ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ផុតអាណត្តិប្រចាំកម្ពុជា គូសបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងខ្លាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ផុតអាណត្តិប្រចាំកម្ពុជា គូសបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងខ្លាំង ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ផុតអាណត្តិប្រចាំកម្ពុជា គូសបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងខ្លាំង

នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួប លោក Ingo Karsten អគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានចប់អណត្តិបេសកកម្មការងារនៅកម្ពុជា។ នៅក្នុងជំនួបនោះ លោក Ingo Karsten បានគោរពជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកពេញចិត្តខ្លាំងបំផុតចំពោះបេសកកម្មការទូតនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកមានការនឹករឭកប្រទេសកម្ពុជាយ៉ាងខ្លាំង ហើយសង្ឃឹមថា ថ្ងៃណាមួយលោកនឹងមកលេងប្រទេសកម្ពុជាសារជាថ្មីមិនខាន។

លោក Ingo Karsten បានសង្កេតឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ។ លោក បានសំដែងនូវការរីករាយដែលបានឃើញ ការអភិវឌ្ឍនេះកាន់តែរឹងមាំ ហើយ លោកក៏មានមោទនភាពក្នុងនាមជាអគ្គរដ្ឋទូតដែលបានចូលរួមចំណែកធ្វើការជាមួយកម្ពុជាជាដៃគូដ៏ល្អក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានោះដែរលោក Ingo Karsten បានបញ្ជាក់ជូនថា កំណែទម្រង់វិនិយោគនិងពាណិជ្ជកម្មកន្លងទៅថ្មីៗដែលបានកាត់ចេញនូវការបង់ថ្លៃមួយចំនួន គឺបានទាក់ទាញ និងធ្វើអោយអ្នកវិនិយោគអាល្លឺម៉ង់ជាច្រើនមានការពេញចិត្តក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់ លោក Ingo Karsten ដែលបានបំពេញបេសកកម្មការទូតដ៏មានសារៈសំខាន់នៅកម្ពុជា។ លោក ក៏បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមិនជ្រៀតចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនីមួយៗ។ លោក បានបញ្ជាក់ផងដែរថា កត្តាសំខាន់បំផុតដែលបានជំរុញដល់ល្បឿននៃការអភិវឌ្ឍប្រទេសជាតិគឺដោយសារសន្តិភាព និងស្ថិរភាពនយោបាយ។

ទន្ទឹមនឹងនោះគឺលោក បានកំណត់យុទ្ធសាស្ត្រ២សំខាន់បន្ថែមគឺ ទី១ កែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ និងទី២ កែប្រែតំបន់ព្រំដែនឲ្យទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាពអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងអស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ដែលតែងតែជួយដល់កម្ពុជាកន្លងមក ដូចជាការជួយលើវិស័យដោះមីនតាមរយៈអង្គការHalo Trust ដែលជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាពលរដ្ឋ និងបានជួយស្តារនូវដីធ្លីជាច្រើនដើម្បីពលរដ្ឋមានឱកាសបានបង្កបង្កើនផលដំណាំកសិកម្មគ្រប់ប្រភេទ និងអភិវឌ្ឍនលំនៅដ្ឋានបានរីកចម្រើននៅតាមបណ្តាខេត្តនានា។

ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលអាល្លឺម៉ង់បានចូលរួមជួយពង្រឹងដល់លទ្ធិប្រជាធិបតេយ្យ ជំរុញដល់ការអភិវឌ្ឍជនបទ រួមទាំងវិស័យអប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ដែលនេះបានបង្ហាញអោយឃើញពីសណ្តានចិត្ត និងជាមិត្តល្អ និងជាដៃគូដ៏ល្អរបស់របស់កម្ពុជា។

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរដល់ លោក Ingo Karsten និងផ្ញើសេចក្តីនឹករឮកនិងសួរសុខទុក្ខដល់ លោកស្រីអធិការបតីអាល្លឺម៉ង់ (Angela Merkel, Chancellor of Germany) ហើយក៏បានស្នើសុំឲ្យភាគីអាល្លឺម៉ង់បន្តជួយដល់កម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន ដូចជាតាមរយៈមជ្ឈមណ្ឌលដោះមីនអាស៊ានដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា៕