ផ្ទាំងស្លាកឈ្មោះប្រាសាទចំនួន១១៨ផ្ទាំង កំពុងដំឡើងក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការដាក់ផ្ទាំងស្លាកឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ប្រមាណ១១៨ផ្ទាំងដាក់នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឱ្យរួចរាល់ក្នុងរយៈពេល២ខែ។
ផ្ទាំងស្លាកឈ្មោះប្រាសាទនេះ មានព័ត៌មានសំខាន់ៗដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ ស្លាកអាជ្ញាធរជាតិអប្សរា ស្លាកអង្គការយូណេស្កូ ស្លាកបេតិកភណ្ឌពិភពលោក និងស្លាកអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។
នាឱកាសដាក់ផ្ទាំងស្លាកសញ្ញាឈ្មោះប្រាសាទទី១នៅអង្គរវត្ត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សុខសង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានឱ្យដឹងថា ផ្ទាំងស្លាកឈ្មោះប្រាសាទទាំង១១៨នេះមានបីទំហំផ្សេងគ្នា គឺធំ មធ្យម និងតូច ដែលនឹងត្រូវយកទៅដាក់នៅតាមប្រាសាទ តែមិនបានដំឡើងគ្រប់ប្រាសាទទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរឡើយ ដោយហេតុថា ប្រាសាទខ្លះនៅជ្រៅក្នុងព្រៃមិនមានទីតាំងដាក់បាន ហើយក្នុងមួយប្រាសាទអាចមានមួយ ពីរ ឬបួនទៅតាមទំហំប្រាសាទ។ ចំពោះទីតាំងដែលដំឡើងស្លាកឈ្មោះប្រាសាទវិញ ក្រុមការងារបានគិតទៅលើចំណុច៣គឺ នៅក្បែរច្រកចូលទស្សនាប្រាសាទ ទីតាំងងាយមើលឃើញរបស់ភ្ញៀវទេសចរ និងទីតាំងដែលមិនប៉ះពាល់ដល់ទិដ្ឋភាពប្រាសាទទាំងមូល ដូចករណីនៅប្រាសាទអង្គរវត្តស្រាប់។
ឯកឧត្តមបានបន្ថែមថា ផ្ទាំងស្លាកឈ្មោះប្រាសាទទាំងអស់នឹងជួយផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការទស្សនាតំបន់អង្គរដែលគ្មានមគ្គុទ្ទេសក៍ អាចស្គាល់ឈ្មោះប្រាសាទបានច្រើនដោយខ្លួនឯង ហើយទទួលបាននូវព័ត៌មានមួយចំនួនដែលធ្វើឱ្យដំណើរកម្សាន្តកាន់តែសប្បាយ និងច្បាស់លាស់ថែមទៀត។
ជាលើកទី១ដែលបានមកទស្សនាប្រាសាទនៅតំបន់អង្គរ កញ្ញា សូលីនដា មកពីខេត្តកំពង់ស្ពឺ បាននិយាយថា «សម្រាប់អ្នកមកពីឆ្ងាយនិងលើកដំបូងដូចខ្ញុំ មិនសូវស្គាល់ប្រាសាទច្រើនទេ តែពេលមានស្លាកប្រាប់ឈ្មោះប្រាសាទអ៊ីចឹង ធ្វើឱ្យខ្ញុំបានស្គាល់ទាំងឈ្មោះប្រាសាទច្បាស់ហើយ ដឹងទាំងឆ្នាំកសាងទៀត ពិសេសងាយស្រួលដឹងថាខ្ញុំនៅទីតាំងណាផង»។
មគ្គុទ្ទេសក៍ភាសាចិន លោក ជា សុរ៉ា បានចាប់អារម្មណ៍ចំពោះការដាក់ស្លាកឈ្មោះប្រាសាទនេះថានៅសៀមរាបមានប្រាសាទច្រើនណាស់ មគ្គុទ្ទេសក៍ខ្លះស្គាល់តែប្រាសាទដែលនាំភ្ញៀវទៅដល់ប៉ុណ្ណោះ ឯប្រាសាទតូចៗ ឬនៅក្នុងព្រៃ ឬកន្លែងដែលមិនធ្លាប់នាំភ្ញៀវទៅ គឺមិនស្គាល់ទេ។ ដូច្នេះវាជាសញ្ញាណល្អណាស់សម្រាប់មគ្គុទ្ទេសក៍ បានស្គាល់បន្ថែមទៀត។ លើសពីនោះភ្ញៀវខ្លះក៏គាត់មិនស្តាប់តែមគ្គុទ្ទេសក៍ដែរ ដូច្នេះស្លាកឈ្មោះនេះនឹងជួយឱ្យពួកគេអាចស្វែងរកទិន្នន័យពីប្រាសាទបានកាន់តែច្បាស់នៅទីតាំងផ្ទាល់និងតាមប្រព័ន្ធផ្សព្វផ្សាយ។ រីឯភ្ញៀវជាតិ គាត់ក៏ដឹងច្រើន ស្គាល់ច្រើន ក្រៅពីប្រាសាទអង្គរវត្ត តាព្រហ្ម និងបាយ័ន្តជាដើម។
ក្នុងនាមជាអ្នកឆ្លាក់អក្សរ កាត់ផ្ទាំងស្លាក និងរៀបចំដំឡើងស្លាកឈ្មោះប្រាសាទ លោក ហាក់ ហេង ជាបុគ្គលិកសិប្បករអង្គរ មានលំនៅក្នុងភូមិត្រពាំងសេស បានសម្តែងក្តីសប្បាយរីករយដែលបានរួមចំណែកកសាងស្លាកសញ្ញាឈ្មោះតាមប្រាសាទ ដើម្បីឲ្យកូនខ្មែរនិងបរទេសងាយស្រួលចំណាំប្រាសាទនិងស្គាល់ឈ្មោះប្រាសាទច្បាស់៕
អត្ថបទ៖ អាជ្ញាធរជាតិអប្សរា