ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារអបអរសារទរ ព្រះករុណា ណារូហ៊ីតូ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារអបអរសារទរ ព្រះករុណា ណារូហ៊ីតូ ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារអបអរសារទរ ព្រះករុណា ណារូហ៊ីតូ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ថ្វាយព្រះរាជសារអបអរសារទរ ថ្វាយព្រះករុណា ណារូហ៊ីតូ (NARUHITO) ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាព្រះចៅអធិរាជថ្មីនៃព្រះរាជាណាចក្រជប៉ុន។

សូមជម្រាបថា កាលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ព្រះអង្គម្ចាស់ Naruhito ដែលត្រូវជាព្រះបុត្រាច្បងរបស់អតីតព្រះចៅអធិរាជជប៉ុន Akihito បានក្លាយជាព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន។ ការឡើងស្នងរាជ្យនេះត្រូវបានធ្វើឡើង ក្នុងពិធីមួយដែលរៀបចំនៅមហាវិមាន នៃព្រះរាជវាំងជប៉ុន ក្នុងទីក្រុងតូក្យូ ជាទីដែលពិធីដាក់ រាជ្យរបស់អតីត ព្រះចៅអធិរាជ Akihito ត្រូវបានរៀបចំឡើងដូចគ្នា ខណៈពិធីទាំងពីរសុទ្ធតែមានរយៈពេលខ្លីៗ ពោលគឺត្រឹមតែ ប៉ុន្មាននាទីប៉ុណ្ណោះ។

សករាជថ្មីនៅក្រោមការព្រះចៅអធិរាជ Naruhito ហៅថា Reiwa ដែលបានចាប់ផ្តើមកាលពីយប់រំលងអធ្រាត្រថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ខណៈសករាជចាស់ Heisei បានបញ្ចប់ទៅកាលពីអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០១៩។

គួរជម្រាបថា ចាប់ពីពេលនេះទៅ ព្រះចៅ Naruhito គឺជាព្រះចៅអធិរាជទី១២៦នៃប្រទេសជប៉ុន។ ទ្រង់បានទទួលការអប់រំនៅសាកល វិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស Oxford និងបានក្លាយជាព្រះរាជទាយាទជប៉ុន នៅព្រះជន្ម២៨ព្រះវស្សា ខណៈបច្ចុប្បន្នទ្រង់ មានព្រះជន្ម៥៩ព្រះវស្សា។ មហេសីទ្រង់មានព្រះនាមថា Masako Owada ហើយទ្រង់ទាំងពីរមានបុត្រតែមួយអង្គប៉ុណ្ណោះ និងជាបុត្រី ថែមទៀត គឺព្រះនាងម្ចាស់ Aiko មានព្រះជន្ម១៧ព្រះវស្សា៕