កម្ពុជា-រុស្សី មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ខណៈពេលកម្ពុជាជួបការ លំបាកបំផុតបន្ទាប់ពីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយប្រតិភូរុស្ស៊ី ដឹកនាំដោយលោក អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ (LIYAS UMAKHANOV) អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទីក្រុងសៀមរាប ខេត្តសៀមរាប។ លោក អ៊ីលីយ៉ាស់ បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទទួល ស្វាគមន៍ យ៉ាងរាក់ទាក់ ចំពោះប្រតិភូរុស្ស៊ី ក្នុងពេលធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំសមាជិក សភាស្រ្តី នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក (APPF)។
លោក អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ បានសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ ចំពោះកម្មវិធី ACC និង APPF។ លោក បានបញ្ជាក់ថា នៅរុស្ស៊ីសម្រាប់ឆ្នាំ២០១៩នេះ បានចាត់ទុកថា គឺជាឆ្នាំវប្បធម៌របស់កម្ពុជា ក្នុងន័យនេះប្រតិភូរបស់លោក នឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ឆ្នាំវប្បធម៌កម្ពុជានៅរុស្ស៊ីនេះ ទទួលបានជោគជ័យ ហើយក៏ជាការរួមចំណែកដល់ការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូន ចំពោះលោក អ៊ីលីយ៉ាស់ និងប្រតិភូដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ ACC និង APPF។ លោក ក៏បានមានប្រសាសន៍ផងដែរថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី នេះ គឺត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ។ ជាងនេះទៀត លោក ក៏បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងជា ប្រវត្តិសាស្រ្ត មានជាយូរលង់ណាស់មកហើយ ហើយជាពិសេសរុស្ស៊ី បានជួយដល់កម្ពុជានៅពេលដែលកម្ពុជាជួបការពិបាកបំផុតនៅពេលដែលកម្ពុជាទើបបានរំដោះចេញពីរបប ប៉ុល ពត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រុស្ស៊ីក៏បានបន្សល់នូវ ស្នាដៃប្រវត្តិសាស្ត្រជាច្រើនដែរ ដូចជាមន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ហើយរុស្ស៊ីក៏បានជួយដល់កម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលបានបណ្ដុះបណ្ដាលនៅរុស្ស៊ី គឺសព្វថ្ងៃនេះ បានបម្រើការងារជួយដល់កម្ពុជាធ្វើឱ្យកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ លោក ក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ី ដែលបានជួយលើ វិស័យផ្សេងៗទៀតជាច្រើន ហើយក៏បានជូនពរដល់ប្រតិភូឱ្យទទួលបាន ជោគជ័យក្នុងការស្នាក់នៅ ក៏ដូចេជាពេលវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញ ផងដែរ៕