ខ្មែរប៉ុស្ដិ៍ Close

ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ១រូបទៀត ត្រូវបានព្រះមហាក្សត្រ ផ្តល់នីតិសម្បទា ឱ្យធ្វើនយោបាយឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 24
ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ១រូបទៀត ត្រូវបានព្រះមហាក្សត្រ ផ្តល់នីតិសម្បទា ឱ្យធ្វើនយោបាយឡើងវិញ ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ១រូបទៀត ត្រូវបានព្រះមហាក្សត្រ ផ្តល់នីតិសម្បទា ឱ្យធ្វើនយោបាយឡើងវិញ

លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញហើយ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី០២ ខែមីនាឋ ឆ្នាំ២០១៩នេះ។

ការប្រទាននីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញនេះ បានធ្វើឡើងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីសាមីខ្លួន បានធ្វើលិខិតស្នើសុំនីតិសម្បទានេះ តាមវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។

លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ លោក ស៊ីម សុវណ្ណនី ស្ថិតនៅក្នុងលេខរៀងទី៤៤ នៃបញ្ជីហាមឃាត់ធ្វើនយោបាយរបស់តុលាការកំពូល។

សូមបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបិតផ្លូវតវ៉ា បន្ទាប់ពីតុលាការរកឃើញថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

គួរបញ្ចាក់ដែរថា លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលជាកូនប្រុសរបស់ លោក គង់ គាំ បានបង្ហើបថា នឹងមានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀត ស្នើសុំសិទ្ធិធ្វើនយោបាយ នៅពេលខាងមុខនេះ។

ទន្ទឹមគ្នានេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតថ្នាក់ដឹកនាំមួយរូប ក្នុងអតីត CNRP ១១៨នាក់ ក៏បានបង្ហើបតាមបណ្តាញសង្គម ​Facebook អំពីការទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ​បើសិនមានការប្រទានពីព្រះមហាក្សត្រ។

ព្រះអង្គមានបន្ទូលយ៉ាងដូច្នេះថា «ប្រសិនបើ ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឲ្យខ្ញុំមានសិទ្ធិ ធ្វើនយោបាយ ឡើងវិញ ខ្ញុំនឹងទទួល ដើម្បីបន្តដំណើរ (ក្នុងស្រុក) ឆ្ពោះទៅរក ការផ្លាស់ប្តូរ ជាវិជ្ជមាន»។

ប៉ុន្តែទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ដល់អ្នកនយោបាយជាប់បម្រាមទាំងអស់ ដែលចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវតែធ្វើការស្នើសុំទៅក្រសួងមហាផ្ទៃ ហើយលិខិតស្នើសុំទាំងអស់ដាច់ដោយឡែកពីគ្នា មិនអាចធ្វើជាកញ្ចប់នោះទេ៕

អត្ថបទទាក់ទង