ក្រសួងបរិស្ថានបើកកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧លើ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា»
នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧ លើ«សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងអន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា វេទិកានេះរៀបចំឡើងគឺដើម្បីជំរុញឱ្យមានការពិគ្រោះយោបល់ជាសាធារណៈបន្ថែមទៀត លើសេចក្តីព្រាងក្រមបរិស្ថាន ក៏ដូចជាការប្រមូលនូវធាតុចូលថ្មីៗថែមទៀត សំដៅធ្វើការកែលម្អ សេចក្តីព្រាង ក្រមឱ្យកាន់តែមានសង្គតិភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពក្នុងការអនុវត្ត។
ឯកឧត្តម ឃុត ចាន់ដារ៉ា បានឱ្យដឹងដែរថា វេទិការនេះគឺជាការផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃដំណើរការតាក់តែងសេចក្តីព្រាងក្រមបរិស្ថាន ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងស្ថាប័ន និងមន្ទីរជំនាញ ដើម្បីត្រៀមចូលរួម អនុវត្តន៍លិខិតបទដ្ឋានគតិយុត្តថ្មីនេះឱ្យមានប្រសិទ្ធភាព។ ។ ឯកឧត្តមបន្តថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺជាលិខិតបទដ្ឋានគតិយុត្តមានលក្ខណៈពហុវិស័យ ដែលទាមទារ ឱ្យមានការចូលរួមនៅក្នុងគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានា និងពង្រឹងក្នុងការធ្វើអោយ ប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន អភិរក្ស ការគ្រប់គ្រង និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌជាតិ និងការរស់នៅដោយចីរភាព។
សូមបញ្ជាក់ថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ក្នុងកិច្ចការពិភាក្សាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតដល់សហគមន៍មូលដ្ឋានផងដែរ១១លើករួចមកហើយ។ សេចក្តីព្រាងក្រមនេះក៏បានដាក់បញ្ជូកនូវគោលការណ៍ច្បាប់និងបរិស្ថាននានា ដែលផ្តល់ឱកាសឱ្យបុគ្គលគ្រប់រូប អាចចូលរួមជាសាធារណៈនូវការបញ្ចេញមតិយោបល់របស់ខ្លួនទាក់ទងនឹងផលប៉ះពាល់បរិស្ថាន ដែលកំពុងជួបប្រទះ ដើម្បីធានាការដោះស្រាយការដោះស្រាយ ប្រកបដោយតម្លាភាពនិងគណនេយ្យភាព ជាពិសេសនៅក្នុងការអនុវត្តការងារវិស័យបរិស្ថាន៕