ខ្មែរប៉ុស្ដិ៍ Close

លោក មូន ចេអ៊ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 289
លោក មូន ចេអ៊ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃនៅកម្ពុជាលោក មូន ចេអ៊ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃនៅកម្ពុជា

លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

លោកប្រធានាធិបតី មូន ចេអ៊ីន និងលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ក៏រំពឹងថា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង