ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារដល់កុមារពិការ បុគ្គលិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារដល់ កុមារពិការ បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសចំនួន២២៥នាក់ នៃបុរីទារក និងកុមារជាតិ និងកុមារ-បុគ្គលិក ចំនួន ៥០នាក់ នៃអង្គការទន្សាយ (មានថ្នាក់រៀននៅក្នុងបុរីទារកនិងកុមារជាតិ) ដែលស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ពិសេស អ្នកស្ម័គ្រចិត្តបរទេសដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត ចូលរួមមើលថែទាំកុមារដោយក្តីអាណិតស្រឡាញ់ពិតៗ និងសូមបន្តយកចិត្តទុកដាក់ថែទាំក្មួយៗកុមារទាំងអស់នោះទៀត។

ជាមួយគ្នានេះ លោកស្រីប្រធាន បានផ្តាំផ្ញើដល់កុមារ-សិស្សដែលមានកាយសម្បទាល្អ ត្រូវកសាងអំពើល្អ ខិតខំរៀនសូត្រ ស្តាប់លោកគ្រូអ្នកគ្រូ និងមានសីលធម៌ល្អក្នុងការរស់នៅ។ ទន្ទឹមនឹងនេះ លោកស្រី និងគណៈប្រតិភូ បានអញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ ផ្តល់ក្តីអាណិត ស្រឡាញ់ មេត្តា ករុណា និងបញ្ចុកអាហារដ៏ឆ្ងាញ់ពិសាដល់កុមារទាំងអស់ដោយក្តីស្និទ្ធស្នាលជាទីបំផុត។

សូមបញ្ជាក់ថា អំណោយឧបត្ថម្ភដល់បុរីទារក និង កុមារជាតិ និងអង្កការទន្សាយរួមមាន៖ ថវិកា ១០,០០០,០០០រៀល អង្ករ ៣តោន មី ៥០កេស ត្រីខ ៨កេស ត្រីងៀត ១៥គីឡូក្រាម សាច់ក្រក ១៥គីឡូក្រាម ទឹកស៊ីអ៊ីវ ៣០ដប ទឹកត្រី ៣០ដប ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៣០កេស ផ្លែក្រូចឃ្វិច ៥កេស ផ្លែទំពាំងបាយជូរ ៥កេស ទឹកដោះគោម្សៅកូនក្មេង ៣០កេស (ស្មើ ១៨០កំប៉ុង) សាប៊ូកក់សក់និងសាប៊ូដុសខ្លួន ២០កេស និងរទេះជនពិការចំនួន ៤០គ្រឿង ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៣,៥០០ដុល្លារ ដើម្បីទិញម៉ូតូកង់បីទុកប្រើប្រាស់ ឧបត្ថម្ភដល់បុគ្គលិកចំនួន ៩០នាក់ ម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម ឃីត(មុង ភួយ សារុង ក្រមា) ១ឃីត និងថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភសិស្សកំពុងរៀនជំនាញវិជ្ជាជីវៈនៅក្នុងមណ្ឌលចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល និងឧបត្ថម្ភអ្នកស្ម័គ្រចិត្តបរទេសចំនួន ៤នាក់ នូវ ក្រមាកាកបាទក្រហម ១ និងថវិកា ១០ម៉ឺនរៀល។

គួររំលឹកថា នេះជាលើកទី ៤ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់បុរីទារក និងកុមារជាតិ គិតចាប់ពីឆ្នាំ២០១៦ រៀងមក៕

អត្ថបទទាក់ទង