ពិធីបុណ្យទន្លេលើកទី៥ នឹងឈានចូលមកដល់នៅ ៤ថ្ងៃខាងមុខទៀតនេះ នៅខេត្តកំពង់ឆ្នាំង!
នៅតែ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងឈានចូលមកដល់ហើយ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខណៈគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យ បានរៀបចំកិច្ចការងាររបស់ខ្លួនរួចជាស្រេចហើយ ក្នុងការស្វាគមន៍វត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។ ពិធីបុណ្យទន្លេលើកទី៥នេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ហើយនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភរិយា ផងដែរ។
ជាការពិតណាស់ ការតុបតែងលម្អនៅតាមដងផ្លូវនៃក្រុងកំពង់ឆ្នាំង ពិតជាមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញមែនទែន រីឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏បានមកទស្សនាកម្សាន្តបណ្ដើរៗផងដែរ។ ការងារត្រៀមរៀបចំបុណ្យទន្លេនេះ បានឆ្លងកាត់ការប្រជុំត្រួតពិនិត្យជាច្រើនលើក ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយភាពរលូន ប្រកបដោយភាពអធិកអធ័ម។
តួយ៉ាងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ រួមជាមួយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀបចំចុងក្រោយ។ ក្នុងកិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់អំពីការពង្រឹងសុវត្ថិភាពទូទៅ សុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធី និងទូទាំងក្រុងកំពង់ឆ្នាំង ពិសេសគឺត្រូវសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគណៈអធិបតីឱ្យបានល្អប្រសើរ។
ក្រៅពីនេះ លោកបានណែនាំឱ្យក្រុមការងារបន្ថែមការតុបតែងភ្លើងលម្អ នៅកន្លែងមួយចំនួនទៀត ពិសេសភ្លើងលម្អនៅតាមដើមឈើ ទីសាធារណៈជាដើម ខណៈការតុបតែងលម្អនៅកន្លែងនានា ក្រុមការងារក៏បានខិតខំធ្វើយ៉ាងល្អប្រសើរមកហើយដែរ។ ពិសេសលើសពីនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់អគ្គិសនីកម្ពុជា សូមកុំឱ្យមានការដាច់ភ្លើងអគ្គិសនីក្នុងពេលពិធីបុណ្យទន្លេ រយៈពេល៣ថ្ងៃនោះឱ្យសោះ។
ចំពោះកម្មវិធីសម្ដែងសិល្បៈ ការរៀបចំព្រឹត្តិការណ៍កីឡាជាដើមនោះ គឺមានការត្រៀមរួចរាល់អស់ ខណៈដែលក្រុមការងារនៅតែហាត់សម រៀល់ថ្ងៃ ដើម្បីញ៉ាំងបរិយាកាសក្នុងពិធីបុណ្យទន្លេខាងមុខនោះ ឱ្យកាន់តែអធិកអធ័ម។ ការរៀបចំព្រឹត្តិការណ៍សិល្បៈនេះទៀតសោត ក៏មានការសម្ដែងសិល្បៈពីក្រុមសិល្បកររបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា-ឥណ្ឌូណេស៊ី។
លោករដ្ឋមន្រ្តី បានណែនាំដល់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុង ក្រុងកំពង់ឆ្នាំង ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាតបាតត្រឹមត្រូវ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេ ព្រមទាំងសូមចូលរួមក្នុងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាម ភោជនីយដ្ឋាន-អាហារដ្ឋាន» ឱ្យបានសស្រាកសស្រាំងផងដែរ។
លោករដ្ឋមន្ត្រីនៅតែជំរុញឱ្យយុវជន ក៏ដូចជាអ្នកមានគូស្រករ គប្បីចូលរួម ដាំដើមឈើក្នុងពិធីបុណ្យទន្លេ ទុកជាអនុស្សាវរីយ៍ឱ្យបានកុះករ ដើម្បី ចូលរួមដល់ការការពារបរិស្ថាន។ ទោះយ៉ាងណា លោករដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ ៥០ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេនេះ៕
ប្រភព៖ Fresh News