គោលការណ៍ និងវិធានការណ៍សំខាន់ ៨ចំណុចជំរុញការអនុវត្តគោលយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម មុខរបរ និងការងារ ការគាំពារសង្គម
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប ១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ (International Labour Organization-ILO) និងខួប ៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ «បង្កើនយុត្តិធម៌សង្គមលើកកម្ពស់ការងារសមរម្យ» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ និងវិធានការណ៍ ៨ចំណុចដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម មុខរបរ និងការងារ ការគាំពារសង្គម ពិសេសដើម្បីលើកកម្ពស់សុខុមាលភាពកម្មករ និយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ។
គោលការណ៍ និងវិធានការណ៍ ៨ចំណុចនោះរួមមាន៖
ទី១- អនុវត្តគោលនយោបាយធានាការពារសិទ្ធិការងារលក្ខខណ្ឌការងារស្របច្បាប់ និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្តសិទ្ធិការងារគឺជាការអនុវត្តសិទ្ធិមនុស្សដោយបានដាក់ចេញនូវនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារសហការជាមួយនឹងគម្រោងឃ្លាំមើលលក្ខខណ្ឌការងារនៅកម្ពុជាដែលបច្ចុប្បន្នជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលបង្ហាញពីឆន្ទៈនិងតម្លាភាពនៃបរិយាកាសការងារនៅកម្ពុជា។
ទី២- ផ្ដោតយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈតាមរយៈបន្តយន្តការត្រីភាគីដើម្បីដោះស្រាយបញ្ហាជាច្រើនទាក់ទងទៅនឹងសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។ ជាក់ស្ដែងគណៈកម្មាធិការប្រឹក្សាការងារបានបង្កើតក្រុមការងារត្រីភាគីបានដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងបានកើនឡើងពី៤០ ដុល្លារ ២៤០ ដុល្លារក្នុងមួយខែដល់ឆ្នាំ ១៩៩៧ និង១៨២ ដុល្លារក្នុងមួយខែ នាឆ្នាំ ២០១៩ នេះបានបើកផ្ដល់ពីរដងក្នុងមួយខែ។
ទី៣- បន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈតាមរយៈការអនុវត្តច្បាប់ស្តីពីការងារនិងច្បាប់ស្ដីពីសជីព។ គិតមកដល់ខែធ្នូ ឆ្នាំ២០១៨ ចំនួនសហជីពសរុបដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួន ៤,៨៣៨ ក្នុងនោះសហជីពមូលដ្ឋានចំនួន៤,៦២១ សហព័ន្ធសហជីពចំនួន១៨០ សហភាពសហជីពចំនួន២៨ និងសមាគមនិយោជកចំនួន៩។
ទី៤- ផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអនាម័យ និងសន្តិសុខការងាររបស់កម្មករនិយោជិតជំរុញឲ្យរោងចក្រសហគ្រាសទាំងអស់មានគិលានដ្ឋានប្រអប់សង្គ្រោះបន្ទាន់ប្រចាំរោងចក្រ មានកន្លែងហូបបាយ មានបន្ទប់បំបៅកូន និងមានទារកដ្ឋានដើម្បីកាត់បន្ថយបញ្ហាដួលសន្លប់គ្រោះថ្នាក់ការងារបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត។
ទី៥- អនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមតាមរយៈការអភិវឌ្ឍរបបសន្តិសុខសង្គមដែលមកដល់ពេលនេះមានសហគ្រាសគ្រឹះស្ថានជាងមួយលាននាក់កំពុងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ។ នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈព្រមទាំងរៀបចំកិច្ចសហប្រតិបត្តិការខ្ជាប់របបសន្តិសុខសង្គមជាមួយនឹងប្រទេសដែលទទួលពលករកម្ពុជា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធនិងមន្ត្រីសាធារណៈនៅពេលសម្រាលកូនហើយមួយបទមកដល់ពេលនេះកម្មការិនីសរុបចំនួន ៦ម៉ឺន ពាន់នាក់និងចំនួនកូនជិត ៦ម៉ឺនប្រាំមួយពាន់នាក់ដោយសរុបជាទឹកប្រាក់ជិត ៦លានប្រាំមួយសែនដុល្លារ។ ដោយឡែកស្ត្រីដែលមានកូនភ្លោះ៣ ត្រូវបានទទួលថវិកាពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥លានរៀលបន្ថែមទៀត។
ទី៦- បន្តយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងបង្កើនមុខរបរថ្មីៗ។ បន្តអភិវឌ្ឍសេវារកការងារធ្វើជូនដល់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ព័ត៌មានអំពីតម្រូវការការងាររបស់សហគ្រាសគ្រឹះស្ថានដល់យុវជនយុវនារីដែលកំពុងស្វែងរកការងារធ្វើនិងជួយដល់សហគ្រាសគ្រឹះស្ថានក្នុងការស្វែងរកកម្លាំងពលកម្មតាមតម្រូវការ។
ទី៧- បន្តភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការងារ។ ដែលកន្លងមករាជរដ្ឋាភិបាលបានរួមគ្នាអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យចំនួន៤ លើករួចមកហើយចាប់ពីឆ្នាំ២០០៥ ជាមួយនឹងដៃគូរតំណាងត្រីភាគី ហើយថ្ងៃនេះក៏នឹងមានជាការចុះហត្ថលេខាលើអនុស្សារណៈបន្តដើម្បីអនុវត្តលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាលើកទី៥ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សំដៅសម្រេចឲ្យបាននូវការងារអាទិភាពសំខាន់សំខាន់ៗដូចជាលើកកម្ពស់មុខរបរ និងការងារ និងការអភិវឌ្ឍសហគ្រាសប្រកបដោយចីរភាព ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គមព្រមទាំងសុខភាពនិងសុវត្ថិភាពការងារ និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅប្រសិទ្ធភាពការងារ។
ទី៨- បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍលក្ខខណ្ឌការងារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈលើកកម្ពស់គម្រោងបរិស្ថានសង្គមនិងការងារក្នុងវិស័យវាយនភ័ណ្ឌនិងកាត់ដេរក្នុងតំបន់អាស៊ីគម្រោងផ្ដួចផ្ដើមគំនិតកិច្ចព្រមព្រៀងសកល និងគម្រោងផ្សេងៗជាច្រើនទៀត៕