ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើការសិក្សាផ្លូវលំមួយខ្សែប្រវែង៦៣០០ម៉ែត្រ ដើម្បីពិនិត្យលទ្ធភាពជួយកសាង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើការសិក្សាផ្លូវលំមួយខ្សែប្រវែង៦៣០០ម៉ែត្រ ដើម្បីពិនិត្យលទ្ធភាពជួយកសាង ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើការសិក្សាផ្លូវលំមួយខ្សែប្រវែង៦៣០០ម៉ែត្រ ដើម្បីពិនិត្យលទ្ធភាពជួយកសាង

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ លោក​ ចេង ញ៉ាន់ អភិបាលខេត្តប៉ៃលិន និងលោក ហ៊ិរ៉ូសិ អាតស៊ូស៊ិ លេខាទី២ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសិក្សាផ្លូវមួយខ្សែប្រវែង ៦៣០០ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ដែលខូចខាតធ្ងន់ ពិបាកក្នុងការចរាចរណ៍ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការជួយកសាងជាផ្លូវក្រាលក្រួស ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ គម្រោងគូសាណូណិ របស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ លេខាទី២នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ ការចុះមើលផ្លូវមួយខ្សែនេះគឺដើម្បីពិនិត្យវាយតម្លៃ និងប្រមូលយកសំនូមពររបស់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ សំរាប់យកទៅពិភាក្សាការងារជាមួយក្រុមការងារគម្រោង ក្នុងការសម្រេចចិត្ត និងផ្តល់លទ្ធភាពជួយឱ្យចំគោលដៅដែលគម្រោងចង់បាន ព្រោះការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពមួយក្នុងជំនួយអភិវឌ្ឍរបស់ជប៉ុនសម្រាប់កម្ពុជា ហើយជាក់ស្ដែងគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានអនុវត្ត រួមទាំងនៅតាមទីជនបទផងដែរ។

លោក​ ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិវឌ្ឍន៍ នូវសមិទ្ធផលជាច្រើន ដោយសហការជាមួយដៃគូ ពីគ្រប់ទិសទី និងប្រើគ្រប់លទ្ធភាព ដើម្បីធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ទាំងសេដ្ឋកិច្ច​ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលកន្លងមកបានផ្តល់ជំនួយឥតសំណងជាច្រើន ដល់ខេត្តប៉ៃលិន ជាពិសេសការជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រពន្ធធារាសាស្ត្រ ជាដើម ហើយឯកឧត្តមសង្ឃឹមថា៖ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន នឹងបន្តជួយដល់ខេត្តប៉ៃលិន ក៏ដូចជាប្រទេសកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា៖ គម្រោងគូសាណូណិ របស់ស្ថានទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយឥតសំណងដល់ខេត្តប៉ៃលិន ចំនួន ៣គម្រោងមកហើយ -ទី១.គម្រោងជួសជុលផ្លូវបេតុអាមេមួយខ្សែ ប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានជួសជូលរួចរាល់ ជាស្ថាពរនៅឆ្នាំ២០១៥ មានទំហំទឹកប្រាក់ចំនួន ៩៣,៩៥៧$ -ទី២.គម្រោងស្ថាបនាលូប្រអប់ចំនួន ០២កន្លែង ស្ថិតភូមិប៉ាងរលឹម សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលបានស្ថាបនារួចរាល់ជាស្ថាពរនៅឆ្នាំ២០១៦ មានទំហំទឹកប្រាក់ចំនួន ៨២,៦០០$ និងទី៣. គម្រោងស្ថាបនាផ្លូវគ្រួសល្បាយថ្មភ្នំមួយខ្សែ មានប្រវែង៧,៨០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ ស្ថិតនៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អស់ទឹកប្រាក់ចំនួន៨៨,២៩០$ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ ខែមីនា ឆ្នាំ២០១៩៕

អត្ថបទទាក់ទង