សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា កិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី កម្ពុជានឹងពង្រឹងទំនាក់ទំនងការបរទេសអោយកាន់តែរឹងមាំជាមួយប្រទេសនានាក្នុងតំបន់ នឹងជាមួយសហគមអន្តរជាតិ
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះផ្សាយនៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំអាស៊ាន អូស្ត្រាលីនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ខាងមុខនេះ បានសម្តែងនូវ សុទិដ្ឋិនិយមថា កិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី កម្ពុជានឹងពង្រឹងទំនាក់ទំនងការបរទេសអោយកាន់តែរឹងមាំជាមួយប្រទេសនានាក្នុងតំបន់ នឹងជាមួយសហគមអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកយ៉ាងដូច្នេះថា៖
អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរ និងកំសាន្តសប្បាយក្នុងពិធីបុណ្យទន្លេកាលពីម្សិលមិញនៅតាខ្មៅ ខេត្តកណ្តាល។ ក្រោយពីសង្រ្គាម គឺយើងមានឱកាសកសាងនិងរៀបចំឡើងវិញនូវតំបន់រមណីយដ្ឋានធម្មជាតិ វប្បធម៍ ប្រវត្តិសាស្រ្ត និងអេកូទេសចរណ៍ជាច្រើននៅទូទាំងប្រទេស ដើម្បីអោយក្មួយៗជំនាន់ក្រោយបានស្គាល់ ស្រឡាញ់ នឹងចូលរួមការពារសម្បត្តិធម្មជាតិអោយនៅគង់វង្ស។ ទន្ទឹមនឹងនេះ គឺដើម្បីទាក់ទាញទេសចរមកទស្សនាកម្ពុជាអោយកាន់តែច្រើនឡើងៗ។
ខ្ញុំសូមជូនរូប១សន្លឹកថតនៅឆ្នាំ ១៩៨៦ ដែលក្នុងរូបនេះ គឺមានរូបឪពុកខ្ញុំ ភរិយា កូនៗ និងសហការីដូចជាបង យឹត គឹមសេង។ កម្ពុជាទម្រាំមានថ្ងៃនេះ គឺយើងបានខិតខំខ្លាំងណាស់ ជាពិសេស កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយសហគមអន្តរជាតិ។
នៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលី ដើម្បីពង្រឹងទំនាក់ទំនងការបរទេសអោយកាន់តែរឹងមាំជាមួយប្រទេសនានាក្នុងតំបន់ នឹងជាមួយសហគមអន្តរជាតិ។ខ្ញុំសង្ឃឹមថានឹងបានជួបជុំសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលីផងដែរ។
ជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស សូមបានសប្បាយរីករាយនៅថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា៕