ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម​ ហ៊ុយ វណ្ណៈ ៖ កម្ពុជាថ្លឹងថ្លែងរវាងការទាមទារ សេរីភាពនយោបាយ និងការរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ច​ ប្រកបដោយចីរភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ឯកឧត្តម​ ហ៊ុយ វណ្ណៈ ៖ កម្ពុជាថ្លឹងថ្លែងរវាងការទាមទារ សេរីភាពនយោបាយ និងការរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ច​ ប្រកបដោយចីរភាព ឯកឧត្តម​ ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​

ឥឡូវនេះ មនុស្សគ្រប់ៗរូបមានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិតាមគ្រប់មធ្យោបាយ ហើយយើងក៏បានឆ្លងផុតការភ័យខ្លាចគួរឲ្យរន្ធត់ក្នុងរបបខ្មែរក្រហមយូរមកហើយដែរ។ អ្វីដែលគួរឲ្យបារម្មណ៍ដោយហួសចិត្ត នោះគឺនៅត្រង់អ្នកគ្មានមានភាពស្មោះត្រង់ក្នុងការធ្វើកិច្ចការតាមតួនាទី រួមចំណែកឲ្យប្រទេសជាតិបានរីកចម្រើន ហើយផ្ទុយទៅវិញអ្នកបែរជាបំភ័យខ្លួនឯង និងបន្តធ្វើតែសកម្មភាពដែលបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាទៅវិញទេ។

ជាការច្បាស់ណាស់ថា សេរីភាពនយោបាយ និងលំហប្រជាធិបតេយ្យ គឺនឹងមិនដំណើរការនៅក្នុងសង្គមដែលគ្មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏សម្បូរបែបនោះទេ។ ខ្ញុំធ្លាប់បាននិយាយរួចហើយថា៖ «ប្រសិនបើប្រទេសជាតិមួយ គ្មានការរីកចម្រើនខាងសេដ្ឋកិច្ច នោះវោហាសាស្ត្រ ប្រជាធិបតេយ្យ ប្រែថា គ្មានន័យអ្វីទាំងអស់»

ខ្ញុំគិតថា យើងទាំងអស់គ្នាអាចយល់ស្របថា ប្រសិនបើយើងមើលលើទិដ្ឋភាពទូលាយ ប្រជាធិបតេយ្យ មិនមែនសំដៅតែលើការបោះឆ្នោត និងសេរីភាពនយោបាយនោះទេ ក៏ប៉ុន្តែ សុខមាលភាពនិងគុណភាពរបស់ប្រជាធិបតេយ្យ គឺត្រូវតែអាស្រ័យលើ ភាពរុងរឿងរបស់ប្រទេសជាតិ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងប្រទេសមានសន្តិភាពរឹងមាំយូរអង្វែងសិន។ ក្នុងប្រជាធិបតេយ្យ យើងត្រូវបង្កើតជម្រើសឲ្យបានច្រើន មានន័យថា ក្នុងពេលដែលយើងទាមទារសេរីភាពនយោបាយ ក៏កុំភ្លេចថា ដៃម្ខាងទៀតនោះ យើងក៏ត្រូវតែចូលរួមចំណែកជំរុញឱ្យមានវិបុលភាពនិងការរីកចម្រើនខាងសេដ្ឋកិច្ចផងដែរ។ ចំណុចនេះ បរទេសខ្លះ និងបក្សប្រឆាំងខ្លះ បានមើលរំលង ហើយកំពុងព្យាយាមបំផ្លាញឆ្នាំងបាយកម្មករនិងសេដ្ឋកិច្ចកម្ពុជា។ នេះជាការខុសឆ្គងដ៏អសីលធម៌និងគ្មានការទទួលខុសត្រូវ។

ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាពិតជារីកលូតលាស់យ៉ាងឆាប់រហ័សប្រៀបបានជាមនុស្សពេញវ័យ ហើយក៏កំពុងរីកលូតលាស់តាមស្មារតីនីតិរដ្ឋនិងរដ្ឋធម្មនុញ្ញនៃកម្ពុជា។ មាត្រា៥១ថ្មី ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញកម្ពុជា ស្តីពីរបបនយោបាយបានចែងថា៖ «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។ ប្រជាពលរដ្ឋខ្មែរ គឺជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន»។ ចំណុចពិសេសរបស់រដ្ឋធម្មនុញ្ញកម្ពុជា គឺបានហាមឃាត់មិនឲ្យផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើចំណុចសំខាន់ពីរគឺ៖ ទី១- របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងទី២- ប្រជាធិបតេយ្យ សេរីពហុបក្សនៅប្រទេសកម្ពុជា។

វាជាការសំខាន់ណាស់ក្នុងការឆ្លុះបញ្ចាំងនិងរំលេចឲ្យឃើញថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនត្រឹមតែចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះទេ ប៉ុន្តែកម្ពុជាក៏កំពុងជំរុញ ប្រជាធិបតេយ្យ លើការអនុវត្តជាក់ស្តែងផងដែរ ពីព្រោះយើងឱ្យតម្លៃតួនាទីក្នុងប្រជាធិបតេយ្យ គឺមិនមែនសម្រាប់តែសម្លេងរបស់គណបក្សប្រឆាំងដែលចាំតែជំទាស់ បន្ទុចបង្អាក់ ឬប្រមាថប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់ឱកាសនិងតម្លៃដល់សម្លេងដែលសមហេតុសមផល និងមានភាពប្រាកដនិយមរបស់ប្រជាជនយើងគ្រប់ៗរូប ទាំង យុវជន ស្ត្រី ជនជាតិដើមភាគតិច សាសនា និងគំនិតស្ថាបនាជាវិជ្ជមានទាំងឡាយ ក្នុងការផ្តល់ធាតុចូលរួមចំណែកស្ថាបនាសង្គមជាតិយើងផងដែរ។

ទន្ទឹមនឹងនេះដែរ កម្ពុជាក៏កំពុងខិតខំយ៉ាងខ្លាំងកសាងនូវមូលដ្ឋានសង្គម ដើម្បីគាំទ្រដល់សេរីភាពនយោបាយ និងលំហប្រជាធិបតេយ្យ ឲ្យមានសុខភាពល្អ ពីព្រោះសេរីភាពនយោបាយ គឺសម្រាប់មនុស្សគ្រប់ៗរូប និងសម្រាប់ទាំងអស់គ្នា។ វាមិនមែនគ្រាន់តែសម្រាប់គណបក្សមួយឬក្រុមណាមួយទេ គឺសម្រាប់ផលប្រយោជន៍របស់ប្រជាជាតិកម្ពុជាទាំងមូល។

រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមដូចជា ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ ស្ពាន ខ្សែកាប និងបច្ចេកវិទ្យា ដើម្បីគាំទ្រការតភ្ជាប់ និងការសមាហរណកម្មលើគ្រប់វិស័យទាំងអស់។ តាមរយៈការធ្វើដូច្នេះ យើងជឿជាក់ថា ដរាបណាសង្គមជាតិមានភាពរុងរឿងខាងសេដ្ឋកិច្ច នោះទើបសេរីភាពនយោបាយដ៏ត្រឹមត្រូវ និងដោយសីលធម៌កាន់តែបន្តរីកចម្រើន។​

ជីវភាពប្រជាជន គឺជាកត្តាសំខាន់ណាស់ ដើម្បីបង្កើតលទ្ធភាពនិងឱកាសដល់ប្រជាជនឲ្យចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ។ ដូច្នេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំដល់មន្ដ្រីរីរាជការក្នុងសេវាសាធារណៈ ក៏ដូចជាការបង្កើនប្រាក់បៀវត្សដល់កម្មករនិយោជិតនៅក្នុងវិស័យឯកជន។ គុណភាពជីវិតរបស់ប្រជាជនកាន់តែប្រសើរឡើងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសូចនាករសេដ្ឋកិច្ច ជាពិសេសការកើនឡើងជាលំដាប់ក្នុងផលិតផលក្នុងស្រុកសរុប។ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង និងសម្រេចបានលើសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទៀតផង។ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានកើនឡើងជាមួយការវិនិយោគផ្ទាល់ពីបរទេស។ សេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័សដោយរក្សាអត្រាកំណើន៧% ក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយនេះ ប្រកបដោយនិរន្តរភាព និងសមធម៌។ ជាងនេះទៀត សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ី។

ជាមួយនឹងសមិទ្ធផលខាងលើ កម្ពុជា ក៏ប្រឈមបញ្ហាដ៏ធំមួយនៅត្រង់ថា តើត្រូវបង្រៀនពួកប្រឆាំងឲ្យធ្វើសកម្មភាពនយោបាយដោយថ្លៃថ្នូរ និងដោយការទទួលខុសត្រូវដោយរបៀបណា? ពីព្រោះពួកគេប្រើប្រាស់សេរីភាពនយោបាយហួសហេតុ ដើរចេញពីការអភិវឌ្ឍជាតិ និងថែមទាំងបំផ្លាញកិត្តិយសនិងផលប្រយោជន៍ជាតិផងដែរ។ ពួកគេទាមទារចង់បានការបោះឆ្នោត ក៏ប៉ុន្តែពួកគេតែងតែបដិសេធលទ្ធផលនៃការបោះឆ្នោត។ ពួកគេនិយាយថា ពួកគេចង់បានសង្គមមួយមាននីតិរដ្ឋ ក៏ប៉ុន្តែពួកគេបែរជារំលោភច្បាប់ ហើយប្រមាថតួនាទីរបស់ព្រះមហាក្សត្រ។ ពួកគេចង់ឱ្យសម្លេងរបស់ពួកគេបានឮ ក៏ប៉ុន្ដែពួកគេបែរជាបដិសេធឆន្ទៈសិទ្ធិរបស់ប្រជាជនភាគច្រើនលើសលុប ដែលនេះផ្ទុយពីស្មារតីប្រជាធិបតេយ្យ ដែលនិយាយថា សម្លេងភាគច្រើនដឹកនាំ។

បច្ចុប្បន្ននេះ នៅកម្ពុជាមានគណបក្សនយោបាយចំនួន៣៦កំពុងធ្វើសកម្មភាពនយោបាយ បន្ទាប់ពីគណបក្សចំនួន២០ ត្រូវបានលុបចេញពីបញ្ជីគណបក្សនយោបាយ ដោយសារគេបានរំលោភបំពានលើច្បាប់ស្តីពីគណបក្សនយោបាយ។ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាង៥ពាន់អង្គភាព ត្រូវបានចុះបញ្ជីនិងកំពុងដំណើរការ។ នៅក្នុងវិស័យសារព័ត៌មានមានអង្គការព័ត៌មានជាង៦០០ស្ថាប័ន ដែលរួមមានកាសែតភាសាបរទេសផងដែរ។

ស្រដៀងគ្នាទៅនឹងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀតនៅជុំវិញពិភពលោកដែរ ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋនៅកម្ពុជា ត្រូវបានបន្តពង្រឹងតាមរយៈយន្តការច្បាប់ ហើយនៅទីណាក៏ដោយ ប្រទេសណាក៏ដោយ គឺមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើសកម្មភាពខុសច្បាប់ បង្ករអស្ថិរភាពសង្គម ដែលឈានដល់បង្កើតឱ្យមានអស្ថិរភាពនយោបាយ ប៉ះពាល់សុវត្ថិភាព បំពានសណ្តាប់ធ្នាប់សាធារណៈ ប្រមាថសេចក្តីថ្លៃថ្នូរ ប្រមាថកេរ្តិ៍ឈ្មោះរបស់ជាតិ និងបំពានអធិបតេយ្យជាតិនោះទេ។

បរទេសទាំងឡាយក៏មិនគួរធ្វើមិនដឹង មិនយល់នោះដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋថ្មីៗនេះទៅលើបក្សសង្គ្រោះជាតិ គឺដើម្បីរារាំងការវិលត្រឡប់វិញនៃអតីតកាលឃោរឃៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលខ្មែរក្រហមបានញែកប្រជាជន និងបំផ្លាញសង្គមកម្ពុជាឲ្យក្លាយជាផេះផង់ ពោលគឺបានបំផ្លាញចោលទាំងស្រុងនូវ រចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច រដ្ឋបាល និងសង្គមកម្ពុជាទាំងស្រុង។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏កំពុងបានមើលឃើញពីសោកនាដកម្មរបស់ប្រជាជននៅប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាផងដែរ។ ការបំផ្លាញជីវិតនិងទុក្ខវេទនារបស់ជនភៀសខ្លួននៅតែជាបញ្ហាដ៏ឃោរឃៅនៅចំពោះភ្នែករបស់យើង។ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ចនូវមេរៀនបែបនេះ។

យើងគប្បីទទួលស្គាល់ថា ប្រជាធិបតេយ្យគឺជាដំណើរដ៏វែងឆ្ងាយ មិនមែនដើរដល់នៅត្រឹមថ្ងៃស្អែក ឬឆ្នាំក្រោយនេះទេ ពីព្រោះ នយោបាយគឺគ្មានក្បួន ហើយប្រជាធិបតេយ្យក៏គ្មានស្តង់ដារដែរ។ ក្នុងបរិបទកម្ពុជា គឺពិតជាមានតម្រូវការអប់រំប្រជាពលរដ្ឋអំពីសិទ្ធិនិងសេរីភាព ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិបានដោយត្រឹមត្រូវ ដោយសីលធម៌ និងដោយការទទួលខុសត្រូវ។ វាប្រហែលតម្រូវឱ្យមានដំណើរដ៏វែងឆ្ងាយសម្រាប់ប្រទេសកម្ពុជា ដើម្បីកសាងអាកប្បកិរិយានយោបាយចាស់ទុំ ជាពិសេសក្នុងចំណោមសកម្មជនប្រឆាំង ពីព្រោះយើងមិនចង់ឱ្យមនុស្សទាំងអស់ចូលរួមតែនៅក្នុងជីវភាពនយោបាយ ធ្វើនយោបាយពិសពុល ប៉ុន្តែភ្លេចគិតថា ជីវភាព សេដ្ឋកិច្ចសង្គម និងតម្លៃវប្បធម៌នៃប្រទេសជាតិក៏ជាកត្តាសំខាន់ដូចគ្នា។

ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា ដើម្បីធ្វើឱ្យសេរីភាពនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបន្តមានវិសាលភាពកាន់តែធំទូលាយ គឺចាំបាច់ណាស់ត្រូវការអប់រំផ្សព្វផ្សាយឲ្យមានការយល់ដឹងដល់ប្រជាជនរបស់យើងថា យើងទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមការពារសន្តិភាព ស្ថិរភាព លើកកម្ពស់និងគោរពនីតិរដ្ឋ ការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់ជាតិយើងឲ្យរឹងមាំ ពោលគឺការពារផលប្រយោជន៍កម្ពុជាមុនគេបង្អស់ «Cambodia First» នោះសង្គមជាតិយើងនឹងបន្តដើរទៅមុខព្រមគ្នាលើគ្រប់វិស័យ ប្រកបដោយសុខដមរមនា និងកិត្តិយស៕

ហ៊ុយ វណ្ណៈ
អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

អត្ថបទទាក់ទង