ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ដល់ពេលដែលក្រុមកឹម សុខានិយមចេញមុខហើយ!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 60
លិខិតមិត្តអ្នកអាន៖  «ដល់ពេលដែលក្រុមកឹម សុខានិយមចេញមុខហើយ!» លិខិតមិត្តអ្នកអាន៖ «ដល់ពេលដែលក្រុមកឹម សុខានិយមចេញមុខហើយ!»

ក្នុងនាមជាអ្នកកឹម សុខា និយមម្នាក់ ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវទង្វើរបស់លោក សម រង្ស៊ី ដែលជាទង្វើអសីលធម៌ បញ្ឈឺចិត្ត និងក្បត់យ៉ាងគឃ្លើនចំពោះលោក កឹម សុខា។

នៅលើបបូរមាត់របស់គាត់ សម រង្ស៊ី តែងទន្ទិញរត់មាត់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ប៉ុន្តែ អ្វីដែលបង្កប់ក្នុងពាក្យនេះគឺលោក សម រង្ស៊ី គ្រាន់តែចង់ទាញយកប្រជាប្រិយភាពពីលោក កឹម សុខា ដើម្បីមកប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនថា រូបគាត់បើគ្មានលោក កឹម សុខា ប្រៀបបាននឹងគុលអុសដែលគេបោះចោលគ្មានតម្លៃអ្វីទាំងអស់។

អ្វីដែលគួរឲ្យឈឺចាប់បំផុតនោះគឺ លោក សម រង្ស៊ី បានធ្វើអំពើមិនគួរគប្បីចំពោះលោក កឹម សុខា ទាល់តែសោះ។ ការយក សេរីភាពរបស់លោក កឹម សុខា ទៅភ្នាល់ជាល្បែងជារឿងដ៏អសីលធម៌បំផុតមួយទៅហើយ ឥឡូវនេះ លោក សម រង្ស៊ី បាន បង្ហាញនូវសកម្មភាពក្បត់ជាចំហដោយឥតអៀនខ្មាស។ នៅពេលលោក កឹម សុខា កំពុងជាប់ឃុំឃាំង លោក សម រង្ស៊ី បែរទៅជិះស្គីយ៉ាងសប្បាយនៅស្រុកបារាំង ហើយបង្ហោះហ្វេសប៊ុកបញ្ឈឺចិត្តលោក កឹម សុខា និងអ្នកកឹម សុខានិយម ទៀត។ នៅពេលលោក កឹម សុខា ខិតខំលះបង់អ្វីៗគ្រប់យ៉ាងដើម្បីបក្សរួមទាំងការលះបង់សេរីភាពផ្ទាល់ខ្លួនផង លោក សម រង្ស៊ី បែរជាឌឺឲ្យលោក កឹម សុខា ថា ជាប់គុកដូចលោក កឹម សុខា ឥតប្រយោជន៍ មិនអាចជួយអ្វីបានទាល់តែសោះ?

គ្រាដែលលោក កឹម សុខានិងក្រុមគ្រួសារ ក៏ដូចជាអ្នកកឹម សុខានិយម កំពុងតែក្រៀមក្រំ ហើយបន់ស្រន់ឲ្យលោក កឹម សុខា មានសេរីភាព លោក សម រង្ស៊ី បែរជាទៅរាំរែកយ៉ាងសប្បាយរីករាយដោយគ្មានខ្វល់ខ្វាយអ្វីទាំងអស់។

ដោយឃើញអំពើទាំងឡាយរបស់លោក សម រង្ស៊ី បានធ្វើឲ្យខ្ញុំនឹកឃើញសម្តីរបស់លោក កឹម សុខា ដែលបានប្រាប់ក្រុមសកម្មជនរបស់ខ្លួនកាលពីនៅជាមួយគណបក្សសិទ្ធិមនុស្សថា «សូមអ្នកទាំងអស់គ្នាចាំទុកថា មនុស្សដូចលោក សម រង្ស៊ី មិនអាចយកធ្វើជាមិត្តបានឡើយពីព្រោះមនុស្សនេះមិនចេះខ្វល់ពីអ្នកណាក្រៅពីខ្លួនឯងឡើយ»។ ទោះជាយ៉ាងណា ខ្ញុំខំព្យាយាមដាក់ចិត្តដាក់កាយជឿលើសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា មួយរយៈកន្លងមកទោះបីជាពេលខ្លះ អ្នកកឹម សុខានិយមជាច្រើនបាននាំគ្នារិះគន់លោកសម រង្ស៊ី ពីក្រោយខ្នងយ៉ាងណាក៏ដោយ។ ប៉ុន្តែ ពេលនេះ ខ្ញុំពិតជាអស់ក្តីអត់ធ្មត់ទៀតហើយពីព្រោះតែបានឃើញផ្ទាល់នឹងភ្នែកនូវទង្វើអសីលធម៌ និងអំពើក្បត់យ៉ាងគឃ្លើនរបស់លោក សម រង្ស៊ី។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវឲ្យក្រុមអ្នកកឹម សុខានិយម ទាំងឡាយ ឈប់ខាំមាត់សង្កត់ចិត្ត ឈប់គ្រាំទ្រូងព្រោះតែខ្លាច បែកបាក់តទៅទៀតទៅពីព្រោះទោះទ្រាំដល់ស្ទះដង្ហើមស្លាប់ក៏មនុស្សដូច សម រង្ស៊ី នេះមិនកែប្រែចរិតដែរ។

តើយើងទាំងអស់គ្នាអត់ទ្រាំដើម្បីអ្វី? ដើម្បីមើលទង្វើអសីលធម៌ និងអំពើក្បត់យ៉ាងគឃ្លើនរបស់លោក សម រង្ស៊ី ឬក៏យើងត្រូវធ្វើអ្វីម្យ៉ាងដើម្បីផលប្រយោជន៍របស់យើង? សម្រាប់ខ្ញុំ ភាពអត់ធ្មត់ចំពោះទង្វើរបស់លោក សម រង្ស៊ី និងបក្ខពួកគាត់ដែលបានប្រមាថ មាក់ងាយមកលើលោក កឹម សុខា និងមកលើពួកយើងគឺឆ្លងផុតបន្ទាត់ក្រហមហើយ។ ដូច្នេះ ខ្ញុះសូមអ្នកកឹម សុខានិយម ទាំងអស់ចេញមុខមកតស៊ូដើម្បីបុព្វហេតុរបស់យើងដូចដែល យើងធ្លាប់បានធ្វើកាលពីនៅគណបក្សសិទ្ធិមនុស្ស។ យើងមិនអាចទ្រាំតែម្ខាងដោយមើល ឃើញដៃគូម្ខាងទៀតបង្ហាញភាពគឃ្លើន រស់នៅយ៉ាងស្រណុក សុខសប្បាយ ដោយគ្មានខ្វល់ពីអ្នកណាទាំងអស់ដូច្នេះទៀតឡើយ។

ខ្ញុំដឹងថា អ្នកកឹម សុខានិយមទាំងអស់មានផែនការរៀបចំធ្វើអ្វីម្យ៉ាង ប៉ុន្តែម្នាក់ៗចេះតែទ្រាំអត់ធ្មត់ក្រោមហេតុផលថា កុំឲ្យបែកបាក់។ ប៉ុន្តែទោះជាយើងទ្រាំយ៉ាងណា ការបែកបាក់វាមានស្រេចទៅហើយ។ ម្យ៉ាងទៀត ភាគីម្ខាងទៀតគេមិនដែលខ្វល់ពីយើងទេ គឺពួកគេបែរជាធ្វើអាជីវកម្មគ្រប់បែបយ៉ាងពីសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ពួកគេយក បញ្ហានេះមកបាំងមុខដើម្បីកេងចំណេញខណៈដែលពួកយើង រស់នៅដោយគ្រាំគ្រាក្រោមការប្រមាថគ្រប់បែបយ៉ាង ទាំងកាយ វាចារចិត្ត។ តើយើងទ្រាំដើម្បីអ្វីទៀត? ខ្ញុំសង្ឃឹមថា សារនេះនឹងក្លាយជាសារដាស់ស្មារតីក្រុមអ្នក កឹម សុខា និយម ទាំងអស់ឲ្យចេញមុខទម្លាយរបាំងនៃការខ្លាចបែកបាក់នេះដើម្បីបន្តដំណើររបស់យើងតទៅទៀត។ ខ្ញុំសង្ឃឹមថា បងប្អូនអ្នកធ្លាប់គាំទ្រយើងនឹងនៅតែបន្តគាំទ្រយើងជាបន្តទៀតដោយមិនត្រូវសម្ងំធ្វើជាឈ្នាន់ឲ្យក្រុម លោក សម រង្ស៊ី ជាន់លើខ្នងពួកយើងយ៉ាងគឃ្លើនតទៅទៀតឡើយ៕

ពី៖សកម្មជន កឹម សុខានិយមម្នាក់

អត្ថបទទាក់ទង