ខ្មែរប៉ុស្ដិ៍ Close

កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះ​មិនអាច​មានអាព្យាក្រឹត្យជាមួយពួកឧទ្ទាមបានទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 57
កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះ​មិនអាច​មានអាព្យាក្រឹត្យជាមួយពួកឧទ្ទាមបានទេ កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះ​មិនអាច​មានអាព្យាក្រឹត្យជាមួយពួកឧទ្ទាមបានទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះ មិនមានពាក្យអាព្យាក្រឹត្យជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ។ លោក ក៏បានរំលឹកថា កងទ័ពត្រូវប្រយុទ្ធប្រឆាំងភេរវកម្មគ្រប់ទម្រង់នៃភេរវកម្មដែលវាកំពុងតែគម្រាមកំហែងពិភពលោកបច្ចុប្បន្ន មិនត្រូវឱ្យកម្ពុជាក្លាយទៅជាជម្រកនៃភេរវកម្ម ឬក៏ជាទីកន្លែងនៃការវាយប្រហារភេរវកម្មនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កងទ័ពត្រូវខិតខំប្រយុទ្ធប្រឆាំងភេរវកម្ម និងកម្ទេចចោលទាន់ពេលវេលានូវការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោត។ លោកក៏បានបន្ថែមថា យើងក៏ត្រូវផ្តល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅលើពិភពលោកដើម្បីរួមគ្នាប្រឆាំងនូវអំពើភេរវកម្មដែលកំពុងគម្រាមកំហែងពិភពលោក។ ជាមួយនឹងការប្រឆាំងភេរវកម្ម យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ដោយមិនចាំបាច់រង់ចាំបទបញ្ជានូវទង្វើណាក៏ដោយដែលប៉ុនប៉ងដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កងទ័ពអាចអព្យាក្រឹត្យបាន ត្រឹមតែរវាងបក្សនយោបាយ និងបក្សនយោបាយតែប៉ុណ្ណោះ ជាឧទាហរណ៍ យើងការពារគ្រប់បក្សនយោបាយ ដែលចូលរួមជីវភាពនយោបាយនៅកម្ពុជា។ ប៉ុន្តែគ្មានទេអាព្យាក្រឹត្យរវាងរាជរដ្ឋាភិបាល និងកម្លាំងបក្សនយោបាយផ្សេងនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការបង្កើតនូវកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលគ្រប់ថ្នាក់ គឺសំដៅដើម្បីការពាររដ្ឋ ដូច្នេះមិនត្រូវទុកឱ្យអ្នកណាមួយមកបំផ្លាញចោលរដ្ឋនោះទេ។ លោក​បន្ត​ថា​ ចាំឱ្យបាន ប្រទេសមួយចំនួន ដែលសម្រេចជោគជ័យនៃបដិវត្តន៍ពណ៌ គឺគេចាប់ផ្តើមពីការធ្វើអាព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ ប៉ុន្តែលោកយល់ស្រប ទៅលើបញ្ហាអាព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល តែរវាងបក្សនយោបាយ និងបក្សនយោបាយតែប៉ុណ្ណោះ ក៏ប៉ុន្តែរវាងបក្សនយោបាយជាមួយនឹងរដ្ឋ គឺគ្មានទេពាក្យ អាព្យាក្រឹត្យ មានតែវាយកម្ទេចចោលតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង