ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ហៅការលើកឡើងបញ្ហាលោក កឹម សុខា របស់ស្ថានទូតអាមេរិក ជាទង្វើខ្វះការទូត និងមិនគោរពអធិបតេយ្យកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការលើកឡើងបញ្ហារបស់លោក កឹម សុខា ពីសំណាក់ស្ថានទូតអាមេរិក គឺជាទង្វើខ្វះការទូត និងមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួងការបរទេសបានលើកឡើងដូចនេះបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាតាមរយៈ Facebook នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្ហោះសារមួយរំលឹកពីការជាប់ឃុំរបស់លោក កឹម សុខា។

តាមរយៈសេចក្តីថ្លែងការណ៍នោះ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកាយវិការនេះ។ ក្រសួងការបរទេសចាត់ទុកសារអត្ថាធិប្បាយតែមួយជ្រុងលើរឿងក្តីរបស់លោក កឹម សុខានេះ បង្ហាញនូវចេតនាយ៉ាងច្បាស់ដើម្បីបំភាន់សាធារណៈមតិ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើបែបនេះ ហើយចាត់ទុកកាយវិការនេះថា មិនមានលក្ខណៈការទូត និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា «ក្រសួងការបរទេស ត្រូវបង្ខំចិត្តក្រើនរំលឹកដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អំពីមាត្រា៤១នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឱ្យស្ថានទូតសហរដ្ឋអាមេរិក គោរពច្បាប់និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ ព្រះរាជាណាចក្រកម្ពុជា តែងតែគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ ហើយមិនដែលធ្វើអត្ថាធិប្បាយលើរឿងអាស្រូវគួរឱ្យខ្មាស់អៀន របស់មន្ដ្រីជាន់ខ្ពស់ និងអ្នកនយោបាយរបស់ប្រទេសណាមួយឡើយ។ ទង្វើក្នុងទិសដៅលំអៀងបែបនេះរបស់ស្ថានទូតសហរដ្ឋអាមេរិក គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ប្រទេសទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលបម្រើដល់ប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ»។

ទន្ទឹមនឹងការទាមទារឱ្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងថែរក្សាសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រជាជនកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង