ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ ទណ្ឌិតសម រង្ស៊ីកំពុងដាក់រនាំងសម្លាប់ជីវិតនយោបាយរបស់អតីតសកម្មជនខ្មោចបក្សសង្រ្គោះជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1245
    លិខិតមិត្តអ្នកអាន៖ ទណ្ឌិតសម រង្ស៊ីកំពុងដាក់រនាំងសម្លាប់ជីវិតនយោបាយរបស់អតីតសកម្មជនខ្មោចបក្សសង្រ្គោះជាតិលិខិតមិត្តអ្នកអាន៖ ទណ្ឌិតសម រង្ស៊ីកំពុងដាក់រនាំងសម្លាប់ជីវិតនយោបាយរបស់អតីតសកម្មជនខ្មោចបក្សសង្រ្គោះជាតិ

    ទីបំផុតច្រកទ្វារចេញតត្រូវបានបើករួចហើយ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយបើកផ្លូវឱ្យអ្នកនយោបាយដែលជាប់បំរាមមិនឱ្យធ្វើនយោបាយស្នើសុំនីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញ។ ថ្មីៗនេះ លោក គង់ គាំ ដែលជាអតីតឧត្តមទីប្រឹក្សា និងលោក គង់ បូរ៉ា បានទទួលព្រះរាជក្រឹត្យពីព្រមហាក្សត្រ អនុញ្ញាតធ្វើសិទ្ធិនយោបាយឡើងវិញផងដែរ។ ចម្លែកតែសកកម្មជាច្រើនាក់ទៀតកំពុងមានមន្ទិលសង្ស័យ និងមិនប្រាកដប្រជាថានឹងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញឬយ៉ាងណានោះទេ ខណៈពេលដែលលោក សម រង្ស៊ី កំពុងព្យាយាមឃាំងពួកគេទុកដូចជាសត្វគោនៅក្នុងក្រោល ដើម្បីមហិច្ឆិតារបស់ខ្លួនគឺចង់បានដំណោះស្រាយជាកញ្ចប់ដែលមានរូបគាត់ផងដែរ។ តើមហិច្ឆិតារបស់ទណ្ឌិត សម រង្ស៊ី កំពុងព្យាយាមដាក់រនាំងសម្លាប់ជីវិតនយោបាយរបស់សកម្មជនខ្មោចអតីតបក្សប្រឆាំងឬ?

    ជាការពិតបំផុត ច្បាប់ស្តីពីវិសោធនកម្មនេះ បានបើកផ្លូវឱ្យអ្នកនយោបាយដែលជាប់បំរាម អាចស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ គឺពិតជាច្រកចេញដ៏ល្អប្រសើរបំផុតសម្រាប់អតីតថ្នាក់ដឹកនាំ និងសកកម្មជនរបស់អតីតបក្សប្រឆាំងដើម្បីទទួលបានឱកាសធ្វើនយោបាយ ធ្វើសកម្មភាពជួបជាមួយអ្នកគាំទ្ររបស់ខ្លួនដោយសេរីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ ការបើកច្រកចេញតាមផ្លូវច្បាប់ខាងលើ គឺពិតជាសុឆន្ទៈ (Good Will) របស់រាជរដ្ឋាភិបាលក្នុងការប្រកាន់យកមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្សដោយឥតងាករេ និងស្របទៅតាមគោលការណ៍នីតិរដ្ឋក្នុងការដឹកនាំរដ្ឋមួយឱ្យមានស្ថេរភាព សន្តិភាព និងការអភិវឌ្ឍ។

    ផ្ទុយទៅវិញ ទណ្ឌិត សម រង្ស៊ី ខ្លួនឯងបាន និងកំពុងដាក់រនាំងបិទបាំងច្រកចេញដោយខ្លួនឯង ក្នុងន័យដែលសកម្មជនទាំងអស់ត្រូវឋិតនៅក្នុងក្រោល។ ជាការពិតដើម្បីសម្រេចមហិច្ឆិតានេះ ទណ្ឌិត សម រង្ស៊ី បានដណ្តើមយកតំណែងប្រធានស្តីទីដ៏ចំរូងចំរាស់របស់ខ្មោចបក្ស តាមរយៈការបង្កើតឱ្យមានក្តីសង្ឃឹមដ៏ស្រមើស្រមៃ និងព្យាយាមភ្ជាប់ខ្លួនទៅនឹងជាប់ឃុំឃាំងរបស់លោក កឹម សុខា ក្នុងចេតនាដ៏អាក្រក់ដែលខ្លួនរំពឹងថានឹងបានដំណោះស្រាយជាកញ្ចប់នៅពេលទណ្ឌិត សម រង្ស៊ី ខ្លួនឯងកំពុងជាប់ទោសមិនទាន់បានទូទាត់នៅឡើយ និងកំពុងជាប់ក្នុងបណ្តឹងជាច្រើនទៀត ដែលគ្មានថ្ងៃនឹងអាចវិលត្រឡប់ចូលស្រុកវិញបានដោយស្រួលនោះឡើយ។ វាជាការពិតនេះគួរជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងសកម្មជនខ្មោចបក្សរបស់ខ្លួនដើម្បីបង្កើតឱកាសអាចធ្វើសកម្មភាពដោយសេរី គឺជាឱកាសដែលអាចជួបជុំសកកម្មជនរបស់ខ្លួនតាមមូលដ្ឋានឡើងវិញ និងដើម្បីតតាំងលើទីលានប្រជាធិបតេយ្យ គឺការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។ តាមពិត ក្រុមលោក គង់ គាំ បាន និងកំពុងក្តាប់ឱកាសដ៏មានតម្លៃនេះ ដែលទំនងបានមើលឃើញថា អ្វីៗដែលសម រង្ស៊ី ព្យាយាមបន្តបន្ទាប់ដើម្បីលើកទឹកចិត្តក្លែងក្លាយ និងផ្តល់ក្តីសង្ឃឹមក្នុងសុបិន្តដល់អ្នកគាំទ្ររបស់ខ្លួននោះ វាទំនងនឹងមិនអាចកើតមានឡើយ ពោលគឺច្បាស់ណាស់ថា បក្សដែលងាប់ហើយមិនអាចរស់ឡើងវិញបានទេ ហើយអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ក៏មិនអាចទទួលបានមកវិញ ហើយកាន់តែអស់សង្ឃឹមបំផុតនោះ គឺការរៀបចំការបោះឆ្នោតឡើងវិញ ក៏កាន់តែមិនអាចធ្វើកើត គឺច្បាស់បំផុត «អង្ករបានក្លាយទៅជាបាយរួចហើយ» ដែលថ្នាក់ដឹកនាំ និងសកក្មជនខ្មោចបក្សង្រ្គោះជាតិទាំងអស់មិនគួរគប្បីបោះបង់ឱកាសដ៏មានតម្លៃបែបនេះឡើយ។ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ ចុះហេតុអ្វីមិនគោរពច្បាប់ ដើរតាមផ្លូវច្បាប់ តើនោះជាកំហុសអ្នកណា? តើអស់លោកទាំងអស់កំពុងរង់ចាំក្តីសង្ឃឹមក្លែងក្លាយបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី ឬ? តើប្រាកដទេថា ទណ្ឌិតសម រង្ស៊ី ប្រឹងសង្រ្គោះខ្មោចបក្សឱ្យរស់ឡើងវិញបាន?

    ជាការពិត ប្រធានស្តីទីបក្សខ្យល់ វាមានតែឈ្មោះប៉ុណ្ណោះ ពីព្រោះរហូតមកដល់ពេលនេះ កំលាំងរបស់បក្សនេះ បាននិងកំពុងបែកទៅជាបី ឬបួនផ្នែកដែលទណ្ឌិត សម រង្ស៊ី មិនអាចធ្វើជានិមិត្តរូបនៃការបង្រួបបង្រួមគ្នាបាននៅឡើយតាំងពីទណ្ឌិត សម រង្ស៊ី បានធ្វើបក្សប្រហារដោយគ្មានការឯកភាពពីលោក កឹម សុខា និងក្រុម កឹម សុខា ហើយថែមទាំងបានយកជីវិត និងសេរីភាព កឹម សុខា ធ្វើជាល្បែងភ្នាល់លេងសើចដោយអសីលធម៌ អគុណធម៌ និងអកត្តញ្ញូបំផុត។

    នៅពេលកន្លងមក ទណ្ឌិត សម រង្ស៊ី បានទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងល្បែងនយោបាយ ដេកផ្ទះ ឈ្នះស្អាត តែទីបំផុតប្រជាជនអ្នកបោះឆ្នោតដ៏ច្រើនលើសលុបបានចេញទៅបោះឆ្នោត ពិសេស អ្នកបោះឆ្នោត ៨៣,០២% ក្នុងចំណោមពលរដ្ឋខ្មែរជាង ៨,៣ លាននាក់ បានចេញទៅបោះឆ្នោតជាពិសេសផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិ ដោយសារប្រជាជនស្រឡាញ់សន្តិភាព ចង់បានស្ថេរភាព និងការអភវិឌ្ឍ។ តើយុទ្ធសាស្រ្តដេកផ្ទះ ឈ្នះស្អាតបានជោគជ័យឬទេ? តើបងប្អូនថ្នាក់ដឹកនាំ និងសកម្មជនខ្មោចបក្សប្រឆាំង គួរគប្បីនៅជាចំណាប់ខ្មាំងរបស់ទណ្ឌិត សម រង្ស៊ី បន្តទៀតបានឬទេ? តើអស់លោកទាំងអស់សុខចិត្តបន្តធ្វើជាសត្វគោក្នុងក្រោលរបស់ទណ្ឌិត សម រង្ស៊ីទៀតឬទេ?

    ជារួម ទណ្ឌិត សម រង្ស៊ី បាន និងកំពុងធ្វើនយោបាយចាញ់លើចាញ់ ហើយយកខ្មោចបក្សប្រឆាំងមួយនេះធ្វើជាខែល បំផ្លាញនូវសេចក្តីសុខ និងសិទ្ធិសេរីអ្នកដទៃ ចាត់ទុកសកម្មជនទាំងអស់ជាចំណាប់ខ្មាំងខាងនយោបាយរបស់ខ្លួនក្នុងមហិច្ឆិតាដ៏អាក្រក់បំផុតរបស់ខ្លួន។ ការដាក់រនាំងបិទបាំងច្រកទ្វារសម្លាប់សកកម្មជននយោបាយរបស់ទណ្ឌិតសម រង្ស៊ី គឺជាយុទ្ធសាស្រ្តកម្ទេច បំផ្លាញកម្លាំងនយោបាយរបស់ខ្លួនដែលនឹងទទួលបរាជ័យយ៉ាងអាម៉ាស់ម្តងទៀតនាពេលខាងមុខ ខណៈពេលដែលសកម្មជនខ្មោចបក្សសង្រ្គោះជាតិជាច្រើនទៀតនឹងមិនធ្វើជាសត្វគោក្នុងក្រោលរបស់ទណ្ឌិត សម រង្ស៊ី ទៀតឡើយ ហើយនឹងត្រូវដណ្តើមយកឱកាសដោយខ្លួនឯងដើម្បីខ្លួនឯង ប្រសើរជាងរង់ចាំក្តីសង្ឃឹមក្លែងក្លាយបែបស្រមើស្រមៃរបស់ទណ្ឌិត សម រង្ស៊ី។ ប្រសិនបើស្តាប់ឮតែផ្គរ មិនឃើញទឹកភ្លៀងនោះ វាពិតជាដាច់ខ្យល់ស្លាប់ជាមិនខាន ហើយក៏មិនបន្តរង់ចាំទឹកភ្លៀងនោះទេ ព្រោះជាផ្គរលាន់ក្នុងរដូវប្រាំងដែលគេពិបាកសង្ឃឹមខ្លាំងណាស់៕

    ដោយ៖ ឡុង បូរិតា

    អត្ថបទទាក់ទង