ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 2
អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅសទស្សនានៅប្រាសាទតាកែវ ដើម្បីឱ្យការចរាចររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ និងទស្សនីយភាពគ្រប់ជ្រុងជ្រោយ និងបញ្ចៀសរាល់ការកកស្ទះជូនភ្ញៀវទេសចរពេលចូលទស្សនាប្រាសាទតាកែវ។

កញ្ញា ចំរើន វិនា មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ក្រុមការងារបានរៀបចំទិសដៅវង់ទស្សនានៅប្រាសាទតាកែវ ដោយកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ ដូចជា ការកាត់លះមែកឈើខ្លះៗរៀបចំជាផ្លូវថ្មើរជើងជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស រៀបចំផ្ទាំងព័ត៌មានស្តីពីប្រវត្តិនៃប្រាសាទ ដើម្បីឱ្យអ្នកទេសចរអាចស្វែងយល់ដោយខ្លួនឯងបាន។

កញ្ញា វិនា បន្តទៀតថា ការរៀបចំវង់ទស្សនានេះ ផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរបានច្រើន ដោយខ្សែទស្សនាក្នុងប្រាសាទនឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងនៃប្រាសាទនេះ ព្រមទាំងអាចផ្តិតយករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ។ មុននឹងមកដល់ប្រាសាទភ្ញៀវទេសចរដើរក្រោមម្លប់ឈើយ៉ាងត្រជាក់ ដែលជាលក្ខណៈពិសេសមួយនៅប្រាសាទតាកែវនេះ។ កញ្ញាបន្តថា សំណើខ្សែទស្សនាខាងលើត្រូវបានដាក់ជូនអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័តរួចរាល់ហើយដែរ មុននឹងឈានទៅដាក់ដំណើរការ។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ក្រុមការងារបរិក្ខាទេសចរណ៍

អត្ថបទទាក់ទង