ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកោតសរសើរដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1183
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកោតសរសើរដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកោតសរសើរដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ចំនួនសរុប ៣,០៤៣នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់ ក្នុងនោះក៏មាននិស្សិតអាហាររូបករណ៍របស់លោកនាយករដ្ឋមន្ត្រី និងភរិយាចំនួន ៣៩នាក់ផងដែរ ដែលពិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយក្រៃលែង ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់ក្មួយៗនិស្សិតនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចនៅថ្ងៃនេះ។ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសឱ្យកូនចៅបានសិក្សារៀនសូត្ររហូតបញ្ចប់ទទួលបានជោគជ័យនៅថ្ងៃនេះ។ លោកបានបញ្ជាក់ផងដែរថា លោកក៏ធ្លាប់ជាសាស្រ្តាចារ្យបង្រៀនវគ្គខ្លីៗនាទសវត្សឆ្នាំ១៩៨០ លើឯកទេសផ្នែកនយោបាយការបរទេស នៅសាកលវិទ្យាល័យខាងលើនេះផងដែរ។ លោកមានមោទនភាពដែលបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ផ្ទាល់ដល់និស្សិត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍កត់សំគាល់ពីបញ្ហាយ៉េនឌ័រ (Gender) ដោយក្នុងនោះ លោក បានកត់សម្គាល់ឃើញថា ចំនួនសិស្សស្រីនៅកម្រិតថ្នាក់វិទ្យាល័យ និងកម្រិតថ្នាក់បរិញ្ញាបត្រ មានចំនួនច្រើនជាងបុរស។ ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលពួកគេត្រូវបន្តការសិក្សានៅថ្នាក់អនុបណ្ឌិត និងបណ្ឌិតវិញ ចំនួននិស្សិតស្រីមានការធ្លាក់ចុះទៅវិញ។ ដូច្នេះត្រង់ចំណុចនេះ លោក បានអំពាវនាវ ក៏ដូចជាសំណូមពរឱ្យនិស្សិតស្រីនៅបន្តការសិក្សាឱ្យបានរយៈពេលវែង ជាពិសេស អាណាព្យាបាល ឬបុរសជាប្តី គួរតែផ្តល់ឱកាសដល់កូនស្រី និងដល់ប្រពន្ធរបស់ខ្លួនអាចបន្តការសិក្សាឱ្យបានច្រើន ដើម្បីឱ្យគេមានលទ្ធភាពទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ទូលំទូលាយ និងឱកាសទទួលបានការងារល្អៗនាពេលខាងមុខ។

នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ព្រះសង្ឃដែលបានបញ្ចប់ការសិក្សា ដោយលោកមានប្រសាសន៍ថា ទោះបី លោក គាំទ្រនិងជំរុញឱ្យនិស្សិតបន្តការសិក្សាកាន់តែខ្ពស់ទៅមុខ ប៉ុន្តែនោះជាជម្រើសផ្ទាល់ខ្លួនរបស់និស្សិតម្នាក់ៗ រួមទាំងព្រះសង្ឃផង ព្រោះប្រទេសជាតិបានផ្តល់ឱកាស និងសិទ្ធិសេរីភាពពេញលេញទូលំទូលាយតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលពលរដ្ឋម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើស ដោយគ្មានការកៀបសង្កត់ឡើយ ទោះបីចង់បន្តកាសិក្សា ឬចង់លាចាកសិក្ខាបទមានប្រពន្ធ ឬបន្តជាព្រះសង្ឃបូជាចំពោះព្រះពុទ្ធសាសនានោះ៕

អត្ថបទទាក់ទង