ខ្មែរប៉ុស្ដិ៍ Close

អភិបាលរងថ្មីខេត្តព្រះសីហនុ ប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 104

នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះសីហនុ ០២រូប ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៣៣៤ អនក្រ.តត ស្តីពីការផ្ទេរភារ កិច្ច និងតែងតាំងមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក លៀម សុជា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។ តែងតាំងលោក ម៉ាង ស៊ីណេត ឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ១ នៃមន្ត្រីក្រប ខ័ណ្ឌគ្រប់គ្រងរដ្ឋបាលក្រសួងពាណិជ្ជ កម្ម ឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។ 

ក្នុងពិធីនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់លោកអភិបាលរងទាំងពីរ ដែលបានមកបំពេញតួនាទីជាអភិបាលរងខេត្តព្រះសីហនុ ដើម្បីបម្រើប្រជាពលរដ្ឋ រួមសាមគ្គី ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យ។

ក្នុងនោះការងារចម្បងមានការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រៀមលក្ខណៈអប់រំបណ្ដុះបណ្ដាលសមត្ថភាព កសាងធនធាន មនុស្សសម្រាប់បន្តវេនក្នុងពេលអនាគត ។

ស្របគ្នានោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍វាយតម្លៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តជម្រុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយសមិទ្ធផលនេះ បានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០១៨ និងការព្យាករណ៍២០១៩ កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។   

លោកបានបន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ២រូប សង្ឃឹមថា និងអនុវត្តបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ស្វែងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍខេត្តព្រះសីហនុ បង្កើត បាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការការពារសុខសន្តិភាព ស្របតាម គោលនយោបាយបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការរក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព បង្កឱកាសការអភិវឌ្ឍរយៈពេលវែង  ទាមទារឱ្យមានភាពទាក់ទាញ ផ្តោតលើធនធានធម្មជាតិ តាមតំបន់ឆ្នេរកោះ សិក្សាបញ្ចៀស ផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត និងត្រៀមរៀបចំត្រៀមបង្ការការខ្វះខាតទឹកស្អាតនៅរដូវប្រាំងខាងមុខនេះជូនប្រជាពលរដ្ឋផងដែរ។ 

ជាមួយគ្នានោះ លោក ម៉ាង ស៊ីណេត បាន បេជ្ញាចិត្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៦ ដើម្បីកំណើនការងារ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព និងជាសេនាធិការបម្រើសេវារបស់រដ្ឋបាលខេត្ត រក្សាសាមគ្គីភាពផ្ទៃក្នុង និងតាមមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត ៕


    

អត្ថបទទាក់ទង