លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីយុទ្ធសាស្រ្តអភិវឌ្ឍជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការបន្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ «ចុងខ្សែពីរចំណងមួយ» ដែលទី១ គឺការរក្សាសុខសន្តិភាព និងទី២ គឺការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកបានថ្លែងដូចនេះ នៅម៉ោងជាង១០យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រមាណជាង១០០០នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កត្តាសន្តិភាពពិតជាមានភាពចាំបាច់ណាស់ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យជាក់ស្តែងគឺវិស័យទេសចរណ៍មួយគឺកម្ពុជាអាចស្រូបយកទេសចរក្នុងចំនួនយ៉ាងច្រើននាំមកនូវចំណូលជូនជាតិនិងប្រជាជន។ លោកបានបន្តថា កត្តាថែរក្សាម៉ាក្រូសេដ្ឋកិច្ច ក៏មានសារៈសំខាន់ផងដែរ ដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យកំណើនសេដ្ឋកិច្ចបន្តកើនឡើងនៅក្នុងកម្រិតមួយសមស្រប និងមានអតិផរណាទាប៕