ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋនៅស្រុកតំបែរ ជាង២០០០នាក់ ទទួលការពិនិត្យព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យ TYDA

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
ប្រជាពលរដ្ឋនៅស្រុកតំបែរ ជាង២០០០នាក់ ទទួលការពិនិត្យព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យ TYDA ប្រជាពលរដ្ឋនៅស្រុកតំបែរ ជាង២០០០នាក់ ទទួលការពិនិត្យព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យ TYDA

នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ២០៤៦នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ហៅកាត់ថា TYDA ជាលើកទី២ ក្រោមការដឹកនាំដោយផ្ទាល់ពី លោកស្រី ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត ប្រធានសមាគមគ្រូពេទ្យ TYDA ដោយមានការចូលរួមពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រោមការសម្របសម្រួលពីលោក ហេង សួរ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ទទួលបន្ទុកការងារយុវជន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចុងជាច។

មានប្រសាសន៍នាឱកាសនោះ លោកស្រី ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត បានសំណេះសំណាល និងផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ជូនចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកតំបែរ ក៏ដូចជាទូទាំងខេត្តត្បូងឃ្មូំទាំងអស់។

លោកស្រី បានជម្រាបប្រាប់ប្រជាពលរដ្ឋថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនេះ ត្រូវបានបង្កើតឡើងក្រោមការចង្អុលបង្ហាញពីសំណាក់លោកនាយករដ្ឋមន្រ្តី និងភរិយា ក្នុងគោលបំណងដើម្បីផ្ដល់នូវសេវាសុខាភិបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ដែលកំពុងមានការមមាញឹកនឹងការងារ មិនសូវបានគិតគូរពីបញ្ហាសុខភាព និងគ្មានពេលាវេលាច្រើនក្នុងការទៅពិនិត្យសុខភាព ឬព្យាបាលជំងឺរបស់ខ្លួន ឬក៏គ្មានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ សូមមានការយកចិត្តទុកដាក់នឹងការថែរក្សាសុខភាពរបស់ខ្លួន ពិសេសសូមយកចិត្តទុកដាក់លើបញ្ហាអនាម័យ រស់នៅហូបស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ព្រោះថាបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ដែលតែងតែខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសលោកនាយករដ្ឋមន្ត្រី និងភរិយាទាំងទ្វេបានខិតខំយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទី តួយ៉ាងដូចជាពេលនេះជាដើម លោកបានចង្អុលបង្ហាញឱ្យក្រុមគ្រូពេទ្យ TYDA ឱ្យចុះមកពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកតំបែរ ក្រោមការដឹកនាំពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត។

លោកបណ្ឌិតបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកពិនិត្យនិងព្យាបាលជំងឺ សរុបបានចំនួន ២០៤៦ នាក់ ក្នុងនោះអ្នកជំងឺដែលត្រូវបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញសរុប៧៩នាក់ ដោយថ្លៃព្យាបាល ធ្វើដំណើរ និងហូបចុកទាំងអស់ គឺលោកនាយករដ្ឋមន្រ្តី ជាអ្នកចេញទាំងអស់ផងដែរ។

សូមបញ្ជាក់ថា ការពិនិត្យព្យាបាលនេះមានរយៈពេល១ថ្ងៃពេញ ដោយពិនិត្យជំងឺទូទៅ ជំងឺមាត់ធ្មេញ ភ្នែក បំពង់ក ច្រមុះ បេះដូង ឈឺសន្លាក់ រោគស្ត្រី ពិនិត្យផ្ទៃពោះ ឆ្លុះអេកូ ឫសដូងបាត និងប្រភេទជំងឺច្រើនប្រភេទទៀត។

ដោយឡែក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពិនិត្យព្យាបាលជំងឺនាថ្ងៃនេះដែរ មានប្រមាណ ២០០នាក់ មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យព្រះកេតុមាលា ហើយអ្នកខ្លះកំពុងនៅជានិស្សិត និងអ្នកបញ្ចប់ការសិក្សាពីក្រៅប្រទេសផងដែរ។

ក្នុងឪកាសនោះ លោកស្រីពេជ ច័ន្ទមុនី ហ៊ុនម៉ាណែត ក៏បានចែកជូននូវកាតាប និងសម្ភារៈសិក្សា ដល់កុមារា កុមារី ដើម្បីអោយខិតខំសិក្សារៀនសូត្រ សាកសមជាទំពាំងស្នងឬស្សីប្រទេសជាតិ៕

អត្ថបទទាក់ទង