រសៀលនេះ លោកនាយករដ្ឋមន្រ្ដី និងលោកស្រី ប៉ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១
នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ក្នុងពិធីនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី នឹងស្រស់ស្រូបអាហាររួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនីផងដែរ។
កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសមានអរិយធម៌ វប្បធម៌ដ៏រុងរឿងមួយតាំងពីបុព្វកាល។ តែអរិយធម៌ និងវប្បធម៌នេះត្រូវបានជាន់ពន្លិចបាត់បង់គ្មានសល់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ អរិយធម៌ និងវប្បធម៌របស់កម្ពុជាត្រូវបានកសាង និងរស់រៀនជាថ្មីទាំងត្រដាប់ត្រដួសក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវប្បធម៌របស់ខ្មែរឡើងវិញ រហូតសម្រេចបង្កើតឲ្យមានទិវា «វប្បធម៌ជាតិ ៣មីនា» នៅឆ្នាំ១៩៩៨។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី តែងតែបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» ដើម្បីជំរុញ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវវ័យឲ្យស្រឡាញ់វប្បធម៌របស់ជាតិ។
ការប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០១៨ផងដែរ។ នៅក្នុងសារាចរណែនាំស្តីពីការរៀបចំទិវា «វប្បធម៌ជាតិ ៣មីនា» លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និងជាឱកាសដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់រៀបចំប្រារព្ធទិវាវប្បធម៌ជាតិឡើងសំដៅជំរុញការផ្សព្វផ្សាយ បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចចូលរួមថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។
ក្នុងសារាចរនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ការប្រារព្ធទិវាវប្បធម៌នេះ មានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនចូលរួមអនុវត្តឱ្យកាន់តែសកម្មថែមទៀតនូវចំណុចជាសារវន្តដូចខាងក្រោម៖
– លើកកម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ
– បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយថាមពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍
– លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
– លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនឱ្យខិតខំបង្កបង្កើនស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព
– ជំរុញឱ្យមានការចូលរួមដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនានិងពណ៌សម្បុរ៕