ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ហុងគ្រី ឯកភាពគ្នាបើកស្ថានទូតជាថ្មីឡើងវិញ នៅឆ្នាំ២០២១ ដែលជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 820
    កម្ពុជា-ហុងគ្រី ឯកភាពគ្នាបើកស្ថានទូតជាថ្មីឡើងវិញ នៅឆ្នាំ២០២១ ដែលជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជា-ហុងគ្រី ឯកភាពគ្នាបើកស្ថានទូតជាថ្មីឡើងវិញ នៅឆ្នាំ២០២១ ដែលជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ

    ក្នុងជំនួបកំពូលរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ហុងគ្រី នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី បានឯកភាពគ្នា បើកស្ថានទូតជាថ្មីឡើងវិញ នៅឆ្នាំ២០២១ ដែលជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។

    មានប្រសាសន៍ក្នុងជំនួបកំពូលទ្វេភាគីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បើទោះបីជាកន្លងមកប្រទេសទាំងពីរធ្លាប់បើកស្ថានទូត ក្នុងប្រទេសផងខ្លួនក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរបានបិទស្ថានទូតរៀងៗខ្លួន តាមរយៈដំណើរទស្សនកិច្ចផ្លូវការ ទៅកានប្រទេសហុងគ្រីនៅពេលនេះ សម្តេចចង់ឃើញប្រទេសទាំងពីរ ធ្វើការបើកស្ថានទូតជាថ្មីឡើងវិញ ដើម្បីជួយគ្នាទៅវិញទៅមក ពិសេសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។

    ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរបានឯកភាពគ្នាដែរថា នៅក្នុងខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅឆ្នាំ២០២១ កម្ពុជានឹងបើកស្ថានទូតរបស់ខ្លួន នៅទីក្រុងប៊ុយដាប៉េស ក្នុងនោះហុងគ្រីក៏នឹងបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញដូចគ្នានោះដែរ។

    ព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥។

    នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះគឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់ ក្នុងប្រតិបត្តិការសន្តិភាពនៅកម្ពុជា។

    សូមជម្រាបជម្រាបថា នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើង នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) ព្រមទាំងវត្តមាន លោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលហុងគ្រីជាច្រើនរូប។

    នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​​ ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីហុងគ្រី អញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី។

    ក្នុងជំនួបដែលបានចំណាយពេលប្រមាណជិត២ម៉ោង ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែម ពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

    ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ នាយករដ្ឋមន្រ្តី ហុងគ្រី មានប្រសាសន៍ថា លោកសូមគោរពអរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលមុនៗ សម្តេចធ្លាប់អញ្ជើញមកកាន់ហុងគ្រីជាច្រើនលើកក្តី។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសហុងគ្រី ក្នុងឋានៈជានាយករដ្ឋមន្រ្តី បើទោះបីជាពេលកន្លងមកសម្តេចធ្លាប់ទៅបំពេញទស្សនកិច្ចផ្លូវការ និងបំពេញការងារចំនួន៨លើករួចមក នៅប្រទេសហុងគ្រី កាល ពីអតីតកាលក៏ពិតមែន៕

     

    អត្ថបទទាក់ទង