ខ្មែរប៉ុស្ដិ៍ Close

នាយកដ្ឋានបុគ្គលិក ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ស្តីពីភាពមិនប្រក្រតីក្នុងសកម្មភាពដឹកនាំរបស់ស្នងការនគរបាលខេត្តស្វាយរៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 75

យោងតាមការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ស្តីពីភាពមិនប្រក្រតីក្នុងសកម្មភាពការងារដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាយកដ្ឋានបុគ្កលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់តាមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជាលទ្ធផលបង្ហាញឲ្យឃើញថា៖

១-ក្រោយពីមានការចុះផ្សាយខាងលើ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបានខេត្តស្វាយរៀង បានធ្វើការឆ្លើយតបម្តងរួចមកហើយ គឺរដ្ឋបាលខេត្តទទួលយកទាំងស្នាដៃដឹកនាំ និងការយកចិត្តដាក់អនុវត្តផែនការ ព្រមទាំងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត របស់ស្នងការ។
២-ការលើកឡើងអំពីស្នាមម្រាមដៃរបស់មន្រ្តីនគរបាលដែលបានប្តឹងពីការដឹកនាំ គាបសង្កត់មន្រ្តីថ្នាក់ក្រោម និងប្រព្រឹត្តអំពើពុករលួយ ជាលទ្ធផលរកពុំឃើញបណ្តឹងអនាមិកនោះទេ។
៣-ដោយឡែកការងារតែងតាំងមន្រ្តីនគរបាលទូទាំងខេត្ត គឺមានតម្លាភាព ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងអតីតភាពការងារ មិនពាក់ព័ន្ធទៅនឹងសាច់ញាតិនោះទេ។
៤-ចំពោះច្រកតំបន់តាមបន្ទាត់ព្រំដែន ចំនួន ២កន្លែង ក្នុងនោះគឺ៖ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងបុសមន ដែលបានចុះផ្សាយថា រកចំណូលមិនក្រោម ២០,០០០ដុល្លារ ក្នុងមួយយប់ជាថ្នូរអនុញ្ញាតអោយនាំទំនិញចូលមកកម្ពុជាដោយសេរីនោះ តាមការចុះពិនិត្យទីតាំងភូមិសាស្រ្តជាក់ស្តែង គឺពុំអំណោយផលនាំអោយមានការចរាចរទំនិញផ្សេងៗយ៉ាងគគ្រឹកគគ្រេងឆ្លងកាត់តាមតំបន់នោះទេ ម៉្យាងវិញទៀត ច្រកតំបន់តាមបន្ទាត់ព្រំដែននីមួយៗ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចចម្រុះ ចំនួន ៣ស្ថាប័ន រួមមាន៖ មន្រ្តីសាលាខេត្ត សមត្ថកិច្ចគយ និងសមត្ថកិច្ចនគរបាលធ្វើការគ្រប់គ្រងត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់។
៥-ផ្អែកតាមការស្រង់មតិជាទូទៅចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ជាស្នងការនគរបាលខេត្តស្វាយរៀង ភាគច្រើនទទួលបាននូវការគាំទ្រចំពោះសកម្មភាពការងារដឹកនាំពោរពេញដោយសមត្ថភាព និងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្រ្តីថ្នាក់ក្រោម ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនានាចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលជាហេតុនាំមកនូវកត្តាសាមគ្គីភាពផ្ទៃក្នុងអង្គភាពយ៉ាងល្អប្រសើរ៕

អត្ថបទទាក់ទង