ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យប្រតិភូចិនបន្តជួយជំរុញទំហំពាណិជ្ជកម្ម បង្កើនការវិនិយោគនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 18
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យប្រតិភូចិនបន្តជួយជំរុញទំហំពាណិជ្ជកម្ម បង្កើនការវិនិយោគនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យប្រតិភូចិនបន្តជួយជំរុញទំហំពាណិជ្ជកម្ម បង្កើនការវិនិយោគនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន និងប្រតិភូ។ ក្នុងឱកាសនោះដែរ លោក ឈិន យន់ បានអះអាងថា ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ ហើយប្រទេសកម្ពុជា ក៏ជាមិត្តជិតស្និទ្ធរបស់បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ានផងដែរ។

លោក ឈិន យន់ បានគោរពជម្រាបជូនលោកនាយកដ្ឋមន្រ្តីថា នេះជាដំណើរទស្សនកិច្ចលើកទី២ របស់លោកមកកម្ពុជា។ លោកកត់សម្គាល់ឃើញថា កម្ពុជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច ជាពិសសេសក្រុងភ្នំពេញ។ លោក ឈិន យន់ បានថ្លែងថា កន្លងមកមានធនាគារចិនចំនួនពីរ ដែលបានគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា ដែលធនាគារទាំងពីរនេះ បានជួយកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា សេដ្ឋកិច្ច និងនយោបាយ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ហើយមើលឃើញថា កម្ពុជាបានដើរតួនាទីសំខាន់ នៅក្នុងការថែរក្សាស្ថិរភាព នៅក្នុងតំបន់ និងជាមិត្តជិតស្និទ្ធរបស់បណ្តាប្រទេសអាស៊ាន និងចិនផងដែរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងតំបន់។

លោក បានសង្កត់ធ្ងន់ថា អ្វីដែលចិនអាចបន្តជួយកម្ពុជា នៅពេលខាងមុខនេះ គឺជួយពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យកម្ពុជា ដើរតួនាទីសំខាន់ ក្នុងតំបន់ឥណ្ឌូចិន និងអាស៊ាន។ លោកប្រធានសមាគម បានស្នើលោកនាយករដ្ឋមន្រ្តី អភិវឌ្ឍរបៀងសេដ្ឋកិច្ច នៅផ្លូវជាតិលេខ៩ ពិសេសរវាងកម្ពុជា និងប្រទេសឡាវ នៅពេលខាងមុខ។ អ្វីដែលលោកចង់ឃើញ គឺការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសលោកបានបញ្ជាក់ពីរបៀងប៉ូលសេដ្ឋកិច្ច រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលនឹងអាចធ្វើជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់កម្ពុជា។

លោក ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់រូបិយបណ្ណចិន នៅក្នុងទីផ្សាររបស់កម្ពុជាផងដែរ ដែលនឹងអាចទាក់ទាញវិនិយោគិនចិន និងបណ្តាប្រទេសដទៃបន្ថែមទៀត មកកម្ពុជា។ ក្រុមហ៊ុនចិន មានគោលបំណងធ្វើយ៉ាងណា ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាខ្លាំងក្លាជាងមុន តាមរយៈការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំឲ្យលោក ឈិន យន់ និងប្រតិភូជួយធ្វើយ៉ាងណាឲ្យក្រុមហ៊ុនចិន បន្តធ្វើពាណិជ្ជកម្ម នៅកម្ពុជាបន្តទៀត សម្រាប់ក្រុមហ៊ុនចិន ដែលមានវត្តមាននៅកម្ពុជាស្រាប់។ លើសពីនេះទៀត បន្តកៀរគរក្រុមហ៊ុនចិនផ្សេងទៀត បន្តមកវិនិយោគនៅកម្ពុជា។ លោក បានបញ្ជាក់ពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដែលបានលើកឡើង ពីវិធានការ និងគោលនយោបាយសំខាន់ៗ ក្នុងការកាត់បន្ថយថ្លៃដើម និងការផលិត និងដឹកជញ្ជូន ក្នុងបំណងសម្រួលដល់អ្នកវិនិយោគនៅកម្ពុជា៕

អត្ថបទទាក់ទង