ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា រៀបចំកែសម្រួលព្រលានយន្តហោះអន្តរជាតិ ត្រៀមទទួលកិច្ចប្រជុំអន្តរជាតិនាពេលខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 14
កម្ពុជា រៀបចំកែសម្រួលព្រលានយន្តហោះអន្តរជាតិ ត្រៀមទទួលកិច្ចប្រជុំអន្តរជាតិនាពេលខាងមុខ កម្ពុជា រៀបចំកែសម្រួលព្រលានយន្តហោះអន្តរជាតិ ត្រៀមទទួលកិច្ចប្រជុំអន្តរជាតិនាពេលខាងមុខ

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំគណៈកម្មការតាមដាន និងត្រួតពិនិត្យការសាងសង់អាកាស យានដ្ឋានអន្តរជាតិទាំងអស់នៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនសម្បទានបារាំង SCA ក្រោមអធិបតី ភាព លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដោយ មានវត្តមានចូលរួមពីលោក ហ៊ីង ថូរ៉ាស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
ទី១- យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមហ៊ុន SCA បាននិងកំពុងរៀបចំចំណតយន្តហោះថ្មីមួយកន្លែង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អោយរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០១៩ ដែលនឹងអាចទទួលអោយយន្តហោះប្រភេទ Code C (Airbus 320, Airbus 321) ចំនួន១២គ្រឿងចតបាន ដេីម្បីត្រៀមលក្ខណ:សម្រាប់ទទួលយន្តហោះថ្នាក់ដឹកនាំនានាដែលអញ្ជេីញមកចូលរួមកិច្ចប្រជុំអាសុី-អឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន SCA បាននិងកំពុងពង្រីកបន្ថែមផ្លូវរត់យន្តហោះ ពី២៥០០ម ទៅ៣៣០០ម នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អោយបានរួចរាល់ទាន់ពេលសម្រាប់ទទួលយន្តហោះថ្នាក់ដឹកនាំនានាដែលអញ្ជេីញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នៅចុងឆ្នាំ២០២២ ខាងមុខនេះ និងដេីម្បីអោយយន្តហោះខ្នាតធំប្រភេទ Code E ដូចជា Boeing 777 អាចចុះចតបានផងដែរ ក្នុងគោលដៅបង្កេីនភ្ញៀវទេសចរមកកាន់កម្ពុជា។ សូមបញ្ជាក់ថា គម្រោងទាំងពីរនេះត្រូវបានយកមកជជែកពិភាក្សាអំពីផែនការថវិការបស់ក្រុមហ៊ុន SCA សម្រាប់ឆ្នាំ២០១៩នេះ សម្រាប់ព្រលានយន្តហោះអន្តរជាតិទាំង៣នៅកម្ពុជាបច្ចុប្បន្ន៖ ភ្នំពេញ សៀមរាប និងព្រះសីហនុ។

ទី២- ចំពោះការគ្រប់គ្រងទូទៅនៅព្រលានអន្តរជាតិភ្នំពេញ ដែលកន្លងមកមានការរិះគន់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធបង់ប្រាក់សម្រាប់ចំណតយានជំនិះនៅក្នុងព្រលាន។

ចំពោះករណីនេះ ក្រុមហ៊ុនបានពន្យល់ថា ដោយយោងលើកំណើននៃអ្នកប្រើប្រាស់ចំណត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមហ៊ុនសម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង់ថ្លៃចំណតថ្មីនេះ ដើម្បី បញ្ជៀសការកក់ស្ទះនៅក្នុងអាកាសយានដ្ឋាន និងផ្តល់សេវាកាន់តែប្រសើរជាងមុនដល់អ្នកប្រើប្រាស់។

ក្នុងករណីនេះ ក្រុមហ៊ុនបានផ្សព្វផ្សាយពីរបៀបប្រើប្រាស់ប្រព័ន្ធបង់ថ្លៃចំណតថ្មីនេះរួចរាល់ហើយ និងដាក់ឱ្យប្រើប្រាស់កាតសម្រាប់ទូទាត់ថ្លៃចំណតដើម្បីសម្រួលដល់ការបង់ថ្លៃចំណតថ្មីនេះផងដែរ។

គណ:កម្មការ និងក្រុមហ៊ុនបានឯកភាពគ្នាអោយក្រុមហ៊ុនបង្កេីនការផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយ ជូនសាធារណ:ជនជ្រាប និងធ្វេីអោយប្រព័ន្ធបង់ប្រាក់មានលក្ខណ:កាន់តែងាយស្រួល និងប្រសេីរឡេីង ដេីម្បីសម្រួលដល់ការចេញចូលរបស់សាធារណ:ជន។

ទី៣- គណ:កម្មការនឹងចុះទៅពិនិត្យខ្លោងទ្វារច្រកចូល VIP របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្នដែលបានសាងសង់រួចរាល់ និងរៀបចំកម្មវិធីសម្រាប់ការប្រគល់-ទទួលខ្លោងទ្វារនេះ ជាមួយភាគីពាក់ព័ន្ធ នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទទាក់ទង