ខ្មែរប៉ុស្ដិ៍ Close

លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យបារាំងបន្តជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យបារាំងបន្តជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យបារាំងបន្តជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលជួបលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងប្រធានបទផ្សេងៗទៀត។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរអរគុណជូនចំពោះរដ្ឋាភិបាលបារាំងដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម។

ជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលបារាំង បានចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្ម មានការរីកចម្រើនគួរឱ្យមោទនភាព លោករដ្ឋមន្រ្តី សង្ឃឹមថា រដ្ឋាភិបាលបារាំង នឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀតជាពិសេសដល់វិស័យកៅស៊ូគ្រួសារឱ្យកាន់តែមានការរីកចម្រើនសមស្របតាមនិន្នាការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនប្រជាជន និងការប្រកួតប្រជែងទីផ្សារ។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណាប់អារម្មណ៍របស់លោកស្រី ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យកសិកម្មដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ លោកស្រីបានបន្តថា ជំនួបនាពេលនេះ គឺជាឱកាសនៃការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ល្អៗ និងធ្វើការសិក្សា លើកទិសដៅបន្តអនុវត្តគម្រោង ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ទោះជាយ៉ាងណា លោកស្រី បានសន្យាថានឹងខិតខំ ផ្តល់កិច្ចសហការបន្ថែមទៀត ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើនសមស្រប តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនេះដែរ ភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែរជាអាទិ៍៖
ទី១៖ ការអភិវឌ្ឍវិស័យកៅស៊ូគ្រួសារ
ទី២៖ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋរចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា
ទី៣៖ ការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការកែច្នៃ ការវេចខ្ចប់ ការធានាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យ (SPS) ឆ្លើយតបតាមនិយាមក្នុងតំបន់ និងនៅលើពិភពលោក
ទី៤៖ ការលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ដីកសិកម្មឲ្យមាននិរន្តរភាព
ទី៥៖ វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនជ្រូកអាហ្វិច (African Swine Fever)៕

អត្ថបទទាក់ទង