ខ្មែរប៉ុស្ដិ៍ Close

រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញសក្តានុពលប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីប្រទេសចិន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញសក្តានុពលប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីប្រទេសចិន រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញសក្តានុពលប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីប្រទេសចិន

(សានទុង, ចិន)លោកឈួនដារ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានធ្វើការបង្ហាញសក្តានុពលវិនិយោគនិងកាលានុវត្តនភាពធុរកិច្ចកម្ពុជាដល់វិនិយោគិននិងពាណិជ្ជករចិននៅក្នុងទីក្រុងយានថាយខេត្តសាងទុងសាធារណរដ្ឋប្រជាមានិតចិនដើម្បីទាក់ទាញការបណ្តាក់ទុននិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

បទបង្ហាញរបស់លោកបានធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគកម្ពុជាចិន(សានទុង) ដែលរៀបចំឡើងនៅទីក្រុងយានថាយនៃខេត្តសានទុងកាលពីថ្ងៃព្រឹកទី១០ខែឧសភាឆ្នាំ២០១៩ដោយមានការចូលរួមពីវិនិយោគិននិងធរុជនចិនប្រមាណជាង២០០នាក់។

នៅក្នុងឱកាសនោះលោកឈួនដារ៉ាបានលើកឡើងអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា, គោលនយោបាយគាំពារវិនិយោគនិងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មដែលមានគោលដៅប្រែក្លាយកម្ពុជាទៅជាបណ្តុំរោងចក្រនៅអាស៊ីនិងពីប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្មទៅពឹងផ្អែកលើជំនាញដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។

លោកឈួនដារ៉ាក៏បានបង្ហាញជំនឿមុតមាំថាតាមរយៈវេទិកានេះមិនត្រឹមតែផ្ដល់ឱកាសសម្រាប់ធុរជននិងវិនិយោគិនចិនបានសិក្សាស្វែងយល់អំពីសក្តានុពលប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងចិនស្របតាមយុទ្ធសាស្ត្រ«ខ្សែក្រវ៉ាត់និងផ្លូវ» ផ្តួចផ្តើមដោយប្រធានាធិបតីចិនលោកស៊ីជិនពីង។

ទន្ទឹមគ្នានោះដែរលោកឈួនដារ៉ាក៏បានថ្លែងអំណរគុណអាជ្ញាធរនិងវិនិយោគិនខេត្តសានទុងដែលបានកំពុងបណ្តាក់ទុនធ្វើធុរកិច្ចនៅកម្ពុជាដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។លោកក៏បានលើកទឹកចិត្តវិនិយោគិននិងធុរជនដែលបានចូលរួមនៅក្នុងវេទិកាថ្ងៃនេះធ្វើទស្សនកិច្ចប្រទេសកម្ពុជាដើម្បីស្វែងយល់កាលានុវត្តភាពវិនិយោគលើវិស័យដ៏មានសក្តានុពលផ្សេងទៀតផងដែរ៕

អត្ថបទទាក់ទង