ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីស្តីទីពាណិជ្ជកម្ម ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
រដ្ឋមន្ត្រីស្តីទីពាណិជ្ជកម្ម ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត រដ្ឋមន្ត្រីស្តីទីពាណិជ្ជកម្ម ប្រគល់វិញ្ញាបនបត្រចុះបញ្ជី «ស្ករត្នោតកំពង់ស្ពឺ» ជូនសមាគមលើកកម្ពស់ស្ករត្នោតរបស់ខេត្ត

លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានប្រគល់ប្រគល់វិញ្ញាបនបត្រចុះបញ្ជី “ស្ករត្នោតកំពង់ស្ពឺ” ដែលទើបតែទទួលបានការចុះបញ្ជីការពារនៅសហភាពអឺរ៉ុប កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ជូនលោក សម សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដើម្បីចូលរួមលើកស្ទួយផលិតផលប្រពៃណីប្រចាំតំបន់ និងជំរុញការនាំចេញទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ពិធីប្រគល់វិញ្ញាបនបត្រចុះបញ្ជី បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមជាគណៈអធិបតីភាពជាមួយ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុង «ទិវាសហភាពអឺរ៉ុប» ដែលរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនៃប្រទេសជាមិត្ត និងតំណាងវិស័យឯជនប្រមាណជាង ៣០០នាក់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីស្តីទី កឹម ស៊ីថន បានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញាជាតិ ការកសាងច្បាប់ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការចូលរួមនៅក្នុងកិច្ចព្រៀមព្រៀង និងសន្ធិសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ដែលអាចការពារបានទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេស។ ជាក់ស្តែងកាលពីថ្មីៗនេះ ក្រសួងពាណិជ្ជកម្មទើបតែបានចុះបញ្ជីការពារស្រា CHAMPAGNE របស់ប្រទេសបារាំង ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងនៅកម្ពុជាផងដែរ។

បន្ថែមលើសនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ខិតខំថែរក្សាដើមត្នោត និងបរិស្ថានក្នុងតំបន់ ព្រមទាំងពង្រីកការដាំដើមត្នោតបន្ថែមទៀត ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្មស្ករត្នោត និងទំនិញដែលផលិតពីស្ករត្នោតធម្មជាតិ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតកាល។
លោក កឹម ស៊ីថន បានគូសបញ្ជាក់ថា«កិច្ចការពារ “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” នៅសហភាពអឺរ៉ុប និងស្រា CHAMPAGNE បារាំង នៅកម្ពុជា គឺជាចំណងដៃប្រកបដោយអត្ថន័យនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មទៅវិញទៅមក» ។

សូមជម្រាបថា “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” គឺជាផលិតផលដែលមានប្រភពផ្សារភ្ជាប់ជាមួយដែនដី កត្តាធម្មជាតិ និងវិធីសាស្ត្រផលិតបែបប្រពៃណី ដែលត្រូវបានសិក្សាកំណត់ និងស្ថិតនៅក្រោមប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ បន្ទាប់ពីទទួលបានការចុះបញ្ជីការពារក្នុងកម្រិតជាតិ កាលពីឆ្នាំ២០១០ ផលិតផលសម្គាល់ភូមិសាស្ត្រទាំងពីរនេះ មិនត្រឹមតែទទួលបានកេរ្តិ៍ឈ្មោះល្បីនៅលើទីផ្សារជាតិ និងអន្តរជាតិ ប៉ុន្តែថែមទាំងទទួលបានការបញ្ជាទិញយ៉ាងច្រើន ពីទីផ្សារប្រទេសអឺរ៉ុប៕

អត្ថបទទាក់ទង