ខ្មែរប៉ុស្ដិ៍ Close

ពិធីជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ជាអតីតមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានរៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខនិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ជាអតីតមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន គណៈប្រតិភូនៃអគ្គស្នងការនគរបាលជាតិ លោកតំណាងរាស្ត្រខេត្តព្រៃវែង លោកស្នងការ ស្នងការរង នាយការិយាល័យ អធិការ លោកនាយប៉ុស្ត៍រដ្ឋបាលទូទាំងខេត្ត និងនិវត្តន៍ជន ជនពិការនិងជនបាត់បងសមត្ថភាពការងារ នៃស្នងការនគរបាលខេត្តស្វាយរៀងសរុបវត្តមានចំនួន ៨៩៣នាក់។

បន្ទាប់ពីការអានរបាយការណ៍សង្ខេបរបស់លលោកឧត្តមសេនីទោស្នងការនគរបាលខេត្តអំពីសភាពការ និងកិច្ចប្រតិបត្តការណ៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រយះពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០១៩ របស់កងកម្លាំងនគរបាលទូទាំងខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោកនាយ ឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងគណៈប្រតិភូអមដំណើរដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងកាយវិការបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះសុខទុក្ខរបស់បងប្អូននិវត្តន៍ជន ជនពិការ និងជនបាត់បង់សមត្ថភាពការងារជាអតីតមន្ត្រីនគរបាលជាតិទាំងអស់នៅក្នុងខេត្តស្វាយរៀង។

លោកបន្តថា ពិធីនេះរឹតតែបានបង្ហាញឲ្យឃើញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិមិនដែលបំភ្លេច និងនៅតែចងចាំជានិច្ច នូវគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់បងប្អូនដែលធ្លាប់បានចូលរួមទាំងក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការការពារថែរក្សាសន្តិភាពឲ្យបានគង់វង្សដែលជាមូលដ្ឋានគ្រឹះក្នុងកិច្ចការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនិងសន្តិសុខសុវត្ថិភាពល្អប្រសើររហូតដល់សព្វថ្ងៃនេះ។

បន្ទាប់មកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា អតីតយុទ្ធជននគរបាលជាតិបានរួមចំណែក យ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយមន្រ្តីនគរបាលបច្ចុប្បន្នគប្បីយកគំរូតាមពួកគាត់ដែលជាបុគ្គលមានបទពិសោធន៍ច្រើនក្នុងកិច្ចការងារនគរបាលនេះ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា នគរបាលកម្ពុជាបានបង្កើតឡើងអស់រយៈពេល ៧៤ឆ្នាំមកហើយ (១៦ឧសភា ១៩៤៥-១៦ឧសភា២០១៩) ហើយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ គឺជាការរួមចំណែកយ៉ាងខ្លាំងពីបងប្អូន ដែលជាអតីតមន្រ្តីនគរបាល ដូច្នេះមន្រ្តីនគរបាលទាំងអស់គ្នាត្រូវទទួលយកការអប់រំពីពួកគាត់លើកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការថែរក្សាសន្តិភាពជូនប្រជាជន និងប្រទេសជាតិ៕

អត្ថបទទាក់ទង