ខ្មែរប៉ុស្ដិ៍ Close

រដ្ឋ​បាលខេត្ត​ព្រះសីហនុ បង្ហាញ​ភាពលេចធ្លោ នៃបច្ចុប្បន្នភាពវិស័យសំណង់ក្នុង​ក្រុងនេះថា នឹងឈានទៅ​រកកេរ្តិ៍​ឈ្មោះដាច់គេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 29
រដ្ឋ​បាលខេត្ត​ព្រះសីហនុ បង្ហាញ​ភាពលេចធ្លោ នៃបច្ចុប្បន្នភាពវិស័យសំណង់ក្នុង​ក្រុងនេះថា នឹងឈានទៅ​រកកេរ្តិ៍​ឈ្មោះដាច់គេ រដ្ឋ​បាលខេត្ត​ព្រះសីហនុ បង្ហាញ​ភាពលេចធ្លោ នៃបច្ចុប្បន្នភាពវិស័យសំណង់ក្នុង​ក្រុងនេះថា នឹងឈានទៅ​រកកេរ្តិ៍​ឈ្មោះដាច់គេ

មន្ត្រីរដ្ឋបាលសាលា​ខេត្តព្រះសីហនុ បានអះអាងថា ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រមួយនេះ ​មានសកម្មភាពសាងសង់សំណង់​តូច​ធំជាច្រើន​អគារ បាននិងកំពុងសាងសង់​​មានសកម្មភាព​រស់រវ៉ើក រហូតមកដល់សព្វថ្ងៃនេះ​​។

​តាម​មន្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា តួលេខ នៃគម្រោងសាងសង់សំណង់​ ដែលមានទំហំ​ផ្ទៃលើសពី ៣០០០ម៉ែត្រការ៉េឡើងទៅ គឺមាន​ចំនួន៧០​គម្រោង ក្នុងនោះជាង ៣០០គម្រោង កំពុង​ដំណើរការ​សាង​សង់​យ៉ាងសកម្មរាល់ថ្ងៃនេះ។ ទន្ទឹមគ្នានេះ ក៏មាន​សំណង់​អគារ ដែល​មានកម្ពស់ខ្ពស់​ៗ រហូតដល់៤០​ជាន់ មានចំនួនជាច្រើនគម្រោង កំពុង​ត្រូវបាន​ស្ថាបនា បាន​រីកដូច​ផ្សិត​ និងទាក់ទាញការ​ចាប់អារម្មណ៍​ពីសំណាក់ប្រជា​ពលរដ្ឋ និងភ្ញៀវទេសចរ​ជាតិ​អន្តរ​ជាតិ​​ ​ដែលចូលមកដល់​មូលដ្ឋាននេះ។

វិស័យសំណង់នាខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ​២០១៥ ​មានគម្រោង​សាងសង់​អគារ​ខ្ពស់ៗចាប់ពី ៥ជាន់ រហូត​ដល់៣៥​ជាន់ មានត្រឹម៤៦គម្រោង​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេលនេះ គឺគិតតែ​ឆ្នាំ​២០១៨​​ប៉ុណ្ណោះ ក្រុងទេសចរណ៍មួយនេះ មាន​គម្រោងសង់អគារធំ​ៗ និង​មានកម្ពស់ៗ​ចាប់ពី ៥ជាន់ដល់៤០​ជាន់ មានរហូតដល់ ៥៨គម្រោង។

មន្ត្រីរដ្ឋបាលដដែលបញ្ជាក់ថា ​ភូមិសាស្រ្ត​ខេត្តព្រះសីហនុ មាន​លក្ខណៈ​អំណោយផលពីធម្មជាតិល្អព្រមគ្នា​​ដូចជា៖ មាន​ឆ្នេរខ្សាច់ពណ៌ពងមាន់ សម្បូរដោយកោះតូច-ធំ មាន​ជួរ​ភ្នំ សម្បូរដោយ​ព្រៃធម្មជាតិ​ស្រស់​ត្រកាល​គ្រប់រដូវកាល រហូតរដ្ឋបាលខេត្តនេះ សម័យមុនៗ និង​បច្ចុប្បន្ន​បាន​យកធ្វើជាឧទ្យានជាតិ។ ភាពល្បីល្បាញ​ទាំង​នេះ​ហើយ បានជំរុញឲ្យខេត្តជាប់ឆ្នេរ​សមុទ្រ​មួយ​នេះ មាន​ឈ្មោះបោះសំឡេង​ដោយ​បានបង្កើត​ជាទី​ក្រុង​ថ្មីឈ្មោះ​ថា «ព្រះសីហនុ» នា​ដើម​ទស្សវត្សរ៍ឆ្នាំ១៩៦០​មក​ម្ល៉េះ។

មន្ត្រីរូបនេះបានរំលឹកថា កាលណោះនៅ​ដំណាក់កាលដំបូង​ គឺក្រុងព្រះសីហនុ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ថាជាទី​ក្រុង​អំណោយ​ផល​ជាប់មាត់សមុទ្រដ៏ស្រស់ស្អាត ប្រកបដោយសម្រស់ធម្មជាតិពិតៗ ហើយ​មានសេដ្ឋកិច្ច​រីក​ច​ម្រើន​រស់រវើក ព្រោះមានកំពង់ផែសមុទ្រទឹកជ្រៅ មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ផ្នែក និង​ជា​ពិសេស​ផ្នែក​នគរូបនីយកម្មឆើតឆាយថ្មីៗ បានរំលេចខ្លួនលេចធ្លោ​ជាងគេនៅក្នុងតំបន់។ ​ចំពោះ​សមិទ្ធិផលនានា​នៅ​អមសងខាងផ្លូវនីមួយៗក្នុងក្រុងព្រះសីហនុវិញ ​គេ​សង្កេត​ឃើញ​មាន​សំណង់​ភូមិគ្រឹះតូចធំចម្រុះ ស្ថាបត្យកម្មខ្មែរជាច្រើនរយខ្នង ត្រូវបានកសាង​ព្រោង​ព្រាត ​សម្រាប់​ការរស់​នៅរបស់​ប្រជា​ពលរដ្ឋ និង​ជួលឲ្យភ្ញៀវទេសចរជាតិអន្តរជាតិស្នាក់នៅ ឬសម្រាក​លម្ហែកាយជាដើម។

បញ្ហានេះ ​សូម្បី​អតីតព្រះមហាក្សត្រ នរោមត្តម សីហនុ ក៏ទ្រង់ពេញ​ព្រះទ័យជាខ្លាំង នូវបរិយាកាស​បរិសុទ្ធ​ស្រស់​ត្រកាល របស់ទីក្រុងទេសចរណ៍មួយនេះ រហូត​បានដាក់​ឈ្មោះខេត្តនេះ ​​តាមព្រះនាមទ្រង់ថែមទៀត​ផង​។ ជាងនេះទៀត ព្រះអង្គក៏បានពេញ​ព្រះ​ទ័យ​​សាងសង់ព្រះ​រាជដំណាក់ សម្រាប់សម្រាក​លម្ហែ​ព្រះ​កាយរបស់​ព្រះ​អង្គ ​នៅទីក្រុងទេសចរណ៍ជាប់​មាត់​សមុទ្រ​មួយ​នេះ និងបានបន្សល់ទុក​ដល់សព្វថ្ងៃនេះ​​​។

មន្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ បន្តថា ​នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុង​ព្រះសីហនុ មាន​ភាព​ល្បីល្បាញលើសគេ​ក្នុងតំបន់​ (ថៃ កម្ពុជា វៀតណាម) ពោលបន្ទាប់ពី​ក្រុងព្រះសីហនុ បាន​ស្ថាបនា​សណ្ឋា​គារ​ឯករាជ្យ ឬ​សណ្ឋាគារ៧ជាន់​ ​រួចរាល់​ក្នុងឆ្នាំ១៩៦៤-៦៥។ ​កាល​ណោះ ​កិត្តិនាមរបស់​សណ្ឋាគារ​នេះ ក៏បានទទួល​​ឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូប រួមមាន៖ អតីត​លោក​ស្រីភរិយា របស់​ប្រធានាធិបតី ចន អែហ្វ កេនឌី​ (John F. Kenedy) ​​នៃសហរដ្ឋអាមេរិកជាដើម។ សណ្ឋាគារឯករាជ្យ ឬសណ្ឋាគារ ៧ជាន់ ក៏​ជាប់ឈ្មោះជាអគារសំណង់ធំខ្ពស់ជាគេបំផុត ​ចាប់ពី​ទស្សវត្សរ៍​ឆ្នាំ១៩៦០ដល់ឆ្នាំ១៩៨០ នៅទូទាំងតំបន់ឆ្នេរ គឺរាប់​ពីឆ្នេរសមុទ្រហាឡុងបៃយ៍ ជិតទីក្រុង​ហា​ណូយ ប្រទេស​វៀតណាម រហូតដល់តំបន់ឆ្នេរ នៃខេត្តណារ៉ាត់ធីវ៉ាត់ ប្រទេសថៃ​។

គួររំលឹកថា សណ្ឋាគារឯករាជ្យ ដ៏ល្បីល្បាញខាងលើនេះ ត្រូវបានរចនាប្លង់សាងសង់ដោយស្ថាបត្យករជនជាតិ​បារាំង និងជនជាតិ​ខ្មែរ។ ចំណែកការរចនាផ្ទៃខាងក្នុង នៃសណ្ឋាគារនេះ គឺជាស្នាព្រះហស្ថសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ​ដោយ​ផ្ទាល់។ ​សណ្ឋាគារឯករាជ្យ បើរាប់​ពីចុងទស្សវត្សរ៍ឆ្នាំ១៩៧០ថយក្រោយ គឺជា​សំណង់​ធំប្រណីត​ និង​ខ្ពស់ជាងបំផុត នៅ​តំបន់​ឆ្នេរសមុទ្រ (វៀតណាម​ កម្ពុជា​ ថៃ) ពោលគឺមានតែសណ្ឋាគារឯករាជ្យ ឬ​សណ្ឋាគារ​៧ជាន់​មួយ​ទេ ដែលត្រូវបាន​គេ​ទទួល​ស្គាល់​ជាលក្ខណៈអន្តរជាតិ ថាជាសំណង់ខ្ពស់​ធំស្កឹមស្កៃ​ ដាច់​គេ​នៅក្នុងតំបន់ទាំងមូល។

​ដោយឡែក ងាកមកមើលបច្ចុប្បន្នភាព នៃគម្រោងអភិវឌ្ឍន៍អគារសំណង់ខ្ពស់ ប្រណីតៗ និងធំស្កឹមស្កៃ ក្រោមការ​ដឹក​នាំរបស់លោក យន្ត មីន ​ជាអភិបាលខេត្តព្រះសីហនុវិញ បើគិតក្នុងឆ្នាំ​២០១៨​ ទីក្រុងជាប់មាត់​សមុទ្រ​មួយ​នេះ មានគម្រោងសាងសង់អគារធំ​​ប្រណីតៗ និង​មានកម្ពស់​ស្កឹមស្កៃ ចាប់ពី៥​ជាន់​ដល់ ៤០ជាន់ មាន​​ចំនួន ​៥៨គម្រោង៕

អត្ថបទទាក់ទង