ខ្មែរប៉ុស្ដិ៍ Close

    អ្នកស្លាប់ចំនួន២៨នាក់ ក្នុងមួយនាក់ទទួលបានថវិកាឧបត្ថម្ភចំនួនជិត៨ម៉ឺនដុល្លារអាមេរិក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 956
    អ្នកស្លាប់ចំនួន២៨នាក់ ក្នុងមួយនាក់ទទួលបានថវិកាឧបត្ថម្ភចំនួនជិត៨ម៉ឺនដុល្លារអាមេរិកអ្នកស្លាប់ចំនួន២៨នាក់ ក្នុងមួយនាក់ទទួលបានថវិកាឧបត្ថម្ភចំនួនជិត៨ម៉ឺនដុល្លារអាមេរិក

    តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការៈនិងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ថ្ងៃទី២៥ ខែមិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លាចំនួន 2,198,400 ដុល្លារអាមេរិក។ ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ាណជិត៦០ម៉ោងដែលនៅរស់រានមានជីវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ ដែលសរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរបន្តថា ថវិកានៅសល់1,898,400 ដុល្លារត្រូវបែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន 67,800ដុល្លារនេះមិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។ លោកសេង ទៀង នាយករងខុទ្ទកាល័យរបស់លោកនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។
    ជាថ្មីម្តងទៀត លោកសូមអរគុណនិងកោតសរសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។

    នៅចុងបញ្ចប់នៃខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ពាក្យមួយឃ្លាប្រកបដោយអត្ថន័យថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕

    អត្ថបទទាក់ទង