ខ្មែរប៉ុស្ដិ៍ Close

ជាមួយនឹងភាពជាប់គាំងរបស់អាស៊ាន វានឹងអាស្រ័យលើអាមេរិកក្នុងការដឹកនាំដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 102
ជាមួយនឹងភាពជាប់គាំងរបស់អាស៊ាន វានឹងអាស្រ័យលើអាមេរិកក្នុងការដឹកនាំដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក្រុមបាតុករចូលរួមការជួបជុំមួយនាពេលរាត្រីក្រោមពន្លឺភ្លើងទៀន នៅទីក្រុងយ៉ាំងហ្គោនកាលពីខែមីនា ឆ្នាំ 2021៖ អភិក្រមរបស់ទីក្រុងវ៉ាស៊ីនតោន គឺឈរនៅខាងក្រុមអ្នកតស៊ូ ប៉ុន្តែអាមេរិកពុំមានការប្ដេជ្ញាចិត្តខ្ពស់នោះទេ។ © AP

ខណៈពេលដែលការបះបោររបស់ប្រជាជនមីយ៉ាន់ម៉ាដើម្បីប្រឆាំងនឹងការកាន់កាប់របស់យោធា ដែលបានចាប់ផ្តើមនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ បានឈានចូលដល់ឆ្នាំទី៣ ដោយមិនទាន់មានឃើញដំណោះស្រាយជាក់ស្តែងណាមួុយនៅឡើយនោះ សហគមន៍អន្តរជាតិនៅតែមិនអាចបង្កើតបាននូវយុទ្ធសាស្ត្រដ៏ជោគជ័យដើម្បីបញ្ចប់វិបត្តិនេះបាន។ នៅខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានបានព្យាយាមដឹកនាំការឆ្លើយតបជាអន្តរជាតិតាមរយៈការស្នើឡើងនូវផែនការសន្តិភាពចំនួន ៥ ចំណុច ដើម្បីបញ្ចប់អំពើហិង្សា និងដើម្បីចាប់ផ្តើមការសន្ទនា។

ប៉ុន្តែការមូលមតិគ្នានេះបានទទួលបរាជ័យដោយសារតែការបដិសេធ និងជំហរដ៏រឹងរូសរបស់របបយោធា។ នៅក្នុងខែនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាកាតាបានលើកឡើងនូវការខកចិត្តចំពោះកង្វះវឌ្ឍនភាព។ ក៏ប៉ុន្តែពួកគេនៅតែបន្តជំរុញការអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥ និងនៅតែចាត់ទុកវាជា «មធ្យោបាយឆ្ពោះទៅមុខដ៏ល្អបំផុតសម្រាប់មីយ៉ាន់ម៉ា»។

ពួកគេគឺជាមនុស្សឆ្លាត ដោយក្នុងនោះពួកគេបានដឹងហើយថា «ការមូលមតិគ្នានេះនឹងមិននាំមកនូវលទ្ធផលអ្វីនោះទេ» ក៏ប៉ុន្តែពួកគេបានបន្តលើកឡើងពីវា ពីព្រោះរដ្ឋជាសមាជិកអាស៊ានកំពុងមានការខ្វែងគំនិតគ្នា និងមិនអាចឈានទៅរកការឯកភាពគ្នាលើវិធីសាស្រ្តដែលមានលក្ខណៈល្អប្រសើរជាងនេះនោះទេ។

ការជាប់គាំងនេះ បានធ្វើឱ្យអាមេរិកស្ថិតនៅក្នុងស្ថានភាពដ៏លំបាក។ ក្នុងទសវត្សរ៍ឆ្នាំ ២០០០ ការចូលរួមរបស់អាស៊ានជាមួយរបបយោធានៅមីយ៉ាន់ម៉ា ខណៈពេលដែលអាមេរិកបានបន្តគោលនយោបាយដាក់ទណ្ឌកម្ម និងការផ្តាច់ទំនាក់ទំនងឱ្យនៅឯកោ បានបង្កផលប៉ះពាល់ឥតឈប់ឈរដល់ទំនាក់ទំនងរវាងអាមេរិកជាមួយអាស៊ាន។

រដ្ឋមន្ត្រីការបរទេសនានានិងគណៈប្រតិភូ ចូលរួមសម័យប្រជុំចង្អៀតពេញអង្គនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី ៤ ខែកុម្ភៈ៖ ពួកគេដឹងថាផែនការឯកភាពទាំង ៥ ចំណុចនឹងមិនសម្រេចបាននោះទេ។ © AP

ភាគីម្ខាងៗតែងមានការខកចិត្តចំពោះជំហររបស់ភាគីម្ខាងទៀត។ នៅក្នុងវិបត្តិបច្ចុប្បន្ន អាមេរិកបានផ្តល់ការគោរពចំពោះអាស៊ានកាន់តែច្រើន តាមរយៈការបង្ហាញការគាំទ្រចំពោះចំណុចកុងសង់ស៊ីសទាំង ៥ របស់អាស៊ាន បើទោះបីជាវាមិនមានវឌ្ឍនភាពអ្វីគួរឱ្យកត់សម្គាល់ក៏ដោយ។ វិធីសាស្រ្តរបស់អាមេរិកគឺជារឿងដែលងាយស្រួលយល់ ដោយក្នុងនោះ វាត្រូវបានធ្វើឡើងដើម្បីពង្រឹងការគាំទ្ររបស់អាមេរិកចំពោះមជ្ឈភាពអាស៊ាន និងដើម្បីលាក់បាំងការពិតដែលថា «អាមេរិកក៏មិនមានគំនិតអ្វីល្អប្រសើរជាងនេះដែរ»។

ប៉ុន្តែការបរាជ័យរបស់អាស៊ានក្នុងការចាត់វិធានការឱ្យបានច្រើនជាងមុន ក្រៅតែពីការបន្តផ្តោតលើចំណុចកុងសង់ស៊ីសគួរតែជាសារដាស់តឿនមួយសម្រាប់រដ្ឋបាល Biden។ ការបន្តប្តេជ្ញាថានឹង «នៅឈរជាមួយប្រជាជនភូមា» បានធ្លាក់ចុះកាន់តែខ្សោយ ដោយសារការបន្តរបស់អាមេរិកក្នុងការគាំទ្រវិធីសាស្រ្តដ៏បរាជ័យរបស់អាស៊ាន និងការទទូចរបស់អាមេរិកឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ។

ប្រសិនបើអាមេរិកនៅតែបន្តប្រកាន់ខ្ជាប់នូវវិធីសាស្រ្តនេះ កេរ្តិ៍ឈ្មោះរបស់អាមេរិកនឹងកាន់តែរងនូវការធ្លាក់ចុះ បូករួមនឹងសមត្ថភាពរបស់អាមេរិកក្នុងការជះឥទ្ធិពលលើព្រឹត្តិការណ៍នានានៅមីយ៉ាន់ម៉ា។ វិធីសាស្រ្តប្រកបដោយការប្រុងប្រយ័ត្នរបស់អាមេរិកដែលបានបន្តអនុវត្តរហូតមកដល់បច្ចុប្បន្ន អាចបណ្តាលមកពីការស្ទាក់ស្ទើររបស់មន្ត្រីអាមេរិកដែលមិនចង់ប្រថុយនឹងហានិភ័យដែលអាចបង្កឡើងដោយការអនុវត្តគោលនយោបាយម៉ឺងម៉ាត់ពេក។

ពួកគេអាចនឹងខ្លាចថា «ការធ្វើដូច្នេះអាចបង្កឱ្យមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរ» ឬពួកគេអាចមានការសង្ស័យលើសមត្ថភាពរបស់តួអង្គផ្សេងៗក្នុងការអាចយកឈ្នះលើរបបយោធា ឬសមត្ថភាពក្នុងការគ្រប់គ្រងប្រទេស ប្រសិនបើពួកគេអាចយកឈ្នះលើរបបយោធា។ មន្ត្រីអាមេរិកក៏អាចមានការព្រួយបារម្ភផងដែរអំពីការអាចជំរុញឱ្យចិនបង្កើនការគាំទ្ររបស់ខ្លួនចំពោះរបបយោធា។ ម្យ៉ាងទៀត វាក៏អាចទៅរួចដែលថា «អាមេរិកកំពុងរវល់ជាមួយបញ្ហានៅអ៊ុយក្រែន ដែលជាហេតុធ្វើឱ្យពួកគេមិនអាចប្រមូលផ្តុំអារម្មណ៍ និងថាមពលមកលើជម្លោះដែលមិនសូវមានសារៈសំខាន់នេះបាន»។

អ្នកបង្កើតគោលនយោបាយអាមេរិកគួរតែទទួលស្គាល់ថា «មធ្យោបាយវិជ្ជមានតែមួយគត់ដើម្បីអាចចាកចេញពីវិបត្តិនេះ គឺការជួយឱ្យក្រុមអ្នកតស៊ូអាចដណ្តើមបានជោគជ័យក្នុងការបណ្តេញរបបយោធាមីយ៉ាន់ម៉ាចេញពីអំណាច»។ ដរាបណាយោធានៅតែកាន់អំណាច វានឹងនៅតែគ្មានសង្ឃឹមសម្រាប់ប្រទេស។ ការបង្កើនការគាំទ្រចំពោះក្រុមអ្នកតស៊ូពិតជាអាចនាំមកនូវហានិភ័យ ក៏ប៉ុន្តែការបន្តដើរលើផ្លូវបច្ចុប្បន្ន នឹងនាំមកនូវការធានាថា «អំពើហិង្សា, អស្ថិរភាព និងការឈឺចាប់នឹងនៅតែបន្តកើតមានសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត»។

ដូច្នេះ «តើអាមេរិកគួរធ្វើអ្វី?»

ទី១៖ «អាមេរិកមិនគួរបន្តទទូចឲ្យអាស៊ានដាក់ចេញនូវជំហរកាន់តែតឹងរ៉ឹងជាងនេះទេ»។ អាមេរិកគួរតែឈប់ធ្វើពុតថា «ចំណុចកុងសង់ស៊ីសនឹងផ្តល់នូវផ្លូវឆ្ពោះទៅមុខ ឬអាចនាំមកនូវដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិ»។ ប្រសិនបើឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៣ នេះដាក់ចេញនូវគោលដៅប្រកបដោយមហិច្ឆតាណាមួយ អាមេរិកគួរតែផ្តល់នូវការគាំទ្រ។

អាមេរិកមិនចាំបាច់ដាក់សម្ពាធលើអាស៊ានទេ ក៏ប៉ុន្តែអាមេរិកក៏មិនគួរបន្តភ្ជាប់ខ្លួនទៅនឹងវិធីសាស្ត្រដ៏បរាជ័យរបស់ប្លុកនេះដែរ។ ជាមួយនឹងអវត្តមាននៃយុទ្ធសាស្ត្រដែលអាចសម្រេចបានរបស់អាស៊ាន រដ្ឋបាល Biden គួរតែបង្ហាញនូវភាពជាអ្នកដឹកនាំរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រឱ្យបានកាន់តែច្រើនដល់យុទ្ធនាការតស៊ូដើម្បីបង្ខំរបបយោធាឱ្យចាកចេញពីអំណាច ឬយ៉ាងហោចណាស់អាចធ្វើឱ្យអំណាចរបស់យោធាធ្លាក់ចុះខ្សោយជាងមុន។

វិធីសាស្ត្រនេះគួរតែរួមបញ្ចូលនូវការបង្កើនការចូលរួមជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) និងក្រុមតស៊ូផ្សេងៗទៀត។ ការទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាល NUG លោក Zin Mar Aung នៅឯទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនបានបង្ហាញឱ្យឃើញនូវជំហានវិជ្ជមានមួយ ហើយកិច្ចប្រជុំបែបនេះគួរតែត្រូវបានអនុវត្តឱ្យបានកាន់តែទៀងទាត់។ ក្រសួងការបរទេសអាមេរិក៏គួរតែតែងតាំងអ្នកការទូតអាជីពមួយរូបដើម្បីធ្វើជាប្រេសិតពិសេសទទួលបន្ទុកលើបញ្ហាមីយ៉ាន់ម៉ា ដែលនឹងត្រូវចូលរួមជាមួយក្រុមអ្នកតស៊ូ បូករួមនឹងការសម្របសម្រួលលើការដាក់ទណ្ឌកម្ម។

អាមេរិកគួរតែផ្តល់មូលនិធិឱ្យបានគ្រប់គ្រាន់ដល់រដ្ឋាភិបាល NUG និងបណ្តាដៃគូដូចដែលត្រូវបានបង្ហាញនៅក្នុង «គោលនយោបាយ Unified Burma» ដែលទើបត្រូវបានអនុម័តថ្មីៗនេះ តាមរយៈច្បាប់ «Rigorous Military Accountability Act»។ ជំនួយនេះមិនគួរមានភ្ជាប់មកនូវលក្ខខណ្ឌណាមួយទាក់ទងនឹងវឌ្ឍនភាពឆ្ពោះទៅរកការកសាងក្រុមអ្នកតស៊ូដែលពេញលេញនោះទេ ដោយហេតុថា «ដំណើរការនេះមិនមែនជារឿងដែលអាចបង្ខំបានឡើយ»។

ប្រសិនបើអាមេរិកមានការព្រួយបារម្ភអំពីសមត្ថភាពរបស់ក្រុមអ្នកតស៊ូក្នុងការប្រើប្រាស់សាច់ប្រាក់ប្រកបដោយគណនេយ្យភាព ទីភ្នាក់ងាររបស់អាមេរិកគួរតែផ្តល់ការបណ្តុះបណ្តាលដល់ពួកគេ ជាជាងការប្រើប្រាស់ការព្រួយបារម្ភជាលេសមិនផ្តល់ជំនួយ។ ការផ្តល់អាវុធដោយផ្ទាល់ទៅដល់ក្រុមតស៊ូអាចជារឿងដែលមិនទំនងនោះទេ ហើយវាក៏នឹងមានការពិបាកផងដែរក្នុងការដឹកជញ្ជូន ក៏ប៉ុន្តែការបញ្ជូនមូលនិធិនឹងជួយបង្កើនធនធានដែលរដ្ឋាភិបាល NUG អាចប្រើដើម្បីទិញអាវុធ។

អាមេរិកក៏គួរតែពិចារណាផងដែរអំពីការផ្តល់សម្ភារៈដើម្បីជួយដល់ក្រុមតស៊ូក្នុងការពង្រឹងប្រព័ន្ធទំនាក់ទំនង និងកិច្ចខិតខំប្រឹងប្រែងក្នុងការចូលទៅប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ អាមេរិកក៏អាចប្រមូលផ្តុំអ្នកជំនាញផ្នែកយោធាដើម្បីពិចារណាអំពីមធ្យោបាយក្នុងការជួយដល់ក្រុមអ្នកតស៊ូដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសរបស់របបយោធា។

អាមេរិកបានបន្តគាំទ្រលទ្ធិប្រជាធិបតេយ្យនិងការគ្រប់គ្រងដោយជនស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក៏ប៉ុន្តែអាមេរិកបានទម្លាក់ដៃយ៉ាងខ្លាំងនៅក្នុងវិបត្តិបច្ចុប្បន្ននេះ។ អាមេរិកអាចនិងគួរតែផ្តល់នូវភាពជាអ្នកដឹកនាំដ៏ចាំបាច់បំផុតនៅពេលនេះ ទន្ទឹមនឹងការបន្តសហការជាមួយតួអង្គផ្សេងៗនៅក្នុងអាស៊ាន ដែលបានទទួលស្គាល់ថា «គន្លងបច្ចុប្បន្នមិនមែនជាជម្រើសដែលអាចនាំមកនូវភាពជោគជ័យឡើយ»៕

Nikkei Asia