សាបន្ថែម ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកដំណោះស្រាយ។

ឯកឧត្តម​ កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ជូនអង្គវេទិកាទាំងមូលអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ហើយក៏បានលើកឡើងផងដែរអំពីការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ វ.ស.ស. គឺជាអ្នកសម្របសម្រួល និងចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើន។ ទន្ទឹមនឹងនេះ វ.ស.ស. មានទិសដៅចូលរួមជំរុញការអភិវឌ្ឍប្រទេស តាមរយៈការលើកស្ទួយតួនាទីរបស់អង្គការសង្គមស៊ីវិល និងចូលរួមគាំទ្រដល់ការអនុវត្តគម្រោងជាក់ស្តែងរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។

អង្គការសង្គមស៊ីវិលត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា លើកិច្ចការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព៕

អត្ថបទទាក់ទង