សេចក្តីគោរពស្រឡាញ់របស់កម្មករ កម្មការិនី ចំពោះលោកនាយករដ្ឋមន្ត្រី គឺប្រៀបបានដូចឪពុក ជីតា និងកូន ចៅ
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការស្វាគមន៍របស់កម្មករ កម្មការិនី ជាការស្វាគមន៍ដោយក្តីគោរពស្រឡាញ់ ជាការគោរពរាប់អានប្រៀបដូចឪពុក ជីតា ជាមួយកូន និងចៅ ដែលលើសពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
លោកបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនី មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកមានភាពសប្បាយរីករាយខ្លាំងណាស់នៅពេលដែលបានជួបកម្មករ កម្មការិនីនៅក្នុងខេត្តពោធិ៍សាត់ និងបានថ្លែងសុំការយោគយល់ចំពោះកម្មករ កម្មការិនី ដែលលោកបានធ្វើការពន្យាពេលមួយរយៈក្នុងការចុះជួបជាមួយក្មួយៗ។ លោកក៏បានលើកឡើងថា “ការមកយឺត វាប្រសើរជាងមិនមក”។ លោកបានបញ្ជាក់បន្ថែមថា នៅពេលកម្មករ កម្មការិនី ត្រូវការលោក គឺលោកនឹងចេញមកជួយ តែបើកម្មករ កម្មការិនីលែងត្រូវការលោក លោកក៏មិនអាចចេញមកជួយតទៅទៀតដែរ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងកោតសសើរថា អត្រាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅក្នុងស្រុកក្រគរមានអត្រាខ្ពស់ជាងគេ។ ឆ្លៀតឱកាសនោះ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីក្នុងខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកក្រគរ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុប៕