ខ្មែរប៉ុស្ដិ៍ Close

រឿង EBA៖ ប្រមុខការទូតកម្ពុជានឹងជួបសន្ទនាជាមួយប្រតិភូអឺរ៉ុបដែលចុះមកស្វែងយល់អំពីស្ថានភាពពិតនៅកម្ពុជា នៅថ្ងៃ៦ ខែមិថុនា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
រឿង EBA៖ ប្រមុខការទូតកម្ពុជានឹងជួបសន្ទនាជាមួយប្រតិភូអឺរ៉ុបដែលចុះមកស្វែងយល់អំពីស្ថានភាពពិតនៅកម្ពុជា នៅថ្ងៃ៦ ខែមិថុនា រឿង EBA៖ ប្រមុខការទូតកម្ពុជានឹងជួបសន្ទនាជាមួយប្រតិភូអឺរ៉ុបដែលចុះមកស្វែងយល់អំពីស្ថានភាពពិតនៅកម្ពុជា នៅថ្ងៃ៦ ខែមិថុនា

គណៈប្រតិភូអឺរ៉ុប បានមកដល់កម្ពុជាជាថ្មីម្តងទៀត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងបេសកកម្មស្វែងយល់អំពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជាមុននឹងឈានដល់ការសម្រេចព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) នៅពេលខាងមុខ។ ទោះជាយ៉ាងនេះក្តី ព័ត៌មានអំពីបេសកកម្មស្វែងរកការពិតរបស់គណៈប្រតិភូអឺរ៉ុបមិនទាន់ត្រូវបានបើកទូលាយនៅឡើយទេ ខណៈដែលប្រតិភូនេះនឹងមានជំនួបជាមួយមន្រ្តីរាជរដ្ឋាភិបាល និងមន្រ្តីសង្គមស៊ីវិលមួយចំនួន។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រមុខការទូតកម្ពុជាជួបជាមួយគណៈប្រតិភូសហភាពអឺរ៉ុបដែលជាផ្នែកមួយនៃកិច្ចសន្ទនាគ្នារវាងភាគីទាំងពីរក្នុងនីតិវិធីដំណើរការនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA)។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើរកឃើញថាប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀង អនុគ្រោះ ពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប បានផ្តល់ឲ្យកម្ពុជា និងប្រទេសអភិវឌ្ឍតិចតួចផ្សេងទៀតនៅលើពិភពលោកនូវឱកាសនាំគ្រប់ផលិតផលទាំងអស់ (លើកលែងតែអាវុធ) ចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាព អឺរ៉ុបដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយគ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។ ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុតព្រោះនេះ បង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេចព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀតដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕

អត្ថបទ៖ Fresh News

អត្ថបទទាក់ទង