ខ្មែរប៉ុស្ដិ៍ Close

អ្នកទទួលបាននីតិសម្បទានយោបាយ អាចធ្វើសកម្មភាពបាន តែអ្នកមិនទាន់ទទួលបានបើហ៊ានធ្វើសកម្មភាព នឹងប្រឈមមុខច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 38
អ្នកទទួលបាននីតិសម្បទានយោបាយ អាចធ្វើសកម្មភាពបាន តែអ្នកមិនទាន់ទទួលបានបើហ៊ានធ្វើសកម្មភាព នឹងប្រឈមមុខច្បាប់ អ្នកទទួលបាននីតិសម្បទានយោបាយ អាចធ្វើសកម្មភាពបាន តែអ្នកមិនទាន់ទទួលបានបើហ៊ានធ្វើសកម្មភាព នឹងប្រឈមមុខច្បាប់

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលទទួលបាននីតិសម្បទានខាងនយោបាយ អាចធ្វើសកម្មភាពរបស់ខ្លួនបានធម្មតា ប៉ុន្ដែអ្នកមិនទាន់ទទួលបាននីតិសម្បទាន មិនអាចធ្វើសកម្មភាពបានឡើយ បើហ៊ានតែធ្វើសកម្មភាពនឹងប្រឈមមុខជាមួយផ្លូវច្បាប់។

ក្រៅពីស្នើឲ្យមានការបែងចែកគ្នាឲ្យច្បាស់លាស់ ចំពោះអ្នកទទួលបាននីតិសម្បទាននយោបាយ និងអ្នកមិនទាន់ទទួលបានហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលទទួលបាននីតិសម្បទាននយោបាយ អាចធ្វើសកម្មភាពបានគ្រប់ទម្រង់ទាំងអស់ តែរាល់សកម្មភាពនោះ ត្រូវបញ្ជាក់ថា មិនស្ថិតក្រោមរូបភាពរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការរំលាយឡើយ។

ការមានប្រសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ១,២៤៥នាក់ នារី៥៧២នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកសុំសិទ្ធិធ្វើនយោបាយដទៃទៀត គេមានសិទ្ធិធ្វើនយោបាយជួបជុំក្រុមអ្នកគាំទ្រ ប៉ុន្ដែសូមបញ្ជាក់អាបក្សមួយដែលស្លាប់ទៅហើយ គេមិនត្រូវធ្វើសកម្មភាព តាមរូបភាពបក្សនេះទេអត់បានទេ។ ប៉ុន្ដែគេអាចជួបជាមួយអតីតអ្នកគាំទ្របក្សហ្នឹង ក្នុងទម្រង់ណាមួយរឿងរបស់គេ ប៉ុន្ដែទម្រង់ងាប់ទៅហើយនេះ វាអត់រស់ឡើងវិញទេ អញ្ចឹងសូមបង្កលក្ខណៈលើបញ្ហានេះ»។

លោកនាយករដ្ឋមន្ដ្រី បានបន្ដថា «ប៉ុន្ដែសូមជម្រាបដែរ អ្នកដែលមិនបានទទួលនីតិសម្បទានខាងនយោបាយទេ អ្នកឯងធ្វើសកម្មភាព គឺខុសច្បាប់ ខ្ញុំត្រូវតែចាត់ការអ្នកឯងហើយ។ ពីរចែកឲ្យដាច់ពីគ្នា មួយអ្នកបានទទួលសិទ្ធិធ្វើនយោបាយ មួយទៀតអ្នកដែលមិនបានទទួលសិទ្ធិធ្វើនយោបាយ តាមសាលដីកាតុលាការកំពូល។ ហើយបើអ្នកធ្វើឲ្យចលនាខុសច្បាប់ និងបក្សខុសច្បាប់ អាហ្នឹងទោសកាន់តែធ្ងន់ធ្ងរ គឺការប្រឆាំងសាលដីកាតុលាការកំពូល»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា រាល់បុគ្គលិកទាំងជាប់បំរាមទាំងឡាយណា ដែលមិនស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទេនោះ ត្រូវតែរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ បានមានសិទ្ធិធ្វើនយោបាយឡើងវិញ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាបានរំលាយគណបក្សនយោបាយមួយ ដែលបានធ្វើសកម្មភាពខុសច្បាប់ មុនពេលបោះឆ្នោតមួយឆ្នាំ ប៉ុន្ដែប្រទេសថៃវិញ បានរំលាយគណបក្សនយោបាយ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតតែម្ដង ដូច្នេះហើយប្រទេសដទៃដែលពូកែវាយតម្លៃលើបញ្ហានេះ គិតយ៉ាងដូចម្ដេចដែរ?។

លើសពីនេះ លោកនាយករដ្ឋមន្ដ្រី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងទាំងអស់ ជួយសម្រួលដល់អ្នកដែលបានសិទ្ធិធ្វើនយោបាយឡើងវិញ មានឱកាសធ្វើនយោបាយពិតប្រាកដ តាមរយៈការជួបជុំនៃអ្នកគាំទ្រ ឬតាមមធ្យោបាយផ្សេងៗទៀត ៕

អត្ថបទទាក់ទង