កម្ពុជា-កូរ៉េ បើកកិច្ចប្រជុំពិភាក្សាការងារលើគម្រោងជំនួយវិស័យធនធានទឹក
នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយលោក Oh Nak-Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការគម្រោងជំនួយលើវិស័យធនធានទឹក។
នៅក្នុងមតិស្វាគមន៍ លោករដ្ឋមន្រ្តី តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកជួយជ្រោមជ្រែង ដល់ដំណើរការអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងជាពិសេសលើវិស័យធនធានទឹកដែលបច្ចុប្បន្ននៅតែជាអាទិភាពមួយសំខាន់ ដើម្បីដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការជម្រុញកំណើនលូតលាស់សេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារជាអាទិភាពនាពេលបច្ចុប្បន្ន និងចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញនូវសេចក្តីរីករាយដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក ដែលក្រសួងសម្រេចបានក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចឲ្យបានកាន់តែប្រសើរថែមទៀត។ លោក បានជម្រាបជូនលោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយរបស់សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខទៀត។
ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតកូរ៉េ បានផ្តោតលើវឌ្ឍនភាពការងារនៃគម្រោងលើវិស័យធនធានទឹក ដែលបានអនុវត្តក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋកូរ៉េ និងតម្រូវការលើគម្រោងបន្តចំពោះមុខ ដោយក្នុងនោះ សាធារណរដ្ឋកូរ៉េ នឹងបន្តរួមចំណែកជួយលើគម្រោងការគ្រប់គ្រងធនធានទឹកនៅតំបន់ដីសណ្តរទន្លេមេគង្គ ការធ្វើទំនើបកម្មប្រព័ន្ធតាមដានស្វ័យប្រវត្តិផ្នែកឧតុនិយម និងការគ្រប់គ្រងទិន្នន័យធនធានទឹកជាបន្ថែមទៀត។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រ និងជួយពីសាធារណរដ្ឋកូរ៉េ ដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក នៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។ ទិសដៅបន្ត ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។
សូមជម្រាបថា ពាក់ព័ន្ធនឹងវិស័យធនធានទឹក រហូតមកដល់ពេលនេះ សាធារណរដ្ឋកូរ៉េ បាននិងកំពុងជួយដល់កម្ពុជាលើគម្រោង៖ ទី១) គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង ទី២) គម្រោងទំនប់ពហុបំណងដូនទ្រី ស្ទឹងមោងឬស្សី ខេត្តបាត់ដំបង និងទី៣) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ខេត្តបន្ទាយមានជ័យ៕