ខ្មែរប៉ុស្ដិ៍ Close

    អគ្គនាយកដ្ឋានកាំកុងត្រូល ប្រកាសរាំងខ្ទប់ និងចុះប្រមូលផលិតផលត្រី Tuna ក្រោយក្រុមហ៊ុនបារាំងរកឃើញ មានបំណែកដុំដែកក្នុងផលិតផលនេះ

    ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1088
    អគ្គនាយកដ្ឋានកាំកុងត្រូល ប្រកាសរាំងខ្ទប់ និងចុះប្រមូលផលិតផលត្រី Tuna ក្រោយក្រុមហ៊ុនបារាំងរកឃើញ មានបំណែកដុំដែកក្នុងផលិតផលនេះសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល

    អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានប្រកាសជាសាធារណៈទៅដល់សាធារណជន ពាណិជ្ជករនាំចូល និងអាជីវករលក់ដុំ លក់រាយ នៅទូទាំងប្រទេសអំពីវិធានការណ៍រាំងខ្ទប់ និងចុះដើរប្រមូលយកត្រឡប់មកវិញនៅផលិតផលត្រី Tuna កែវមានគំរប ដោយសារតែថ្មីនេះ ក្រុមហ៊ុនរបស់ប្រទេសបារាំង បានរកឃើញថា នៅក្នុងផលិតផលម្ហូបអាហារមួយនេះ មានវត្តមានបំណែកដុំដែក ដែលធ្វើឱ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកបរិភោគ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបាននៅមុននេះបន្ដិច នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

    ក្នុងសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញថា ក្រុមហ៊ុន Conserverie Chancerelle បានប្រមូលផលិតផលត្រី Tuna កែវមានគំរប ពីទីផ្សារប្រទេសបារាំង ក្រោយពីក្រុមហ៊ុនមួយនេះ បានរកឃើញវត្តមានដុំដែកនៅក្នុងផលិតផលនេះ។ វត្តមាននៃបំណែកដុំដែក អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា បង្ករបួស មាត់ បំពុងក ឬពោះវៀនជាដើម។

    តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការ រួមមាន រាំងខ្ទប់មិនឱ្យនាំចូលផលិតផលនេះ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល, អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរលើទីផ្សារ និងត្រួតពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល ព្រមទាំងមានចំណាត់ការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់នៃផលិតផលមួយនេះ។

    ជាមួយគ្នានេះ អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណខាងលើនេះ និងផ្ដល់ព័ត៌មានដល់មន្ដ្រីមានសមត្ថកិច្ច បើសិនជាបងប្អូនប្រជាពលរដ្ឋប្រទះឃើញនូវផលិតផលទាំងនេះ។
    បន្ថែមលើនេះ អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានប្រកាសខ្សែលេខទូរស័ព្ទ នៅតាមសាខាកាំកុងត្រូលទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មានជូន៕

    សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ខាងក្រោមនេះ៖

     

    អត្ថបទទាក់ទង