ខ្មែរប៉ុស្ដិ៍ Close

ជាប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ (កម្ពុជា-ចិន) បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីជាមួយគ្នា គឺឈាន ចូលដល់ដំណាក់កាលផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62

ក្នុងដំណើរដំណើរបេសកកម្ម ០៣ថ្ងៃ នៅខេត្ត Shanxi ប្រទេសចិន ទីក្រុងប៉ៃលិន ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាព ដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីនេះ បានធ្វើឡើងនៅរៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិនរវាងលោក ស៊ុន យី អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន និងលោក Dong Yibing អភិបាលក្រុង Lenfin ខេត្តShanxi ស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នេះជាការបោះជំហ៊ានទៅមុខរបស់រដ្ឋបាលក្រុងប៉ៃលិនក្នុងការចាប់ដៃចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទីក្រុងឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅស្អិតល្មួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក និងលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះផងដែរ លោក Dong Yibing អភិបាលក្រុង Lenfin បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុកមិត្តភាពកម្ពុជា.ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ លោកអភិបាលក្រុងបានបន្តថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដែលភាគីទាំងបានចុះហត្ថលេខា បានបកចេញជា៣ភាសាគឺខ្មែរ.ចិន.និងអង់គ្លេសមានដូចជា៖

១- ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។

២- សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់តំណាងរបស់ខ្លួនទៅវិញទៅមក។

៣- ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាគ្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២។

៤- ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕

អត្ថបទទាក់ទង