ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យមានទោសប្រហារជីវិតចំពោះឪពុក ជីតារំលោភកូន រំលោភចៅខ្លួនឯង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 518
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យមានទោសប្រហារជីវិតចំពោះឪពុក ជីតារំលោភកូន រំលោភចៅខ្លួនឯងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យមានទោសប្រហារជីវិតចំពោះឪពុក ជីតារំលោភកូន រំលោភចៅខ្លួនឯង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា លោកចង់ឲ្យមានទោសប្រហារជីវិត ចំពោះឪពុករំលោភកូនខ្លួនឯង ជីតារំលោភចៅខ្លួនឯង ឪពុកមារំលោភក្មួយបង្កើត បងរំលោភប្អូនបង្កើតជាដើម តាមរយៈការធ្វើប្រជាមតិនៅទូទាំងប្រទេសជាមុនសិន មុននឹងឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប(AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «កាលពីពីរថ្ងៃមុនតាបាននិយាយជាមួយយាយថា ចង់មានគំនិតផ្តួតផ្តើម ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យមានទោសចំពោះជនណាដែលរំលោភលើកូនខ្លួនឯង។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ឪពុករំលោភកូនខ្លួនឯង ជីតារំលោភចៅខ្លូនឯង គួរកម្រិតទោសប្រហារជីវិត។ ទោះយ៉ាងណាលោកបញ្ជាក់ថា នេះគ្រាន់ជាការគិតប៉ុណ្ណោះ។ លោកថា ការធ្វើវិសោធនកម្មរដ្ឋនុញ្ញ នឹងអាចធ្វើតាមសំណើររបស់នាយករដ្ឋមន្ត្រី ឬតាមរយៈរដ្ឋសភាដែលធ្វើជាសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់។

យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចនឹងមានការធ្វើប្រជាមតិថា គួរនឹងធ្វើឲ្យមានទោសប្រហារជីវិតគួរកំណត់ត្រឹមតែជីតារំលោភចៅខ្លួនឯង ឪពុកមារំលោភលើក្មួយខ្លួនឯង កម្រិតប៉ុណ្ណេះអាចជាការសមស្រប ប៉ុន្តែរឿងនេះ គឺជាការគិតរបស់លោក។ លោកនាយករដ្ឋមន្ត្រីថា ប្រសិនបើចាំបាច់យើងនឹងបើកធ្វើប្រជាមតិនៅទូទាំងប្រទេសថា តើត្រូវប្រជាមតិ ឬអត់»៕

អត្ថបទទាក់ទង