គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល
ថ្លែងចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងឱកាសទទួលគោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំ និងចំណាស់ជាងគេ នៅទីក្រុងប៉េកាំង ប្រទេសចិននោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គោរមងារដែលលោកបានទទួល មិនមែនជាកិត្តិយសសម្រាប់តែខ្លួនលោកតែម្នាក់ឯងនោះទេ ប៉ុន្តែជាកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចែករំលែកនូវមោទនភាព ដែលសម្តេចទទួលគោរមងារនេះ ទៅដល់ភរិយារបស់សម្តេច គឺលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងកូនៗ ចៅៗជាទីស្រឡាញ់របស់លោកផងដែរ ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយសម្តេចគ្រប់កាលៈទេសៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជាពិសេសដល់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់បុព្វសិទ្ធិឱ្យលោក មានឱកាសបានបម្រើជាតិ មាតុភូមិ ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងធ្វើការអភិវឌ្ឍឱ្យបានរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងធ្វើកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិកាន់តែខ្ពង់ខ្ពស់ថែមទៀត។
សូមជម្រាបថា នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេរបស់កម្ពុជា ដែលទទួលបាននូវគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំ និងចំណាស់ជាងគេ នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីប្រគល់និង ទទួលដែលធ្វើឡើង ដោយមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំង ជាច្រើនរូបផងដែរ៕