ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកនឹងស្នើសុំភាគីកូរ៉េជួយទិញកសិផលពីកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកនឹងស្នើសុំភាគីកូរ៉េជួយទិញកសិផលពីកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកនឹងស្នើសុំភាគីកូរ៉េជួយទិញកសិផលពីកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅល្ងាចនេះ លោកនឹងអញ្ជើញពិសារបាយសាមគ្គីជាលក្ខណៈគ្រួសារជាមួយលោកប្រធានាធិបតីកូរ៉េ និងភរិយា ហើយក្នុងឱកាសនោះដែរ លោកនឹងស្នើសុំឱ្យភាគីកូរ៉េជួយទិញកសិផលពីកម្ពុជា ដើម្បីជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរផងដែរ។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពីធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។

គួរបញ្ជាក់ថា លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នឹងមកដល់ ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកប្រធានាធិបតី មូន ចេអ៊ីន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នាផងដែរ៕

អត្ថបទទាក់ទង