ជំងឺប៉េស្តជ្រូកអាហ្វ្រិកពុំអាចឆ្លងដល់មនុស្សនោះទេ
នេះជាការលើកឡើងរបស់ប្រធាននាយកដ្ឋានុខភាពសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានអះអាងថាជំងឺប៉េស្តជ្រូកអាហ្វ្រិកពុំអាចឆ្លងដល់មនុស្សនោះទេបើទោះបីជាវាឆ្លងរាលដាលសម្លាប់សត្វជ្រូកជាច្រើនក៏ដោយ។ លោកបានលើកឡើងបែបនេះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងសន្និសីទសារ ព័ត៌មានស្តីពី «បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក» ដោយមានការចូលរួមពីមន្រ្ដីជំនាញជាច្រើនរូបទៀតផង ដែលសន្និសីទនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ដោយឡែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបា លកម្ពុជា ក៏ឲ្យដឹងថា ច្បាប់កម្ពុជាមិនមានកំណត់ ពីការផ្ដល់សំណងជូនអ្នករងផលប៉ះពាល់ ដោយជំងឺប៉េស្ដជ្រូកអាហ្រ្វិកនោះទេ ដោយលោកអះអាងថា ប្រទេសកម្ពុជាជាប្រទេសដែលគោរព ដំណើរការទីផ្សារសេរី ហើយសម្រាប់ការចិញ្ចឹមជាគ្រួសារ ជាការទទួលខុសត្រូវបែបគ្រួសារ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ដលើកទឹកចិត្ត ឲ្យអ្នកចិញ្ចឹមជ្រូកជាគ្រួសារ ដោយជំរុញឲ្យធ្វើការឲ្យបានជិតស្និតជាមួយមន្រ្ដីជំនាញកសិកម្ម ដើម្បីការពារប្រយោជន៍របស់អ្នកចិញ្ចឹមជ្រូក។
លោក ក៏បានស្នើសូមដល់មន្រ្ដីកសិកម្ម ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះទៅជួបផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋ អ្នកចិញ្ចឹមជ្រូកផងដែរ ដើម្បីឲ្យពួកគាត់បានយល់ជ្រួតជ្រាប អំពីការចិញ្ចឹមឲ្យស្របតាមក្បូនខ្នាត។
សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរាលដាលដល់ខេត្តចំនួន៤ហើយ គឺខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។ សត្វជ្រូកជាច្រើនរយក្បាលត្រូវបានសម្លាប់ចោលដើម្បីការពារការរីករាលដាលនៃជំងឺនេះទៅតំបន់ផ្សេងៗទៀត។ ក្រសួងកសិកម្មបានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងទៅមនុស្សទេ ប៉ុន្តែជំងឺនេះបានធ្វើឲ្យជ្រូកងាប់ ដែលប៉ះពាល់ដល់ការខាតបង់របស់អ្នកចិញ្ចឹមជ្រូក៕