ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ ១០ ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ ១០ ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ ១០ ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសទាំង១២ នៅខេត្តកំពត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុច ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍សំខាន់ៗ១០ចំណុចនោះរួមមាន៖
ទី១- ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៩ គឺ ១៨២ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរឹតតែល្អប្រសើរ។ រីឯការបើកប្រាក់ខែ គឺបើក ២ដង ក្នុងមួយខែ។
ទី២- ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត។
ទី៣- ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិ) ហើយក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឱ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
ទី៤- ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន (១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។ លោកនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
ទី៥- អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ កម្មករិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
ទី៦- អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករកម្មការិនីកុំឱ្យមានការឡើងថ្លៃពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
ទី៧- អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយៗកម្មករ និងទទួលបានប្រាក់ចូលនិវត្តន៍(ប្រាក់រឺត្រែត) ហើយ។
ទី៨- អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អប្រសើរ។
ទី៩- ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឱ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់កម្មករ កម្មការិនីឱ្យបានឆាប់បំផុត។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពកម្មករក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធានាដល់សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។
ទី១០- ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាឱ្យកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីន ក៏បានបញ្ជូនពលរដ្ឋឱ្យទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាស់អៀនឬអាក្រក់អ្វីទេ។

បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឈឹមបូព៌ា ដូចជាប្រទេសអារ៉ាប់ជាដើមដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។ កន្លងមក រាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនិងនាំយកមកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់៕

អត្ថបទទាក់ទង