ខ្មែរប៉ុស្ដិ៍ Close

សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អូស្រ្តាលីនឹងបន្តគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 134
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អូស្រ្តាលីនឹងបន្តគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អូស្រ្តាលីនឹងបន្តគាំទ្រចំពោះការអភិវឌ្ឍន៍នៅកម្ពុជា

សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រទេសអូស្រ្តាលីនឹងបន្តការគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម​ កៅ គឹមហួន បានថ្លែងឱ្យដឹងបន្ទាប់ពីជំនួបផ្លូវការរវាងសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខូម ថើនប៊ុលនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

ឯកឧត្តម​ កៅ គឹមហួន បានបញ្ជាក់ថា ឯកឧត្តម​នាយករដ្ឋមន្រ្តី អូស្រ្តាលី បានចាត់ទុកថាអាស៊ានកំពុងតែមានការរីកចម្រើនប្រកបដោយភាពទន់ភ្លន់ ហើយលោកចង់បន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ានឱ្យបានកាន់តែខ្លាំងក្លាក្នុងភាពជាដៃគូយុទ្ធសាស្រ្តដើម្បីចូលរួមក្នុងការថែរក្សាសន្តិសុខតំបន់ផងដែរ។

ឯកឧត្តម​បាន​បន្តថា ជាការឆ្លើយតប សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណនាយករដ្ឋមន្រ្តី អូស្រ្តាលីដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាកន្លងមក ដូចជាធ្លាប់បានបញ្ជូនអ្នកសង្កេតការបោះឆ្នោត ២៦នាក់ ដើម្បីចូលរួមសង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ហើយលោកក៏បានស្នើសុំឱ្យភាគីអូស្ត្រាលីបន្តការគាំទ្រទាំងឡាយចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខនេះផងដែរ។

ឯកឧត្តម​ កៅ​ គឹម​ហួន​ នៅ​បាន​ឱ្យ​ដឹង​ទៀតថា​ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានផ្តល់ការគាំទ្រដល់សកម្មភាពបោសសំអាតមីននៅកម្ពុជាកន្លងមក និងស្នើសុំភាគីអូស្ត្រាលីទទួលយកកងទ័ពមួកខៀវកម្ពុជាបន្ថែមទៀត។ ជាចុងក្រោយ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្តម​នាយករដ្ឋមន្រ្តី អូស្រ្តាលី មកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខផងដែរ៕

 

 

អត្ថបទទាក់ទង