ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដាក់ចេញនូវយុទ្ធសាស្ត្រ ៤ចំនុច ដើម្បីជំរុញកំណើនភ្ញៀវទេសចរណចិនមកកម្ពុជាឱ្យកាន់តែច្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដាក់ចេញនូវយុទ្ធសាស្ត្រ ៤ចំនុច ដើម្បីជំរុញកំណើនភ្ញៀវទេសចរណចិនមកកម្ពុជាឱ្យកាន់តែច្រើន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដាក់ចេញនូវយុទ្ធសាស្ត្រ ៤ចំនុច ដើម្បីជំរុញកំណើនភ្ញៀវទេសចរណចិនមកកម្ពុជាឱ្យកាន់តែច្រើន

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពី យុទ្ធសាស្ត្រមួយចំនួនក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ពិសេសទេសចរ ជនជាតិចិន ជម្រាបដល់លោក ឡ ស៊ូកាង ព្រមទាំងបានលើកឡើងនូវចំណុចគន្លឹះ មួយចំនួនដើម្បីបង្កើនទេសចរចិនមកកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅទីស្ដីការ ក្រសួងទេសចរណ៍នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ពោលគឺក្នុងអំឡុងពេលទស្សន កិច្ចរបស់លោក ឡ ស៊ូកាង និងគណៈប្រតិភូចិននៅប្រទេសកម្ពុជាដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែមករា។

ក្នុងជំនួបនោះ លោក ថោង ខុន បានឱ្យដឹងថា ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ស្អាត បៃតង និងសេវាប្រកបដោយគុណភាព និងដើម្បីទាក់ទាញទេសចរ អន្តរជាតិពិសេសទេសចរចិនមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្រ្ត ៤ចំណុចដូចជា៖
១- បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ (Creative & Innovative) តាមរយៈការទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។
២- ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍តាមរយៈយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ»។
៣- ពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ឲ្យកាន់តែខ្លាំងតាមរបៀប Traditional Marketing, Digital Marketing, E-Marketing។
៤- ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមប្រព័ន្ធ Online (Smart Tourism)។

លោករដ្ឋមន្រ្តី ថោង ខុន បានលើកឡើងថា ដើម្បីជំរុញទាក់ទាញទេសចរចិនមក កម្ពុជាឱ្យបានកាន់តែច្រើន ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារ ទេសចរណ៍ចិន និងអនុវត្តសៀវភៅសស្ដីពី China Ready ដោយផ្តោតលើ ៤ចំណុចសំខាន់ៗ៖ ការសម្រួលការធ្វើដំណើរការបញ្ជ្រាបការយល់ដឹងជាសាធារណៈ អំពីទីផ្សារចិនដល់ភាគីពាក់ព័ន្ធ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ តាមរយៈការអនុវត្តប្រព័ន្ធបញ្ជាក់គុណភាព (China Ready Accreditation System) ដល់សេវាកម្មទេសចរណ៍ និងយន្តការគាំទ្រគម្រោងបង្កើត China Ready Center នៅកម្ពុជា។ នៅឆ្នាំ២០១៨ ក្រសួងទេសចរណ៍ បានចូលរួមក្នុងសន្និសីទ និងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិធំៗចំនួន ៦លើក នៅប្រទេសចិន។ ទន្ទឹមនឹងនេះ នៅឆ្នាំ២០១៨ ក៏មានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនទៀត របស់ភាគីចិន (ដឹកនាំដោយអភិបាល ឬអភិបាលរងខេត្តរបស់ចិន) មកផ្សព្វផ្សាយអំពី គោលដៅទេសចរណ៍ចិននៅកម្ពុជាផងដែរ។

លោក ឡ ស៊ូកាង ក៏បានកោតសរសើរអំពីការអភិវឌ្ឍនៅកម្ពុជា ព្រោះក្រោមការ ដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិសេសកត្តាសុខសន្តិភាព សុវត្ថិភាពល្អ និងសម្បត្តិវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ដូចជាប្រាសាទអង្គរវត្តជាបេតិកភណ្ឌ ពិភពលោក ដែលមានទេសចរជាច្រើនទស្សនា (រួមមានទេសចរចិន) និងរូបលោកក៏ បានទស្សនាក្នុងដំណើរទស្សនកិច្ចនេះ។ លោករដ្ឋមន្រ្តីក៏បានសន្យាបន្ត ជំរុញភ្ញៀវទេសចរចិន និងអ្នកវិនិយោគមកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

គួររំលឹកផងដែរថា ផ្ដើមចេញពីកិច្ចសហការដ៏ល្អនេះ ជាលទ្ធផល ចំនួនទេសចរអន្តរ ជាតិពិសេសទេសចរចិនមកទស្សនាកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើន ឡើងគួរឲ្យកត់សម្គាល់៖
* ឆ្នាំ២០១៧ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមាន ៥.៦លាននាក់ កើនឡើង ១១.៨% ក្នុងនោះទេសចរចិនមានចំនួនជាង ១.២លាននាក់ (២១.៦% នៃចំនួនទេសចរសរុប) កើនឡើង ៤៥.៩%។
* ឆ្នាំ២០១៨ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៦.២លាននាក់ កើនឡើងប្រមាណ ១១% ក្នុងនោះទេសចរចិនមានប្រមាណ ២លាននាក់ (៣០.៦% នៃចំនួនទេសចរសរុប) កើនឡើង ៧០%។
* ទេសចរចិនមកកម្ពុជាស្ថិតក្នុងលំដាប់លេខ១ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងចំណោមទីផ្សារធំៗទាំង១០។
* ឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៣លាននាក់ ក្នុងចំនួនទេសចរសរុប ៧លាននាក់។
* ឆ្នាំ២០២៥ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៥លាននាក់ ក្នុងចំនួនទេសចរសរុបប្រមាណ ១១លាននាក់។
* ឆ្នាំ២០៣០ កម្ពុជាអាចនឹងទទួលទេសចរចិនបាន ៨លាននាក់ ក្នុងចំនួនទេសចរសរុបប្រមាណ ១៥លាននាក់៕

អត្ថបទទាក់ទង