ខ្មែរប៉ុស្ដិ៍ Close

    ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ព្រិលក្រាស់សង្កត់ពីលើស្រល់ តែស្រល់នៅតែឈរត្រង់យ៉ាងរឹងមាំ

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1060
    ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ព្រិលក្រាស់សង្កត់ពីលើស្រល់ តែស្រល់នៅតែឈរត្រង់យ៉ាងរឹងមាំឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ព្រិលក្រាស់សង្កត់ពីលើស្រល់ តែស្រល់នៅតែឈរត្រង់យ៉ាងរឹងមាំ

    ក្នុងពេលថ្មីៗនេះមិត្តកម្ពុជានិងស្ថាប័នសារព័ត៌មានជាច្រើនមានការយកចិត្តទុកដាក់ខ្ពស់លើជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកដោយព្រួយបារម្ភថាប្រទេសមហាអំណាចទាំងពីរនឹងមិនអត់អោនឲ្យគ្នាហើយទុកឲ្យភ្លើងនៃសង្រ្គាមនេះកាន់តែរីកឆេះធំឡើងៗនិងកាន់តែធ្ងន់ធ្ងរជាងមុនដែលអាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមានដល់កំណើនសេដ្ឋកិច្ចពិភពលោកនិងរបៀបរៀបរយនៃពាណិជ្ជកម្មអន្តរជាតិពិសេសអាចនាំឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់របស់ប្រទេសនានាបូករួមទាំងកម្ពុជាផងដែរ។ធាតុពិតនៃសង្រ្គាមពាណិជ្ជកម្មចិននិងអាមេរិកមានសភាពបែបណា?

    ចិននិងអាមេរិកនឹងដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្មទ្វេភាគីយ៉ាងដូចម្ដេច? ប្រទេសកម្ពុជាអាចនឹងទទួលរងឥទ្ធិពលពីទំនាស់ពាណិជ្ជកម្មចិននិងអាមេរិកដែរឬទេ?

    ខ្ញុំរីករាយនឹងបញ្ជាក់ជូននូវចំនុចមួយចំនួនដូចខាងក្រោម

    ១៖សហរដ្ឋអាមេរិកគឺជាដើមចមនៃជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក។ការពិតតែងជម្នះលើសង្រ្គាមពាក្យសម្ដីនានាជាពិសេសសម្ដីដែលមិនមានមូលដ្ឋានត្រឹមត្រូវ។ចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៨រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កជម្លោះពាណិជ្ជកម្មជាមួយចិនជាលក្ខណៈឯកត្តោភាគីប្រទេសចិនមិនមានវិធីផ្សេងឡើយក្រៅពីចាត់ឲ្យមានវិធានការក្នុងការឆ្លើយតបទៅវិញដើម្បីការពារកិត្តិយសជាតិនិងអត្ថប្រយោជន៍ជូនប្រជាជនខ្លួន។ស្របពេលជាមួយគ្នានោះប្រទេសចិនតែងរក្សាគោលជំហដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយបានរៀបចំឲ្យមានកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិកដល់ទៅ១១លើកកិច្ចចរចាទ្វេភាគីធ្លាប់ទទួលបានការវិវឌ្ឍន៍ធំមានចំនួន៣លើកដែលសម្រេចបានកុងសង់ស៊ីសសំខាន់រួមគ្នាប៉ុន្តែជារៀងរាល់លើកនៅពេលដែលទឹកប៊ិចនៃខ្លឹមសារកុងសង់ស៊ីសមិនទាន់ទាំងស្ងួតផងភាគីអាមេរិកស្រាប់តែប្រែក្រឡាស់លោភលន់ហួសហេតុបន្តលើកឡើងពីសំណូមពរដែលមិនសមហេតុផលឥតប្រមាណ។

    ប្រទេសចិនមានពាក្យស្លោកមួយពោលថា«រឿងអ្វីមួយមិនគួរប្រព្រឹត្តលើសពីបីដងទេ» ទម្លាប់អាក្រក់គ្មានភាពសច្ចៈនិងល្បិចកលដដែលៗរបស់អាមេរិកបានរំលេចចេញយ៉ាងជាក់ច្បាស់។នេះជាភស្ដុតាងច្បាស់ក្រឡែត! អាមេរិកគឺជាអ្នកញុះញង់បង្កឲ្យមានជម្លោះពាណិជ្ជកម្មចិននិងអាមេរិកយ៉ាងពិតប្រាកដជា«បុគ្គលក្បត់ពាក្យសន្យា» «បុគ្គលមានជំហរាថយ» ពិតប្រាកដ, ទំនួលខុសត្រូវចំពោះឧបសគ្គយ៉ាងធ្ងន់ធ្ងរក្នុងជំនួបកិច្ចចរចាពាណិជ្ជកម្មចិននិងអាមេរិកស្ថិតនៅលើអាមេរិកទាំងស្រុង។

    ២៖សហរដ្ឋអាមេរិកបានក្លាយជា«បុគ្គលបង្កភាពស្មុគស្មាញ» ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកនិងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិ។សាកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជាលំនាំសម័យកាលមួយដែលមិនអាចរារាំងបាន, អភិរក្សនិយមគឺជាសត្រូវរួមរបស់សហគមន៍អន្តរជាតិ។ការដែលសហរដ្ឋអាមេរិកជ្រើសរើសសកម្មភាពបំពានដោយអំណាចលើផ្នែកពាណិជ្ជកម្មចំពោះប្រទេសនានារួមទាំងប្រទេសចិននោះមិនត្រឹមគំរាមកំហែងដល់គុណប្រយោជន៍ចិននិងអាមេរិកផ្ទាល់ទេថែមទាំងបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនិងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិទៀតផង។

    ទីមួយគឺជាការប៉ះពាល់ដល់តួនាទីនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។សហរដ្ឋអាមេរិកយោងតាមច្បាប់ក្នុងប្រទេសខ្លួនបើកការស៊ើបអង្កេតលក្ខណៈឯកត្តោភាគីចំពោះប្រទេសដទៃនិងចាត់វិធានការតំឡើងពន្ធគយលើពួកគេនេះបំពានយ៉ាងធ្ងន់ធ្ងរចំពោះលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗនៃអង្គការពាណិជ្ជកម្មពិភពលោកនាំឲ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងរបៀបរៀបរយពាណិជ្ជកម្មអន្តរជាតិប្រឈមនឹងការគំរាមកំហែងខ្លាំង។

    ទីពីរគឺជាការប៉ះពាល់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។សហរដ្ឋអាមេរិកបន្តបន្ថែមកម្រិតជម្លោះពាណិជ្ជកម្មនិងតំឡើងពន្ធគយថ្មីរុញច្រានឲ្យប្រទេសពាក់ព័ន្ធមិនមានវិធីផ្សេងឡើយក្រៅពីចាត់វិធានការទប់ទល់បកវិញធ្វើឲ្យរបៀបរៀបរយពាណិជ្ជកម្មពិភពលោកមានភាពរញ៉រញ៉ៃរាំងស្ទះដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកបង្កឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុង«អន្ទាក់នៃការដើរថយក្រោយ»

    ទីបីគឺជាការប៉ះពាល់ដល់លំនឹងនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ចិននិងអាមេរិកគឺជាតំណភ្ជាប់សំខាន់នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ផលិតផលសម្រេចដែលនាំចេញពីចិនទៅកាន់ទីផ្សាសហរដ្ឋអាមេរិករួមមានផលិតផលពាក់កណ្ដាលសម្រេចនិងគ្រឿងបន្លាស់ដែលនាំចូលមកពីប្រទេសដទៃជាច្រើន។ការដែលសហរដ្ឋអាមេរិកតំឡើងពន្ធនាំចូលចំពោះផលិតផលចិននាំឲ្យសហគ្រាសឆ្លងប្រទេសជាច្រើនរួមទាំងសហគ្រាសអាមេរិកផ្ទាល់ដែលមានកិច្ចសហការជាមួយសហគ្រាសចិនទទួលរងគ្រោះព្រមទាំងជះឥទ្ធិពលដល់សន្ដិសុខនិងលំនឹងនៃខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលទៀតផង។

    ៣៖ប្រទេសចិនប្រកាន់គោលការណ៍«ស្មើភាពផ្ដល់ប្រយោជន៍ទៅវិញទៅមកនិងសច្ចៈភាព» ជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មចិននិងអាមេរិក។តើត្រូវដោះស្រាយវិវាទពាណិជ្ជកម្មចិននិងអាមេរិកដោយវិធីណា? ឥរិយាបថរបស់ចិនមានភាពច្បាស់លាស់និងមិនងាករេទេនោះគឺការធ្វើឲ្យបាននូវ«ចំនុចដាច់ខាតពីរ»

    ទីមួយគឺដាច់ខាតត្រូវតែគោរពគ្នាទៅវិញទៅមកនិងទទួលផលប្រយោជន៍ស្មើភាពគោរពរបបសង្គមប្រព័ន្ធសេដ្ឋកិច្ចមាគ៌ាអភិវឌ្ឍន៍និងសិទ្ធិរបស់ភាគីសងខាង, គោរពអត្ថប្រយោជន៍ស្នូលនិងបញ្ហាសំខាន់របស់ភាគីជាដៃគូដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយដែលដាច់ខាតផ្ដល់ប្រយោជន៍ទៅវិញទៅមកនិងទទួលជោគជ័យរួមហើយមិនអាចយកសិទ្ធិអភិវឌ្ឍន៍របស់ភាគីម្ខាងជាតម្លៃលះបង់រឹតតែមិនអាចបង្កផលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសណាមួយបានឡើយ។

    ទីពីរគឺដាច់ខាតត្រូវតែដើរសំដៅទៅរកគោលដៅរួមគ្នាដោយមានសច្ចៈភាពជាគោលភាគីទាំងពីរត្រូវយោគយល់គ្នាទៅវិញទៅមកនិងខិតខំប្រឹងប្រែងរួមគ្នាដោយប្រកាន់យកសច្ចៈភាពជាគោលហើយត្រូវគោរពពាក្យសន្យារបស់ខ្លួន។កាលណាសម្រេចបានជាកិច្ចព្រមព្រៀងមួយត្រូវអនុវត្តដោយយកចិត្តទុកដាក់ពិតប្រាកដនិងគ្រប់ជ្រុងជ្រោយមិនត្រូវផ្លាស់ប្ដូរគោលជំហនិងក្រឡាស់សម្ដីឥតឈប់ឈរនោះទេ។ចិននៅតែបន្តជឿជាក់ថាសង្រ្គាមពាណិជ្ជកម្មគ្មានអ្នកជោគជ័យទេកិច្ចចរចាទើបជាមាគ៌ាត្រឹមត្រូវមួយ។

    ចិននៅតែបន្តយល់ឃើញថាកាលណាចិននិងអាមេរិកសាមគ្គីគ្នាប្រទេសទាំងពីរនឹងទទួលបានផលប្រយោជន៍ទៅវិញទៅមកតែប្រសិនបើប្រឆាំងគ្នានោះនឹងនាំមកតែភាពវិនាសប៉ុណ្ណោះកិច្ចសហប្រតិបត្តិការទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ភាគីទាំងពីរ។ប៉ុន្តែកិច្ចសហប្រតិបត្តិការត្រូវមានគោលការណ៍កិច្ចចរចាត្រូវមានបន្ទាត់អប្បបរមា, ចំពោះបញ្ហាដែលប៉ះពាល់នឹងគោលការណ៍ចម្បងចិននឹងមិនចុះញ៉មជាដាច់ខាត។លោកសេនាប្រមុខChen Yi របស់ចិនធ្លាប់បានពោលថា«ព្រិលក្រាស់សង្កត់ពីលើស្រល់តែស្រល់នៅតែឈរត្រង់យ៉ាងរឹងមាំ»ប្រជាជនចិនធ្លាប់ឆ្លងកាត់បញ្ហាប្រឈមប្រកបដោយហានិភ័យច្រើនរាប់មិនអស់និងជម្នះបានឧបសគ្គរារាំងយ៉ាងច្រើនសន្ធឹកយើងនឹងមិនភ័យខ្លាចចំពោះការបន្លាចឬរលំដោយសារសម្ពាធឬដួលដោយការវាយប្រហារនោះទេ។

    ចំពោះសង្រ្គាមពាណិជ្ជកម្មដែលបង្កឡើងដោយចេតនារបស់សហរដ្ឋអាមេរិកចិននឹងមិនខ្លាចញញើតចំពោះសម្ពាធណាមួយឡើយទោះបីយើងមិនរីករាយក្នុងការវាយប្រហារតែយើងមិនខ្លាចក្នុងការវាយបកទៅវិញទេក្នុងដំណាក់កាលចាំបាច់យើងនឹងមិនមានវិធីផ្សេងឡើយក្រៅពីការវាយប្រហារតបវិញ។បើចង់ចរចាយើងបើកទ្វារស្វាគមន៍តែបើចង់វាយយើងនឹងកំដរដល់ទីបញ្ចប់។

    ៤៖ប្រទេសចិននឹងចាប់ដៃជាមួយកម្ពុជារួមជាមួយប្រទេសដទៃដើម្បីរួមគ្នាថែរក្សាពហុភាគីនិយមនិងរបៀបរៀបរយនៃពាណិជ្ជកម្មអន្តរជាតិ។សំបកក្រៅនៃជម្លោះពាណិជ្ជកម្មចិននិងអាមេរិកមើលទៅគឺជាបញ្ហាពាណិជ្ជកម្មតែតាមពិតនេះគឺជាការប្រកួតប្រជែងរវាងទស្សនៈពីរស្ដីពីពហុភាគីនិយមលក្ខណៈបើកចំហបស់ចិននិងគាំពារនិយមលក្ខណៈឯកត្តោរបស់សហរដ្ឋអាមេរិកនិងជាល្បែងប្រយុទ្ធរវាងគំរូនៃទំនាក់ទំនងអន្តរជាតិពីរប្រភេទស្ដីពីឯករាជ្យប្រឆាំងនឹងការបំពានដោយអំណាចរបស់ចិននិងសម្ពាធគាបសង្កត់ដោយអំណាចរបស់សហរដ្ឋអាមេរិក។ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះប្រទេសចិននិងកម្ពុជាមានកុងសង់ស៊ីសយ៉ាងទូលំទូលាយក្នុងទស្សនៈរក្សាការពារពហុភាគីនិយមជំរុញពាណិជ្ជកម្មសេរី។ល។

    ថ្មីៗនេះឯកឧត្តមហោណាំហុងឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, លោកផៃស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរួមជាមួយលោកឈាងវណ្ណារិទ្ធនាយកវិទ្យាស្ថានទស្សនវិស័យអាស៊ី, លោកម៉ីកល្យាណប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជានិងសាស្រ្ដាចារ្យជំនាញដទៃទៀតបានទទួលបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននិងឆ្លើយតបយ៉ាងសកម្មចំពោះទស្សនៈពាក់ព័ន្ធបញ្ហាសង្រ្គាមពាណិជ្ជកម្មចិននិងអាមេរិកដោយបញ្ជាក់យ៉ាងច្បាស់ថាសង្រ្គាមពាណិជ្ជកម្មដែលបង្កឡើងដោយសហរដ្ឋអាមេរិកគឺជាទង្វើបំផ្លាញអ្នកដទៃនិងមិននាំផលប្រយោជន៍ដល់ខ្លួនហើយជាសកម្មភាពមិនមានភាពទទួលខុសត្រូវនិងសូមកោតសរសើរជាខ្លាំងចំពោះភាពនឹងធឹងក្នុងការឆ្លើយតបនឹងជម្លោះពាណិជ្ជកម្មរបស់ចិនព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិងផ្ដួចផ្ដើម«ខ្សែក្រវាត់និងផ្លូវ» និងទស្សនៈសហគមន៍ជោគវាសនារួមរបស់ចិនដែលនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចអភិវឌ្ឍន៍តំបន់និងអន្តរជាតិ។

    ភាគីចិនមានការកោតសរសើរខ្ពស់ចំពោះមតិពាក់ព័ន្ធរបស់ឥស្សរជនប្រកបដោយចំណេះដឹងរបស់កម្ពុជាដូចជាឧបនាយករដ្ឋមន្ត្រីហោណាំហុងជាដើម។កាលពីថ្ងៃទី១១ខែមិថុនាខ្ញុំបានចូលរួមកម្មវិធីចុះហត្ថលេខារោងចក្រអគ្គិសនីអនុភាព៤០០មេហ្គាវ៉ាត់របស់កម្ពុជា។ម្ចាស់គម្រោងមួយនេះគឺរាជរដ្ឋាភិបាលកម្ពុជាហើយបរិក្ខាប្រើប្រាស់ត្រូវបានផលិតដោយប្រទេសអាល្លឺម៉ង់និងហ្វាំងឡង់រីឯវិស្វកម្មស៊ីវិលនិងការដំឡើងបរិក្ខារបស់គម្រោងត្រូវបានរ៉ាប់រងដោយក្រុមហ៊ុនចិន។គម្រោងមួយនេះបានសបញ្ជាក់ឲ្យឃើញពីស្មារតីនៃកិច្ចសហប្រតិបត្តិការពហុភាគីដែលនឹងផ្តល់ប្រយោជន៍ទៅវិញទៅមកនិងទទួលជោគជ័យរួមហើយបង្ហាញឲ្យឃើញពីគោលការណ៍«រួមពិភាក្សារួមកសាងនិងរួមទទួលផល» នៃគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់និងផ្លូវ» ផងដែរ។

    ភាគីចិនរីករាយនឹងសហការជាមួយភាគីកម្ពុជាធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសម្របសម្រួលពហុភាគីរួមគ្នាបន្តប្រកាន់ខ្ជាប់ពហុភាគីនិយមការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូលជំរុញកសាងទំនាក់ទំនងអន្តរជាតិថ្មីដែលគោរពគ្នាទៅវិញទៅមកយុត្តិធម៌ស្មើភាពនិងសហប្រតិបត្តិការជោគជ័យរួម។ភាគីចិននឹងបន្តបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការត្រីភាគីនិងពហុភាគីនៅកម្ពុជាស្របពេលនឹងបានផ្ដល់ប្រយោជន៍ទៅវិញទៅមកនិងសម្រេចជោគជ័យរួមហើយយើងនឹងបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាផងដែរ។

    ភាគីចិនរីករាយរួមគ្នាជាមួយភាគីកម្ពុជាខិតខំអនុវត្តផែនការសកម្មភាពសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាជំរុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជារីកចម្រើនលូតលាស់កាន់តែប្រសើរក្នុងយុគសម័យថ្មី។ខ្ញុំជឿជាក់ថាចិននិងកម្ពុជាបន្តរក្សាទំនុកចិត្តនយោបាយបានយ៉ាងល្អក្នុងរយៈពេលវែងនិងកម្ពុជាបន្តរក្សាការជឿជាក់គ្នាទៅវិញទៅមកប្រកបដោយមិត្តភាពល្អក្នុងកិច្ចការនយោបាយកិច្ចសហប្រតិបត្តិការគ្រប់វិស័យមានភាពស្អិតរមួតដែលនឹងជម្រុញឲ្យកាន់តែប្រសើរសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរហើយនឹងនាំមកនូវភាពសុខដុមរមនាជូនដល់ប្រជាជនទាំងពីរប្រទេស៕

    អត្ថបទសរសេរដោយ៖ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាWang Wentian  អំពីបញ្ហាជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក

    អត្ថបទទាក់ទង