ទស្សនៈមិត្តអ្នកអាន៖ សម រង្ស៊ី ចូលស្រុក ទាល់តែយូរ…!
គម្រោងចូលស្រុករបស់លោក សម រង្ស៊ី ធ្វើឲ្យក្រុមបក្ខលោក ហ៊ុន សែន លស់ព្រលឹង។ ប៉ុន្តែបើគោលដៅនៃការចូលស្រុករបស់ក្រុមលោក សម រង្ស៊ី កំណត់យកឆ្នាំ២០១៩នេះ មិនចេញជាលទ្ធផលជាក់ស្ដែងវិញ គណបក្សប្រឆាំងក៏អាចលស់ព្រលឹងដែរ ព្រោះនៅក្នុងដៃលោក ហ៊ុន សែន មានគន្លឹះស្រោចស្រង់ស្ថានការណ៍អាសន្ននយោបាយរបស់គាត់មួយទៀត ក្រោយអស់ EBA (បើ EBA ត្រូវព្យួរមែន)។ ទាំងនេះជាការសរសេររៀបរាប់របស់លោក គឹម សុខ វិភាគតាមហ្វេសប៊ុក។
ការលើកឡើងរបស់លោក គឹម សុខ ផ្ទុយគ្នាស្រឡះទៅនឹងគំនិតរបស់លោក សម រង្ស៊ី និយាយជាមួយវិទ្យុបរទេសផ្សាយជាខេមរៈភាសាថា នឹងវិលចូលស្រុកវិញក្នុងករណីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ពោលប្រសិនបើ EBA ត្រូវបានកាត់ផ្តាច់មែន គេត្រូវធ្វើឡើងនៅអំឡុងពាក់កណ្តាលឆ្នាំ២០២០ ឯណោះ។ ដូច្នេះ វាច្បាស់ហើយថា លោក សម រង្ស៊ី នឹងមិនវិលចូលស្រុកនៅឆ្នាំ២០១៩នេះទេ។
កន្លងមក លោក សម រង្ស៊ី បានឲ្យមនុស្សជំនិតខ្លួនបំផុសថា នឹងចូលស្រុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក៏ព្រោះតែលោកមានចេតនាចង់ឲ្យអ្នកគាំទ្រចងចាំថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ខ្លួនបានចូលស្រុកវិញ បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការបំផុសពាក្យថាចូលស្រុកឲ្យអ្នកគាំទ្រដ៏តិចតួចខ្លួនទន្ទេញរត់មាត់នេះ គ្រាន់តែជាចេតនាចិញ្ចឹមចលនាប្រឆាំងក្នុងស្រុក និងកុំឲ្យគេភ្លេចរូបគាត់ប៉ុណ្ណោះ។
មែនទែនទៅ ទោះជាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏មិនប្រាកដថា លោក សម រង្ស៊ី ហ៊ានវិលចូលស្រុកវិញដែរ ដោយសារលក្ខខណ្ឌមានតែមួយគត់សម្រាប់រូបគាត់ នោះគឺគុក។ បច្ចុប្បន្ន លោក សម រង្ស៊ី មានអាយុ ៧០ឆ្នាំ ហើយគ្រោងចូលស្រុកនៅឆ្នាំ២០២០ ក្នុងករណីដែលអឺរ៉ុបដក EBA ពីកម្ពុជា នៅពេលនោះអាយុលោកបានឈានដល់ ៧១ឆ្នាំ។ ក្នុងវ័យជរាទៅហើយ តើលោក សម រង្ស៊ី ហ៊ានស្ម័គ្រចិត្តដើរចូលគុកដើម្បីប្តូរយកឈ្មោះថា វីរបុរសក្លាហាន ក្នុងចំណោមអ្នកគាំទ្រដ៏តិចតួចរបស់ខ្លួនដែរឬទេ?
ពិតណាស់ថា តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា នៅលើពិភពលោកនេះ គ្មានអ្នកនយោបាយរូបណាមួយសុខចិត្តមកជាប់គុកនៅពេលដែលខ្លួនឈានដល់វ័យចំណាស់ទៅហើយនោះទេ។ តើលោក សម រង្ស៊ី អាយុ ៧០ឆ្នាំទៅហើយហ៊ានយកជីវិតចុងក្រោយរបស់ខ្លួនមកប្រថុយជាប់គុកដែរឬទេ? ករណីលោក នែលសុន ម៉ាន់ដេឡា នៅប្រទេសអាហ្រ្វិកខាងត្បូង លោកស្រី អ៊ុងសាន ស៊ូជី នៅប្រទេសភូមា ជាប់គុកនៅវ័យក្មេង ចុះ លោក សម រង្ស៊ី ស្ថិតក្នុងវ័យចំណាស់ បើតស៊ូតាមបែបជាប់គុក តើអាចរំពឹងថា នឹងទទួលបានជោគជ័យទេ?
គួររំលឹកឲ្យដឹងដែរថា កាលពីចុងឆ្នាំ១៩៩០ លោក សម រង្ស៊ី ធ្លាប់ធ្វើកូដកម្មអត់អាហារ ប៉ុន្តែព្យួរសេរ៉ូមយកកម្លាំង ហើយពេលដែលគាត់ដឹងថាត្រូវអាជ្ញាធរចាប់ខ្លួនដើម្បីអនុវត្តទោសចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត គាត់តែងតែរត់ផាស់ក្រញ៉ាំមុនពេលដែលសមត្ថកិច្ចអនុវត្តនីតិវិធីទៅទៀត។ លោក សម រង្ស៊ី ជាមនុស្សថ្នមខ្លួន និងខ្លាចគុកខ្លាំងណាស់។ តើ គាត់ឯណានៅសុខៗហ៊ានមកជាប់គុកនោះ។ ដូចដែលគាត់ធ្លាប់ដៀមដាមឲ្យលោក កឹម សុខា ថាជាប់គុកឥតប្រយោជន៍អញ្ចឹង។
ក្នុងមួយឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ភាគច្រើនបំផុតគឺធ្វើតាមគំនិត និងការគូសវាសរបស់លោកស្រី ជូ ឡុង សូមួរ៉ា ប្រពន្ធរបស់គាត់ ឬអាចនិយាយបានថា លោក សម រង្ស៊ី ជាតេឡេ ចំណែកអ្នកកាន់ និងបញ្ជារតេឡេ គឺលោកស្រី ជូឡុង សូមួរ៉ា។ រឿងនេះក្រុមលោក សម រង្ស៊ី ពិតជាបានដឹងច្បាស់ថានរណាជាអ្នកមានអំណាចពិតប្រាកដក្នុងការសម្រេចចិត្តធំៗ រួមទាំងវាសនារបស់លោក សម រង្ស៊ី នោះគឺភរិយារបស់គាត់ ដែលជាអ្នកចាត់ចែងការងារក្នុងក្រុម និងក្រុមបក្ស។ លោកស្រី ជូឡុង សូមួរ៉ា ពិតជាមិនសុខចិត្តឲ្យ សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញទាំងដឹងថា ខ្នោះ និងគុកកំពុងរង់ចាំ សម រង្ស៊ី នោះទេ។ ច្បាស់ណាស់លោកស្រី ជូឡុង សូមួរ៉ា មិនអាចឈរមើលស្វាមីខ្លួនត្រូវសមត្ថកិច្ចវាយខ្នោះ និងដេកគុកនៅកម្ពុជាឡើយ គឺសុខចិត្តឲ្យដេកផ្ទះនៅស្រុកកំណើតទី២ របស់គាត់ឯស្រុកបារាំង ប្រសើរជាងមកជាប់គុកដ៏គ្មានប្រយោជន៍។
ទោះលោក សម រង្ស៊ី ប្រកាសថា ដាច់ខាតវិលចូលស្រុកវិញឲ្យទាល់តែបាននៅឆ្នាំ២០១៩ ហើយចុងក្រោយនេះប្រកាសថា ទាល់តែសហភាពអឺរ៉ុបដក EBA ពីកម្ពុជា តែទីបំផុតទៅលោក សម រង្ស៊ី ក៏នៅតែមិនហ៊ានវិលចូលស្រុកវិញដែរ ព្រោះថា EBA ដ្បិតសំខាន់សម្រាប់កម្ពុជា តែបើអត់ EBA ក៏រដ្ឋាភិបាលកម្ពុជា មិនឱ្យប្រទេសជាតិមានវិបត្តិឡើយ។ រដ្ឋាភិបាលកម្ពុជានៅតែរិះរកមធ្យោបាយដោះស្រាយបានជានិច្ច ដោយសារតែវិធានការនានាត្រូវបានលោក ហ៊ុន សែន ដាក់ចេញដើម្បីទប់ទល់នឹងការគំរាមកំហែងពីបរទេសរួចស្រេចទៅហើយ។
គួរដឹងថា នីតិវិធីដែលអាចឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធនាំចូលអឺរ៉ុប (អ្វីៗទាំងអស់លើកលែងតែអាវុធ) EBA ជាបណ្តោះអាសន្ន ត្រូវចែកចេញជា ៣ដំណាក់កាល រាប់ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។ ដំណាក់កាលទី១ មានរយៈពេល ៦ខែ គឺជាពេលវេលាសម្រាប់តាមដាន ប្រមូលព័ត៌មាន និងចរចាជាមួយភាគីរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទី២ មានរយៈ៦ខែ ដោយចែកចេញជាពីរផ្នែក គឺ ៣ខែ សម្រាប់សរសេររបាយការណ៍ និង ៣ខែទៀត សម្រាប់ស្តាប់ចម្លើយតបពីភាគីកម្ពុជា និងឈានទៅសម្រេចថា តើសហភាពអឺរ៉ុប ត្រូវព្យួរ ឬមិនត្រូវព្យួរ EBA។ ដំណាក់កាលចុងក្រោ
យ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ EBA គេត្រូវទុកពេល ៦ខែទៀត ទើបសេចក្តីសម្រេចនេះចូលជាធរមាន ពោលក្នុងករណីដែលអឺរ៉ុបត្រូវកាត់ផ្តាច់ EBA ពីកម្ពុជាមែន គឺត្រូវធ្វើឡើងនៅអំឡុងពាក់កណ្តាលឆ្នាំ២០២០។
យ៉ាងណាមិញ អ្នកវិភាគ គឹម សុខ អះអាងថា ប្រសិនបើអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែន ហើយមិនអាចធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ជួបគ្រោះមហន្តរាយ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចស្រោចស្រង់ស្ថានការណ៍ក្រោយអស់ EBA នោះបក្សប្រឆាំងទៅវិញទេ ជាអ្នកលស់ព្រលឹង។ ឧបមាថា EBA មិនត្រូវបានសហភាពអឺរ៉ុបកាត់ផ្តាច់ ឬត្រូវកាត់ផ្តាច់ពីកម្ពុជាក៏ដោយចុះ នៅពេលនោះក្រុមប្រឆាំង នឹងជួបគ្រោះអាសន្នធំបំផុត ដែលអាចនិយាយបានថា ឈានដល់ដំណាក់កាលរលត់រលាយ នោះក៏ដោយសារតែបរទេសដែលគាំទ្រក្រុមប្រឆាំង លែងមានលេសអីក្នុងការនិយាយជាមួយនឹងរដ្ឋាភិបាលកម្ពុជាទៀតហើយ។
យើងគួរចងចាំថា ការដាក់គំនាបរបស់បរទេសជុំវិញរឿង EBA នេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ។ កម្ពុជាធ្លាប់ទទួលរងនូវសម្ពាធ ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយជាច្រើនលើករួចមកហើយ។ លើកទី១ នៅក្នុងទសវត្យទី៨០។ លើកទី២ ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធកណ្តាលក្រុងភ្នំពេញនៅឆ្នាំ១៩៩៧។ លើកទី៣ ការជួបវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុពិភពលោកជាច្រើនលើក ដូចជានៅឆ្នាំ១៩៩៧, ឆ្នាំ២០០៧ ជាដើម។ ដូច្នេះវាគ្មានអ្វីថ្មីសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទប់ទល់ និងដោះស្រាយរាល់បញ្ហា។
សរុបមកវិញ វត្តមានរបស់ សម រង្ស៊ី នឹងមិនមាននៅកម្ពុជាទេ ហើយប្រសិនបើលោក សម រង្ស៊ី ចូលមកក៏កងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល បានត្រៀមរួចហើយក្នុងការអនុវត្តច្បាប់។ ពិសេសបើសង្កេតមើលពីការយល់ឃើញរបស់ប្រជាពលរដ្ឋខ្មែរវិញ ក៏មិនចាប់អារម្មណ៍លើការឃោសនារបស់ក្រុមប្រឆាំងដែរ ដោយសារតែពួកគាត់យល់ថា បើសិនជាលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញនោះ ស្ថានការណ៍ស្រុកទេសនឹងបន្តវឹកវរ រំពើករំពើងបន្តទៀតមិនខានឡើយ ៕
ដោយ៖ សេង កំពូល